ព័ត៍មានទាន់​ហេតុការណ៏
Search

រូបសំណាក​ព្រះ​ចិន​ បង្កើន​ភាព​តានតឹង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​

​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ជំរុញ​ឲ្យ​ក្រុមមន្ត្រី​ក្រោកឈរឡើង ​ដើម្បី​តស៊ូ​នឹង​សម្ពាធ​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​មូស្លីម​ និង​អ្នក​ជាតិនិយម​ បាន​អំពាវនាវ​ឲ្យ​កម្ទេច​រូបសំណាក​ចិន​កម្ពស់ ​៣០​ម៉ែត្រ​ ដែល​បាន​កសាងឡើង​នៅក្នុង​បរិវេណ​ប្រាសាទ​មួយ​នៅ​ក្រុង East Java ។​

បដិមា Guan Yu ដែលជា​មេទ័ព ​និង​ត្រូវបាន​គោរព​ដោយ​ជន​ជាតិចិន​មួយចំនួន​គឺ​ត្រូវបាន​សម្ពោធ​កាលពី​ខែកក្កដា ​ក្នុង​បរិវេណ​ប្រាសាទ​មួយ​នៅ​ទីប្រជុំជន Tuban ហើយ​ត្រូវបាន​គេ​អះអាងថា​ជា​រូ​ប​បដិមា​ខ្ពស់បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

រូបសំណាក​ស្ថិតនៅ​តំបន់ Tuban ដែលមាន​ចម្ងាយ​ប្រហែល ​១០០​គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​នៃ​ទីក្រុង Surabaya មួយ​នេះ​គឺ​ត្រូវបាន​គេ​គ្រប​ បន្ទាប់ពី​មានការ​តវ៉ា ​និង​ការ​សើចចំអក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងប្រទេស​ ដែលមាន​ជន​មូស្លីម​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​មួយ​នេះ​។​

លោក Teten Masduki នាយអគ្គសេនាធិការ​រ​បស់​លោក​ប្រធានាធិបតី Joko Widodo បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ប្រសិនបើ​ពួកគេ​ស្នើសុំ​ឲ្យ​កម្ទេច​រូបសំណាក​នេះ អាជ្ញាធរ​គឺ​មិនអាច​ទប់ទល់​នឹង​សម្ពាធ​បែបនេះ​បានឡើយ​”​។​

បាតុករ​បាននាំគ្នា​តវ៉ា​ក្នុង​សប្តាហ៍​នេះ​នៅ​ខាងក្រៅ​សភា​របស់​ទីក្រុង Surabaya ប្រឆាំងនឹង​រូបសំណាក​នេះ​ ដោយមាន​អ្នកខ្លះ​ស្លៀក​សំលៀកបំពាក់​ បែប​យោធា ​និង​គ្រវី​ផ្ទាំង​ក្រដាស​ដែល​សរសេរថា “​កម្ទេច​វា​ទៅ​” និង “​យើង​មិនមែនជា​អ្នក​គោរពបូជា​និមិត្ត​រូបនេះ​ទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​នៅ​ប្រាសាទ Kwan Sing Bio ក្នុង​តំបន់ Tuban បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ដកស្រង់​សម្តី​អ្នកស្រុក​ ដែល​បាន​និយាយថា រូបសំណាក​នេះ​គឺ​ល្អ​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍​។​

ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​រដ្ឋ​មិនមាន​សាសនា​ដែល​រដ្ឋធម្មនុញ្ញ​បានចែង​អំពី​សេរីភាព​ខាង​សាសនា​ និង​ភាព​ចំរុះ​គ្នា​ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា ការកើនឡើង​នូវ​ភាពមិន​អត់ឱន​ឲ្យ​គ្នា​គឺ​បាន​គំរាមកំហែង​ដល់​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​សម្រាប់​ពួក​ឥស្លាម​ដែល​និយម​កណ្តាល​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684