ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​ឡាវ យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ក្នុង​ខេត្តស្ទឹងត្រែង

ភ្នំពេញ ​៖ នៅ​ទីបំផុត​ទៅ​រដ្ឋាភិបាល​ឡាវ​បានសម្រេច​ថា ​នឹង​ដកទ័ព​ចេញពី​ខេត្តស្ទឹងត្រែង​ហើយ ដែល​ការសម្រេច​បែបនេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ន​លន់ ស៊ី​សូលី​ត នៅក្នុង​សន្និសីទ​សារព័ត៌មាន​រវាង​សម្តេច ហ៊ុន សែន និង លោកនាយក​រដ្ឋមន្ត្រី​ឡាវ នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ នា​ព្រឹក​ថ្ងៃ សៅរ៍​នេះ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​អះអាង​ថា កង់ទ័ព​ឡាវ​នឹង​ដកចេញ​មិន​ឲ្យ​ហួស​ពី​ព្រឹក​ថ្ងៃអាទិត្យ​ឡើយ។

លោក ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត បញ្ជាក់​យ៉ាង​នេះ​ថា «​ថ្ងៃនេះ​យើង​បាន​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក ដោយ​មិត្តភាព​។ ខ្ញុំ​និង​សម្តេច ហ៊ុន សែន បាន​ឯកភាពគ្នា​ថា​នឹង​ដក​ទ័ព។ ខ្ញុំ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថា នឹង​ដកទ័ព​ឲ្យ​អស់ពី​កម្ពុជា​មិន​លើសពី​ព្រឹកស្អែក​ទេ​»។

ទន្ទឹម​នេះ​នាយករដ្ឋមន្ត្រី​ឡាវ​ បាន​សំដែង​ការ​សោកស្តាយ​ដោយបាន​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា យឺត​ពេល​ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង។ លោក​ថា នៅក្នុង​កិច្ចពិភាក្សា​រវាង​លោក និង សម្តេច ហ៊ុន សែន ក៏បាន​យល់ព្រម​ឲ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ជួបពិភាក្សា​បញ្ហា​ព្រំដែន​ដែល​សេសសល់​ដើម្បី​ដោះ​ស្រា យ​ឲ្យ​បាន​ឆាប់រហ័ស។

ជា​មួយ​គ្នា​នេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នោះ​ដោយ​ឯកភាព​ចំពោះ​ការលើកឡើង​របស់​លោក ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត និង អរគុណ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ដែល​បាន​យល់ព្រម​ដកទ័ព​ក្នុង​គោលដៅ​ដើម្បី​សម្រួល​ស្ថានការណ៍​វិញ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ អ្វី​ដែលជា​ជោគជ័យ​ធំ​បំផុត​របស់​យើង​នោះ​គឺ​នៅត្រង់ថា​ យើង​មិន​មាន​ជម្លោះ​ណាមួយ​ដែល​មិនអាច​ដោះស្រាយបាន​នោះទេ ហើយ​ដែល​ផ្តល់​ប្រយោជន៍​ចំពោះ​ប្រជាជន​ទាំងសងខាង ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ភាគី​ឡាវ​ថា ការយឺតយ៉ាវ​នៃ​ការបញ្ជូន​សារលិខិត​យឺត និង ការយឺតយ៉ាវ​ក្នុងការ​ទទួល​សារលិខិត បូក​និង​ការទទួលបាន​ព័ត៌មាន​យឺត បានធ្វើ​ឲ្យ​យើង​ឈាន​មកជួប​គ្នា​នៅថ្ងៃនេះ។

អម្បាញ់មិញ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បានប្រកាសថា​ នឹង​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ឲ្យ​អស់​នៅមុន​ព្រឹកស្អែក នេះ​ជា​ពេលវេលា​ដ៏​ល្អ​សមស្រប​ឲ្យ​ខ្ញុំ​ដាក់​ចេញ​បទបញ្ជា អម្បាញ់មិញ ខ្ញុំ​ក៏បាន​ដាក់​ចេញ​បញ្ជា​រួចហើយ ឲ្យ​កងទ័ព​ដែល​ចល័ត​ចេញ​ម្សិលមិញ​វិល​ចូលទៅ​ក្នុង​មូលដ្ឋាន​វិញ។

ចំណុច​នេះ​ជា​ចំណុច​ល្អ​ណាស់​ដែល ផ្តល់​ឱកាស​សម្រាប់​ទំនាក់ទំនង​ប្រជាជន​ទាំងពីរ កងទ័ព​ទាំងពីរ រដ្ឋាភិបាល​ទាំងពីរ ហើយ​នៅ​ពេល​ខាងមុខនេះ​ទៀត គណៈកម្មាធិការ​ព្រំដែន និង ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ បន្ត​កិច្ចការ​ជាមួយគ្នា​បន្ត​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។ អ្វី​ដែល​ជា​អាទិភាព​ដែល​ខ្ញុំ​មកកាន់​ទីនេះ​វា​មិន​អត់​ប្រយោជន៍​ទេ ហោច​ណាស់​យើង​បាន​ជួប​គ្នា​ផ្ទាល់​ដោះស្រាយ​បញ្ហា​ជាមួយគ្នា យើង​បាន​ស្វែងយល់​អំពី​បញ្ហា​ថា ហេតុអ្វី​មាន​បញ្ហា​នេះ​កើតឡើង។

សម្តេច​តេ​ជោ​បន្តថា សម្តេច និង លោក ថោង​លន់ មានការ​ងាយស្រួល​ណាស់​ក្នុងការ​ទំនាក់ទំនង ម្សិលមិញ​យើង​ជួប​គ្នា​តាម​ទូរស័ព្ទ​ចំនួន ២ ដង និង ការឆ្លើយ​ឆ្លង​គ្នា​តាម​ឡាញ ។ ដូច្នេះ​សង្ឃឹមថា ប្រជាជន​កម្ពុជា និង ប្រជាជន​ឡាវ​ដែល​រស់​នៅតាម​ព្រំដែន នឹង​ស្ងប់ចិត្ត មិនមាន​ការប៉ះទង្គិច​ខាង​យោធា​ណាមួយ​កើតឡើង​ទេ មិន​ត្រឹមតែ​ប្រជាជន​នៅតាម​ព្រំដែន​ទេ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​រស់នៅ​សុខ​ស្រួល​ជាមួយគ្នា។ ជាថ្មី​ម្តងទៀត​អរគុណ​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​បាន​បង្កើត ស្ថានភាព​ឈ្នះ​ឈ្នះ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយ​សង្ឃឹមថា​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​យល់​នូវ​កិច្ច​ការដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​សម្រាប់​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ប្រជាជន​ទាំងពីរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ កាលពី​វេលា​ម៉ោង​៣និង៤០នាទី ដោយ​នាំមក​នូវ​ជោគជ័យ​ដែល​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង ការបញ្ចៀស​បាន​នូវ​ការ​បង្ហូរ​ឈាម​នៅ​គ្នា​ជាមួយ​ប្រទេសជិតខាង។

លោក កៅ គឹមហួន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ជា​លទ្ធផល​នៃ​ជំនួប​នាយករដ្ឋមន្ត្រី​ឡាវ​បានសម្រេច​ដកទ័ព​ចេញពី​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ ,​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅតាម​តំបន់​ព្រំដែន ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​កម្ពុជា​វិល​ទៅកាន់​មូលដ្ឋានទ័ព​វិញ។ ភាគី​ទាំង​ពីរបាន​ឯកភាព​គ្នា​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ និង ក្រសួងការបរទេស​ប្រទេស​ទាំងពីរ​បន្ត​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ១៤ ភាគរយ ឲ្យ​បាន​ឆាប់​ចប់ស​ព្វ​គ្រប់។

ពាក់ព័ន្ធ​ជុំវិញ​ការ​ថ្លែង​សោកស្តាយ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ឡាវ ដែល​ថា​ទទួលបាន​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យឺត​ពេលនោះ លោក កៅ គឹមហួន បាន​អះអាង​ថា លោក ថោង​លន់ ស៊ី​សូលី​ត បាន​សុំទោស និង សំដែង​ការសោកស្តាយ ដោយសារតែ​ក្រសួងការបរទេស​ឡាវ​ទទួល​បាន​លិខិត​របស់​សម្តេច​កាលពី​ថ្ងៃ​ទី​២ ខែសីហា ក៏ប៉ុន្តែ​ដោយសារតែ​ការ​បកប្រែ​ភាសា​មានការ​យឺតយ៉ាវ​ទើប​សំបុត្រ​នេះ​បញ្ជូន​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ​មានការ​យឺត​ពេល​បែបនេះ។ លោក ថោង​នល់ ក៏បាន​លើកឡើង​ថា លិខិត​នេះ​មាន​សារៈសំខាន់​ណាស់​មិន​គួរ​មានការ​ធ្វេសប្រហែស​នោះទេ។

លទ្ធផល​ផ្លែផ្កា​នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​នេះ គឺ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដើម្បី​ការពារ​ផលប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684