ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ បុក​ម៉ូតូ​ បណ្ដាល​ឲ្យ​របួស​យុវតី​៣​នាក់

កណ្ដាល​ ៖ ​ ក្មេង​ស្រី​ចំនួន​បី​នាក់​ បាន​រង​របួស​បាក់ជើង​ ខ​ណៈ​ធ្វើដំណើរ​ដោយ​ម៉ូតូដល់​ផ្លូវបំបែកមួយ ក៏ត្រូវបាន​រថយន្តឆ្លង​ផ្លូវ​មិន​ប្រយ័ត្នបុក​ពេញទំហឹង​។

ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍ រ​វាង​រថយន្ត​ និង​ម៉ូតូ​ បណ្ដាល​ឲ្យ​របួសស្រីៗ​ ៣​នាក់ បាក់​កជើង​នោះ​ បានកើតឡើងនៅវេលា​ម៉ោង​០៩ ​និង ​៥០​នាទី​ព្រឹក ថ្ងៃទី​១២​ ខែសីហា ​ឆ្នាំ​២០១៧​ លើផ្លូវ​លេខ២០B​ ចំណុច​ផ្លូវបំបែក​ជា​បួន​ ភូមិ​ឈើ​នាង​ ឃុំ​គោកត្រប់​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​ បានបញ្ជាក់ថា រថយន្ត​ម៉ា​កនី​សាន់បែន​ ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ ចង្កូត​ស្ដាំ TK.0269 បើកបរ​ដោយ​ឈ្មោះ ម៊ុ​ត ចាន់​ធឿន ភេទ​ប្រុស ​អាយុ ៤៨​ឆ្នាំ​ នៅ​ភូមិធំ ​ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ​ចំណែក​ម៉ូតូ ម៉ាកនិច ពណ៌​ស ​ពាក់​ស្លាក​លេខ កណ្ដាល1P.4034 ​បើកបរ​ដោយ​ឈ្មោះ​ ប៉ុន​ឌី កញ្ញា​ពេជ្រ ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ​ នៅ​ភូមិព្រែករកា​ ឃុំ​ព្រែករកា ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល មាន​អ្នក​រួមដំណើរ​ ២​នាក់(ស្រី​) នៅ​ភូមិ​ឃុំ​ជាមួយគ្នា បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត។

សាក្សី​ឃើញ​ហេតុការណ៍​និយាយ​ថា ​នៅ​វេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ ​១​គ្រឿង ម៉ាក​និច ​ធ្វើដំណើរ​ពី​លិចទៅ​កើត​ បើក​ឌុប​គ្នា​ស្រីៗ​ចំនួន៣​នាក់ ​លុះ​មកដល់​ផ្លូវបំបែកជា​បួន​ ស្រាប់​តែ​មាន​រថយន្ត​បែន​ដឹក​ដី​ធ្វើដំណើរ​យ៉ាង​លឿន​ ទិសដៅពី​ជើងទៅ​ត្បូង ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​ពេញទំហឹង​តែម្តង​។​ សាក្សី​បន្តថា​ ជនរងគ្រោះ​ទាំង​ ៣នាក់​ ត្រូវបាន​សម​ត្ថកិច្ច​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ភ្នំពេញ​។​ ចំណែក​អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ នាំមក​សាកសួរ​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​។ ​ចំពោះ​ករណីនេះ ​សម​ត្ថកិច្ច​សន្និដ្ឋាន​ថា បង្កឡើង​ដោយ​រថយន្តឆ្លងផ្លូវ​កៅស៊ូ​មិន​ប្រយ័ត្ន​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684