ព័ត៍មានទាន់​ហេតុការណ៏
Search

​ឥណ្ឌូ​នេ​ស៊ី ចាប់ខ្លួន​អ្នក​ជ្រើសរើស​កងកម្លាំង​ទៅធ្វើ​ការឡោមព័ទ្ធ​ហ្វីលីពីន​

​ប៉ូលិស​ឥណ្ឌូ​នេស៊ីកាលពី​ថ្ងៃ​សុក្រ​ កន្លងទៅនេះ បាន​ចាប់ខ្លួន​អ្នក​ជ្រើសរើស​កងកម្លាំង​ និង​អ្នកប្រមូល​រៃអង្គាសប្រាក់ ​ឲ្យ​ទៅ​ក្រុម​សកម្មប្រយុទ្ធ​ស្មោះស្ម័គ្រ នឹង​ក្រុម IS ដែល​ជាប់​នៅក្នុង​សមរភូមិ​បង្ហូរឈាម​មួយ​ ដើម្បី​គ្រប់គ្រង​កាន់កាប់​ក្រុង Marawi ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន​។​

​មាន​មនុស្ស​ដល់​ទៅជិត ​៧០០​នាក់ ហើយ​ក្នុងនោះ​មាន​ ១២០​នាក់​ជា​ទាហាន ត្រូវ​សម្លាប់​នៅក្នុង​ជម្លោះ បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​មាន​សម្ព័ន្ធភាព​បាន​បើក​ការវាយលុក​យ៉ាង​គឃ្លើន​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​របស់​ហ្វីលីពីន មួយ​កាលពី​ថ្ងៃទី​២៣ ខែឧសភា​ នោះ​។​

​កងទ័ព និង​ប៉ូលិស​ហ្វីលីពីន​នៅ​ពុំ​ទាន់ ​បាន​ដណ្តើម​កាន់កាប់​មកវិញ បាន​ក្រុង Marawi ទាំងមូល​នោះទេ គឺជា​ក្រុង​មួយ​ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ ​២០០.០០០​នាក់ ដោយសារតែ​មានការ​វាយ​ប្រយុទ្ធ​ស៊ី​សាច់​ហុតឈាម​នៅ​កណ្តាល​ទីក្រុង​នោះ តែម្តង​។

​បុរស​ដែល​ត្រូវ​ទទួលរង​ការចាប់​ឃុំខ្លួន​នោះ ស្ថិត​នៅឯ​កន្លែង​រស់នៅ​ហៅថា “a residential Complex” នៅឯ​ជាយក្រុង​ហ្សា​ការ​តា​នោះ ត្រូវបាន​គេ​ជឿថា ជា​សមាជិក​មួយរូបរ​បស់​ក្រុម JAD (Jemaah Ansharut Daulah) ជា​ក្រុម​រ៉ា​ឌី​កាល់​ឥណ្ឌូ​នេ​ស៊ីមួយ​ ដែល​បាន​សច្ចា​ស្មោះស្ម័គ្រ​នឹង​ក្រុម IS ។ នេះ​ជាការ​លើកឡើង​ពី​នាយ​អគ្គ​អធិការ​ជា​អ្នកនាំពាក្យ​របស់​ប៉ូលិស​លោក Setyo Wasito ។ លោក​បាន​ប្រាប់ថា បុរស​នោះ​ស្វែងរក​មនុស្ស​ដើម្បី​បញ្ជូនទៅ​ក្រុង Marawi និង​ស៊ីរី​។ នេះ​ជាការ​លើកឡើង​ក្នុង​អត្ថបទ​សារ​មួយ​របស់លោក Setyo ប្រាប់​ដល់​រ៉​យ​ទ័​រ​។ តើ​ការជ្រើសរើស​បាន​ប៉ុន្មាន​នាក់​ហើយ គឺ​នៅ​ពុំទាន់​ច្បាស់លាស់​ទេ​។​

​ប៉ូលិស​ក៏បាន​សង្ស័យ​ផងដែរ​ថា បុរស​នោះបាន​រៃអង្គាសប្រាក់​សម្រាប់​ជា​មូលនិធិ​ដល់​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​។​

​បណ្តា​ប្រទេស​នៅ​តំបន់​អា​ស៊ី-​អាគ្នេយ៍​បាន​សន្យាថា នឹង​បង្កើន​ការអនុវត្ត​ច្បាប់ ​និង​មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ចារកម្ម​ដើ​ម្បី​ប្រយុទ្ធ​នឹង​ការកើនឡើង​នូវ​ការគំរាមកំហែង​នៃ​អំពើហិង្សា​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម​ក្នុងពេល​មានការ​កម្រើក​ឡើង​នៃ​ការឡោមព័ទ្ធ​យក​ក្រុង Marawi នោះ៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684