ព័ត៍មានទាន់​ហេតុការណ៏
Search

ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​រយៈពេល​៤​ថ្ងៃ

​ភ្នំពេញ ៖ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ Thailand Products Expo 2017​ លើក​ទី​២ នឹងធ្វើ​ឡើងនៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ ​រយៈពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​១៧-២០ ខែសីហា​ ឆ្នាំ២០១៧​ ដោយមាន​ក្រុមហ៊ុន​ថៃចូលរួម​ចំនួន​ ២០០ ​និង​មាន​ស្តង់​ដាក់លក់​ទំនិញផលិតផល​ថៃ​ចំនួន​ ២៥០ ​ស្តង់​។

​​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំខេត្ត​សៀមរាប​ បានថ្លែងប្រាប់​នៅក្នុង​សន្និសីត​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ​២០១៧​ នៅភោជនីយដ្ឋាន​ឫស្សី​គុជ ថា ការរៀបចំពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ Thailand Products Expo 2017 ​លើក​ទី​២ នេះ​ឡើង ​ដោយសារតែកត្តាសេដ្ឋកិច្ច​កម្ពុ​ជា មាន​ភាព​រីកចម្រើន និង​ម្យ៉ាងទៀត​ ដោយមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ លើ​ផលិតផល​ថៃនាពេល​កន្លងមក​។​ មិនតែប៉ុណ្ណោះ​ ក៏​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ​ដែលជាផលិតផល​មានគុណ​ភាពល្អ តម្លៃ​សមរម្យ​។

​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បាន​បន្តថា សម្រាប់​ពិព័រណ៍​លើក​នេះ ​ផ្តោត​សំខាន់លើ​ផលិតផល​ខ្នាតតូច​ និង​មធ្យម (SME)​ មកពី​ខេត្ត​ចាន់​បុរី ១០០​ក្រុមហ៊ុន​ និង ១៥០​ទៀត ​គឺជា​ផលិតផល​មកពី​ក្រុង​ថែប ​និង​បណ្តា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ថៃឡង់​ដ៍ ដែលមាន​គុណភាព​សុទ្ធ​ ១០០ភាគរយ។​ លោកស្រី​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ទៀតថា តាម​ការគ្រោងទុក​នោះ ​នៅ​ថ្ងៃ​បើក​ពិព័រណ៍ពាណិជ្ជ​កម្មនេះ ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​អភិបាល​នៃខេត្ត​ចាន់​បុរី​ ផងដែរ​។ ​លោកស្រី​សង្ឃឹមថា បងប្អូន​ប្រជាជន​កម្ពុជា​ នឹង​នៅតែ​បន្តការគាំទ្រ​ផលិតផល​ថៃ​បន្ថែមទៀត​។

​​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ Thailand Products Expo 2017​ លើក​ទី​២​ ផលិតផល​ដែល​ចូលរួម​តាំង​លក់​មានដូចជា​ ផលិតផល​ទំនិញ​ OTOP​ ថៃ, សម្ភារៈ​ធ្វើ​អំពី​ស្បែក និង​ស្បែកជើង, សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ និង​សម្ភារៈ​ផ្ទះបាយ, ម្ហូបអាហារ, សំលៀកបំពាក់ ​និង​វាយនភណ្ឌ, គ្រឿងសម្អាង​ សុខភាព ​និង​សម្ផស្ស, សម្ភារៈ​សំណង់ និង​គ្រឿងបន្លាស់​ម៉ា​ស៊ី, សម្ភារៈ​អគ្គីសនី ​និង​អេឡិចត្រូនិក និង​ទំនិញ​ថ្មីៗ​ជាច្រើនទៀត​។ ការបើក​ពិព័រណ៍​ចូល​ទស្សនា​ដោយ​សេរី​ នឹងធ្វើ​ឡើង​ចាប់ពី​ម៉ោង ​៩ព្រឹក​ រហូតដល់​ម៉ោង១០​យប់ រួម​ជាមួយនឹង​ការ​ប្រគំតន្ត្រី​ពី​សំណាក់​តារាចំរៀង​ល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684