ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក ​ទទួលមរណភាព​ ក្នុងប្រទេស​អ៊ីស្រាអែល ​នៅ​អាយុ​ ១១៣​ឆ្នាំ​

​អ្នក​នៅរស់​រាន​ពី​ការសម្លាប់​រង្គាល​ជនជាតិ​អ៊ីស្រាអែល ​លោក Yisrael Kristal ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness World Records ថា​ជា​បុរស​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ​គឺ​បានទទួល​មរណភាព​ហើយ ​កាលពី​ថ្ងៃ​សុក្រ ​នៅ​អាយុ​ ១១៣​ឆ្នាំ​។​

គេហទំព័រ Haaretz បាន​រាយការណ៍​ថា “​លោក Yisrael Kristal បានទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ​ដែលមាន​រយៈពេល​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​មុន​ខួបកំណើត​គម្រប់ ១១៤​ឆ្នាំ​របស់គាត់​”​។​

ចំណែក​គេហទំព័រ Ynet បាន​និយាយថា គាត់​មានកូន​ពីរ​នាក់ ចៅ​ ៩​នាក់​ និង​ចៅទួត​ ៣២​នាក់​។​

មហាសន្និបាត​ជ្វី​ហ្វ​ពិភពលោក​ បាន​កត់​ប្រកាស​ពី​ការស្លាប់​របស់គាត់​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​លើ​បណ្តាញ​សង្គម Twitter ។​

សន្និបាត​នេះ​បាន​បង្ហោះ​ថា “​លោក Yisrael Kristal ដែលជា​អ្នក​នៅរស់​ពី​ការសម្លាប់​រង្គាល Holocaust គឺជា​បុរស​ដែលមាន​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​។ លោក Yisrael បានទទួល​មរណភាព​នៅថ្ងៃនេះ​”​។​

លោក Kristal បានកើត​នៅ​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ​១៩០៣​។ កំណត់ត្រា​ពិភព Guinness World Records បានទទួល​ស្គាល់​គាត់​ថា​ជា​បុរស​ដែលមាន​អាយុ​ចាស់​ជាងគេ​នៅលើ​ពិភពលោក​ក្នុង​ខែមីនា ​ឆ្នាំ ២០១៦​។​

បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ លោក Kristal បាន​ផ្លាស់​ទៅ​តំបន់ Lodz ជា​កន្លែង​ដែល​គាត់​បានធ្វើការ​នៅក្នុង​រោងចក្រ​ដំណាប់​មួយ​ហើយ​បាន​រៀបការ​ហើយដោយ​មានកូន​ពីរ​នាក់​។​

ប៉ុន្តែ​ជីវិត​របស់គាត់​ត្រូវបាន​រំខាន​នៅពេលដែល​ជនជាតិ​ជ្វី​ហ្វ​ ត្រូវ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ពួក​ណា​ហ្ស៊ី​អំឡុង​សង្គ្រាមលោកលើកទី​២​ ហើយ​លោក Kristal ត្រូវបាន​បញ្ជូនទៅ​ជំរំ​មរណៈ Auschwitz-Birkenau របស់​ពួក​ណា​ហ្ស៊ី​។​

មនុស្ស​ប្រមាណ​ ១.១​លាន​នាក់​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ជនជាតិ​ជ្វី​ហ្វ​នៅ​អឺរ៉ុប​គឺ​បាន​ស្លាប់​នៅក្នុង​ជំរំ​នេះ​ចន្លោះ​ឆ្នាំ​១៩៤០​ ដល់​ឆ្នាំ​១៩៤៥ ​មុនពេល​ដែល​វា​ត្រូវបាន​រំដោះ​ដោយ​កងកម្លាំង​សូ​វៀត​៕ AFP