ព័ត៍មានទាន់​ហេតុការណ៏
Search

កូនក្រមុំ​បង់​ក្លា​ដេ​ស ​ធ្វើ​ឲ្យ​កក្រើក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

កូនក្រមុំ​បង់​ក្លា​ដេ​ស ​ដែល​បាន​បង្ហោះ​រូបភាព​របស់ខ្លួន ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ជាមួយនឹង​ការពាក់​ក្រណាត់​សារី​របស់​ជីដូន​របស់​អ្នកស្រី​ ដោយ​មិនមាន​ការតុបតែង ឬ​គ្រឿងអលង្ការ​បាន​បង្ក​ឲ្យ​មាន​ការជជែក​ដេញដោល​គ្នា​ យ៉ាង​ក្តៅគគុក​ អំពី​ការចំណាយ​ប្រាក់​ច្រើន​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​ប្រទេស​ក្រីក្រ។​

អ្នកស្រី Tasnim Jara ដែលជា​អ្នក​សប្បុរសធម៌​ផ្តល់​ការថែទាំ​សុខភាព​ដល់​ជនក្រីក្រ​បាន​និយាយថា អ្នកស្រី​ចង់​ប្រកួតប្រជែង​ជាមួយ​ទិដ្ឋភាព​ដែលថា កូនក្រមុំ​ត្រូវតែ​ស្លៀក​ពណ៌​មាស​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង។​

អ្នកស្រី​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវបាន​គេ​ចុច​ចូលចិត្ត (Like) ជាង ៩១,០០០ នាក់ ហើយ​បាន​ចែករំលែក (Share) ជិត ២៤,០០០ ដង​កាលពី​ថ្ងៃ​សុក្រ​ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ត្រូវការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​” ។​

“​ក្មេងស្រី​ម្នាក់​មិនគួរ​ត្រូវការ​លាប​ពណ៌​ស ពាក់​ខ្សែក​មាស​នៅ​លលាដ៍ក្បាល ឬ​ក្រណាត់​សារី​ថ្លៃៗ​ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ថា ​ជា​កូនក្រមុំ ឬ​ដើម្បី​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ជឿជាក់​” ។​

អ្នកស្រី Jara បាន​និយាយថា អ្នកស្រី​បាន​ប្រឈម​នឹង​ការជំទាស់​ពី​ការជ្រើសរើស​របស់​អ្នកស្រី​ដែល​រាប់បញ្ចូល​ទាំង​សាច់ញាតិ​មួយចំនួន​ដែល​អ្នក​ទាំង​នោះបាន​បដិសេធ​មិន​ថតរូប​របស់​ពួកគេ​ជាមួយ​អ្នកស្រី​ឡើយ ។​

អ្នកស្រី​បាន​និយាយថា “​ខ្ញុំ​មានការ​ព្រួយបារម្ភ​ពី​រូបភាព​របស់​កូនក្រមុំ​ដែល​សង្គម​របស់​យើង​មានដូចជា ការតុបតែង សំលៀកបំពាក់ និង​គ្រឿងអលង្ការ​ជាច្រើន​ផ្សេងទៀត​” ។​

ការ​បង្ហោះ​នេះ​បាន​បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​ក្នុងប្រទេស​ភាគច្រើន​នៃ​ប្រជាជន​កាន់សាសនា​ឥស្លាម ខណៈដែល​ក្រុមគ្រួសារ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ​អាពាហ៍ពិពាហ៍​ដែលជា​រឿយៗ​ពួកគេ​បាន​ជំពាក់​បំណុល​ជាច្រើន​ឆ្នាំ​មកហើយ។​

អ្នកអាន​ម្នាក់​បាន​និយាយថា អ្នកស្រី Jara មិនមាន​សិទ្ធិ​រិះគន់​អ្នកដទៃ​ដែល​ចង់​ចំណាយ​ប្រា​ក់លើ​ការតុបតែង និង​គ្រឿងអលង្ការ​ឡើយ។​

ប៉ុន្តែ​ភាគច្រើន​នៃ​មតិយោបល់​ចំនួន ១,៤០០ ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក បាន​ជំរុញ​ឲ្យ​មានការ​គាំទ្រ​បញ្ហា​នេះ។​ អ្នកអាន​ម្នាក់ទៀត​បាន​និយាយថា “​នេះ​ជា​ជំហាន​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​ក៏​ស្អប់​វប្បធម៌​នោះដែរ​” ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684