ព័ត៍មានទាន់​ហេតុការណ៏
Search

តារាចម្រៀង​កូនភ្លោះ ស៊ិន សុភា ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បាក់ជើង​ខាងឆ្វេង

​ភ្នំពេញ ៖​ តារាចម្រៀង​កូនភ្លោះ​ លោក ស៊ិន សុភា ថ្មីៗ​នេះ​បាន​ជួប​រឿង​ស៊យដោយនឹកស្មាន​មិន​ដល់​ ខណៈ​​ត្រូវមក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ពេលកំពុងធ្វើដំណើរ​តាមផ្លូវ​ បណ្តាល​ឲ្យ​ដួល​បាក់ជើង​ខាងឆ្វេង​ម្ខាង ត្រូវបានបញ្ជូន​ចូលសម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ អស់រយៈពេល​មួយ​សប្តាហ៍​មកហើយ​។

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន លោក ស៊ិន សុភា បាន​និយាយថា ​កាលពី​ប៉ុន្មានថ្ងៃមុន​នេះ ​លោក​បាន​ជួប​រឿង​ស៊យ ដែល​ត្រូវ​មកជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ដួល​បាក់ជើង​ម្ខាង ​និងត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជិត​មួយសប្តា​ហ៍​មកហើយ​។​ ប៉ុន្តែ​ពេលនេះ ​ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​​អនុញ្ញាត​ឲ្យ​វិលត្រឡប់មកផ្ទះ​វិញ​ហើយ​ បន្ទាប់ពី​អាកា​រៈ​មុខរបួស​មាន​សភាព​ធូរស្បើយ​ខ្លះ​ហើយនោះ​។

​តារាចម្រៀង​ទើប​មានឈ្មោះ​ល្បី​បណ្តើរៗ​លើ​វិថី​សិល្បៈ​ លោក ស៊ិន សុភា បាននិយាយ​បន្តទៀតថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​កើតឡើង​អំឡុង​ម៉ោង​៩ ​និង​៣០នាទី​ព្រឹក ​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ ​ស្ថិតនៅ​ម្តុំ​ទួលគោក​ ប៉ុន្តែ​ក្រោយពេល​បង្កហេតុ​ ភាគី​ដែល​ជិះ​មក​បុក​ម៉ូតូ​របស់​លោក​ ក៏បាន​លើក​យក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ ដោយ​ពុំ​បាន​នៅ​ដោះស្រាយ​សំណង​នោះ​ឡើយ​។

សូមបញ្ជាក់ថា ​តារាចម្រៀង​កូនភ្លោះ​ គឺ​លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ គឺជា​បងបង្អូន​បង្កើត ​ដែល​បានកើត​ចេញពី​ផ្ទៃ​ម្តាយ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយគ្នា ​គ្រាន់តែខុសពេល​វេលា​បន្តិច​បន្តូច​តែប៉ុណ្ណោះ​។​ តារាចម្រៀង​ប្រុស​កូនភ្លោះ​ទាំងពីររូប លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ បច្ចុប្បន្ន​ក្រៅពី​មាន​អាជីព​ជា​តារាចម្រៀង​ក្នុងវិស័យ​សិល្បៈ ​អ្នក​ទាំងពីរក៏​ជា​មន្ត្រី​នគ​របាល ​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684