ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹងប្រពន្ធ​មិន​ឲ្យ​លុយ​ផឹកស្រា​ ផ្ទុះ​ហិង្សា​លើក​ឆ្នាំងបាយ​កំពុងពុះ ​ចាក់​លើ​ក្បាលប្រពន្ធ​ បណ្តាល​ឲ្យ​រលាក​ពេញ​ផ្ទៃមុខ

កណ្តាល ៖ ​បុរស​ជា​ប្តី​ ត្រូវ​សម​ត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ​ធ្វើការ​ឃាត់ខ្លួន ​បន្ទាប់ពីបាន​ប្រើ​អំពើ​ហិង្សា​ ដោយលើក​ឆ្នាំ​ងបាយ​ដែល​កំពុងដាំពុះទៅ​ជះ​លើក្បាលប្រពន្ធ​ បណ្តាលឱ្យ​រលាក​រលួយ ​ដោយសារតែ​ការ​ញៀន​ស្រា​ និង​ល្បែង​។ ហិង្សា​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​របួស​នេះ បាន​កើតឡើងនៅថ្ងៃទី​១១ ខែសីហា ​ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦ និង០០​នាទី ​នៅ​ចំណុចទំនប់​៣៨ ក្នុងភូមិ​ព្រែកខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល​។

នគរបាល​ស្រុកកោះធំ ​បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃាង ឡា ភេទ​ស្រី អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរនេសាទ រងរបួស​ត្រង់​មុខ​ខាងស្ដាំ(​ប្រពន្ធ​)​។​ ចំណែកជនសង្ស័យ ឈ្មោះ ខ្លូន ខ្លុង ភេទ​ប្រុស​ (​ប្ដី​) អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ ភូមិ​ព្រែក​ខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរនេសាទ ​(​ប្តី​) ត្រូវ​ឃាត់ខ្លួន​។

​បើតាម​សាក្សី​ប្រាប់​សម​ត្ថកិច្ច​ថា ជនសង្ស័យ​ឈ្មោះ ខ្លូន ខ្លុង បាន​សុំ​លុយ​ប្រពន្ធ​(ជនរងគ្រោះ​) ចំនួន ៥,០០០៛ ទៅលេង​ល្បែង​បុក​ប៊ីយែ រួចហើយ​ផឹក​ស្រាស​ស្រវឹងជោកជាំនៅ​ទីនោះ។ លុះ​ដល់ពេល​កើតហេតុ​ខាងលើ ក្រោយពី​លេងល្បែងចាញ់ និង​ផឹកស្រា​អស់​លុយ​ផង​នោះ ជនសង្ស័យ​ក៏បាន​ត្រឡប់មក​ផ្ទះ​សុំលុយ​ប្រពន្ធ​ថែមទៀត ដោយ​ប្រពន្ធ​គ្មាន​លុយ​ឱ្យ ស្រាប់តែ​ជនសង្ស័យ​បានលើកឆ្នាំងបាយ​​នៅលើ​ចង្ក្រាន​(​ទើប​ជាត់​ទឹក​)​ទៅ​ចាក់​ដាក់​លើ​ក្បាល​ប្រពន្ធ បណ្ដាលឱ្យ​រងរបួស​រលាក​ពេញ​ផ្ទៃមុខ​ខាងស្ដាំ។ ក្រោយមក​ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង​ មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​លើកដែក​ ឱ្យជួយ​អន្តរាគមន៍។

នគរបាល​ប៉ុស្តិ៍​លើកដែក​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ភ្លាម កម្លាំងនគរបាល​ប៉ុស្តិ៍បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​នាំខ្លួនជនសង្ស័យ ខ្លូន ខ្លុង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684