ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្ដា​សង្កាត់​ទាំងអស់ ​ត្រូវ​សហការ និង​ពង្រឹងសមាជិក​បក្ស​ឲ្យ​បាន​រឹងមាំ​ ទើប​យើង​ទទួលបាន​ជោគជ័យ​បន្តទៀត

​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្តា​សង្កាត់​ទាំងអស់​ក្នុង​ខណ្ឌ​ព្រែកព្នៅ ត្រូវ​បន្ត​សហការ និង​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ពិសេស​ត្រូវ​ពង្រឹង ប្រធាន អនុប្រធាន​សាខា​បក្ស ក្រុម​បក្ស សមាជិក​បក្ស​ ឲ្យ​បាន​រឹងមាំ ​និង​ឲ្យ​ពួកគាត់​ស្វែងយល់ឲ្យ​បានស៊ីជម្រៅ ពី​សភាពការណ៍​វិវឌ្ឍ​របស់​ស្រុកទេស​នាពេល​បច្ចុប្បន្ន ទើប​អាច​ជំរុញសកម្មភាព​ការងារ រួមនឹង​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។​

​ក្រុមការងារ​ទាំងអស់ ​ត្រូវ​បណ្តុះបណ្តាល និង​ចងក្រង​យុវជន​ ដែល​គ្រាប់​អាយុបោះឆ្នោត​នា​ឆ្នាំ​ ២០១៨ ​ខាងមុខ ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ហើយ​ឲ្យពួកគាត់​យល់​ពី​គោលនយោបាយ​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែជួយ​យុវជន​ជា​រៀង​រហូតមក​។ ទាំងនេះ ​គឺជា​ការលើកឡើង​របស់​លោក សុខ សម្បត្តិ ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌ​ព្រែក​ព្នៅ នៅក្នុង​ពិធីផ្សព្វផ្សាយ​លទ្ធផល ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​កណ្តាល​ គណ​បក្ស​ប្រជាជន​កម្ពុជា បើកទូលាយ​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​លោក​បន្តថា ​លទ្ធផលបោះឆ្នោត​កន្លងមកយើង​ឈ្នះ​មែន ប៉ុន្តែ​យើង​បាន​បាត់អស់ជាច្រើន​អាសនៈ​។ ហើយ​លទ្ធផល​ទាំងនេះ​ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​អសកម្ម ដែល​បានកើត​ឡើង​ក្នុងពេល​កន្លងមក​។ ដូចនេះ​ ដើម្បី​ទទួលបាន​ការគាំទ្រ​ និងទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​កុះករ​ឡើងវិញ យើង​ត្រូវធ្វើ​ការកែលំអរ​នូវចំណុច​ដែល​ខុសឆ្គង ដោយ​ត្រូវ​យកចិត្តទុកដាក់លើ​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ កុំ​ទុក​ឲ្យ​មាន​បញ្ហា​អូស​បន្លាយ​យូរ ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់ មិនត្រូវ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​។

​ប្រធាន​គណៈ​ធម្មាធិការ​បក្ស​ខណ្ឌ​រូបនេះ បាន​បន្ដថា ក្នុង​ពិធី​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ គឺក្នុង​គោលបំណង​ពង្រឹង​ការងារ​គណបក្ស​ថ្នាក់មូលដ្ឋានឲ្យ​បាន​រឹងមាំ​ ដើម្បីឆ្ពោះទៅការងារ​បោះឆ្នោតនាពេលខាងមុខ​ ឲ្យ​ទទួលបាន​ជោគជ័យ​។ ហើយចាប់ពីពេលនេះ​ទៅ ​សូម​ឲ្យ​ប្រធាន​បក្ស​ថ្នាក់មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ដល់សមាជិក សមាជិកា​បក្ស​ថ្នាក់មូលដ្ឋាន​ អនុវត្ត​គោលនយោបាយ​របស់​គណ​បក្សប្រជាជន​កម្ពុជា ឲ្យ​បានល្អ​ប្រសើរ មិនត្រូវ​បណ្តែតបណ្តោយ​ដូច​មុន​ទៀតឡើយ​។​

​ក្នុងនោះ​ផងដែរ​ លោក​ សុខ សម្បត្តិ ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ខណ្ឌ​ បាន​ជំរុញ​ឱ្យ សមាជិក​ សមាជិកា របស់ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់ ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល​ជាមួយប្រជាពលរដ្ឋ ពិសេស​ស្វែងរក​ព័ត៌មាន​ ដែលជា​តម្រូវការ និង​សំណូមពរចាំបាច់​របស់ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម ដើម្បី​យក​បញ្ហា​ទាំងនោះ មកពិភាក្សា ដោះស្រាយ ​និង ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​របស់ខ្លួន​។

​ជាងនេះទៅទៀត ​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ពិសេស​ត្រូវពង្រឹង ប្រធាន អនុប្រធាន​សាខា​បក្ស ក្រុម​បក្ស ឲ្យ​បាន​រឹងមាំ ​និង​ឲ្យ​ពួកគាត់ស្វែងយល់​ឲ្យ​បានស៊ីជម្រៅ ពី​សភាពការណ៍​វិវឌ្ឍ​របស់​ស្រុកទេស​នាពេលបច្ចុប្បន្ន ទើប​អាច​ជំរុញសកម្មភាព​ការងារ រួម​ទទួលបាន​ជោគជ័យទាំងអស់គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684