ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​កម្ពុជា​ ចាប់អារម្មណ៍​ប្រឡង​ចូល​បម្រើ​ការងារ ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​កាន់តែច្រើន​ឡើងៗ

ភ្នំពេញ ​៖​ បច្ចុប្បន្ន​ យុវជន​ខ្មែរ​ចាប់អារម្មណ៍​ប្រឡង​ចូល​បម្រើ​ការងារ​ ក្នុង​ក្របខ័ណ្ឌ​រដ្ឋកាន់តែច្រើន​ឡើងៗ ​ដោយសារតែ​បច្ចុប្បន្ន​ ការងារ​របស់​រដ្ឋ​មាន​តម្លៃ មាន​ប្រាក់បៀវត្សរ៍សមរម្យ​ និង​ធ្វើការ​មិនសូវមាន​គំនាប​ដូច​វិស័យ​ឯកជន​។

​លោក ឈឹម ឃួន រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូលរួម​ប្រឡង​យក​ក្របខ័ណ្ឌមន្ត្រីរាជការ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃទី​១១ សីហា ​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​ព្រះកុសុមៈ ​ឲ្យ​ដឹងថា ​ការដែល​លោកសម្រេចចិត្ត​ដាក់ពាក្យ​ចូលរួម​ប្រឡង​ក្របខ័ណ្ឌ​ក្រសួង​ការងារ​នេះ ​ដោយសារតែ​រាជរដ្ឋាភិបាល ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ​ចំពោះ​មន្ត្រី​រាជ​ការគ្រប់លំដាប់​ថ្នាក់ ​ដោយបាន​ដំឡើង​ប្រាក់បៀវត្សរ៍​ជា​បន្តបន្ទាប់​ ដើម្បី​លើកស្ទួយដល់​ជីវភាព​មន្ត្រីរាជការរស់នៅ​បាន​សមរម្យ​ ហើយ​ពេល​ចូលនិវត្តន៍ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ទៀតផង​។

​​ចំណែក​ប្អូនស្រី សុ ភី​រ៉ា មកពី​ខេត្តស្វាយរៀង ​ដែល​បានដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​ការងារ​ដែរនោះ​ បាន​ឲ្យ​ដឹងថា​ ការដែល​ប្អូន​សម្រេចចិត្ត​ចូលរួម​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​នេះ ​ដោយសារតែ​ប្អូន​ចង់​ធ្វើ​ការងារ​រដ្ឋ​ មាន​ភាពងាយស្រួលជាង​ធ្វើការ​នៅ​ឯកជន ​ដូចជា​ មានការ​ឈប់សម្រាក​តាមច្បាប់​ការងារ និង​មានការ​ថែទាំ​សុខភាព​តាម​របប​សន្តិសុខ​សង្គម​។​ ជាមួយគ្នានេះ​ទៀត ​បច្ចុប្បន្នការប្រលង​ចូល​ក្របខ័ណ្ឌ​រដ្ឋ ​អនុវត្ត​ដោយមាន​ភាព​យុត្តិធម៌​ មិន​ពុករលួយ​ មិន​ប្រកាន់​បក្សពួក​ដូច​លើក​មុនៗ​ទេ ​ព្រោះ​មានការ​ត្រួតពិនិត្យ​ពី​អង្គភាព​ប្រឆាំងអំពើពុករលួយ​។

​លោក ចាប ឬ​ទ្ធី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង ​បាន​មានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ ​ក្រសួង​ការងារ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​ តែ​ ២៨​នាក់​ទេ​ តែមានបេក្ខជន​ចូលរួម​ប្រឡង​រហូតដល់​ទៅ​ ១៧៤៦​នាក់​ ពោល គឺ​បេក្ខជន​ម្នាក់​ត្រូវប្រកួតប្រជែង​ជាមួយ​បេក្ខជន ​៦៣​នាក់​ផ្សេងទៀត​ ដើម្បី​ទទួលបាន​ក្របខ័ណ្ឌ ខណៈ​កាលពី​ឆ្នាំមុន​ជ្រើសរើស​ ១០៥​នាក់​ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ៣០៣៦​នាក់​។ លោក​បាន​បន្តថា ​ក្នុងចំណោម ​២៨​នាក់​ មាន ​៦​នាក់សម្រាប់​បម្រើ​ការងារ​ថ្នាក់កណ្តាល​ និង​ ២២​នាក់​ទៀត ​នៅ​ថ្នាក់​ខេត្ត​។

​គួរ​បញ្ជាក់ថា​ ការជ្រើសរើស​បេក្ខជន ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឆ្នាំ​២០១៧​នេះ​ ធ្វើឡើង​ស្របទៅតាមសេចក្ដីប្រកាស​ របស់ក្រសួង​មុខងារសាធារណៈ ដើម្បី​យកទៅ​ជំនួស​មន្ត្រី​វ័យចាស់​ដែល​ចូលនិវត្តន៍ មន្ត្រី​ឈប់​ពី​ការងារ​ និង​មួយចំនួនទៀត​បាន​ស្លាប់​ជាដើម​។​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684