ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស និង​ស្ថានទូត​នៅ​បាងកក​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ​១៨​នាក់​ពី​ប្រទេស​សូ​ម៉ាលី

ភ្នំពេញ ​៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា​មាន​ពលករ​នេសាទ​ខ្មែរ​១៨​នាក់ កំពុង​ជាប់​នៅ​លើ​ទូក​នេសាទ​ថៃ ដាក់​ទង់ជាតិ Djibouti នៅឯ​ប្រទេស​សូ​ម៉ាលី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ​ខាងលើ មក​កម្ពុជា​វិញ។

តាម​លោក ជុំ សុន្ទរី ក្រសួង​បាន​ទំនាក់​ទំនងជា​មួយអង្គ​ការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ (IOM) នៅ​ភ្នំពេញ ស្នើសុំ​ឲ្យ​ជួយ​ក្នុង​ការរៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ និង​ជួយ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហការ​គ្នា​រវាង​កា​រិ​យាល័យ IOM នៅ​បាងកក ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ទីនោះ លើ​បញ្ហា​នេះ និង​ណែនាំ​ស្ថានទូត​នៅ​ទីក្រុង​បាងកក​ឲ្យ​ទំនាក់ទំនង​ជាមួយ​ក្រសួងការបរទេស និង​នគរបាល​ថៃ ហើយ​និង​អង្គការ IOM នៅ​បាងកក ដើម្បី​ជួយសង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ​ទាំង​១៨​នាក់​នេះ​។

បច្ចុប្បន្ន ស្ថានទូត​បាន និង​កំពុង​ទំនាក់ទំនង​ធ្វើ​ការងារ​ជាមួយ​ក្រសួងការបរទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ ព្រមទាំង​អង្គការ IOM លើ​ការងារ​នេះ​។ ទន្ទឹម​នឹង​នេះ ស្ថានទូត​ត្រៀម​បញ្ជូន​មន្ត្រី​ស្ថានទូត​១​នាក់ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ពលករ​ខ្មែរ ជាមួយ​នគរបាល​ជាតិ​ថៃ ទៅ​ប្រទេស​សូ​ម៉ាលី និង ប្រទេស​កេ​ន​យ៉ា​។ ស្ថានទូត​ក៏បាន​ចេញ​លិខិតបើកផ្លូវ​ដល់​ពលករ​ទាំង​១៨​នាក់ ហើយ​ប្រគល់ជូន​ក្រសួងការបរទេស​ថៃ ជួយ​បញ្ជូនទៅ​ស្ថានទូត​ថៃ​នៅ​ប្រទេស​កេ​ន​យ៉ា ដែល​នឹង​ជួយ​សម្របសម្រួល​ក្នុងការ​បញ្ជូន​ពលករ​ខ្មែរ​តាម​ជើងយន្តហោះ​ថៃ មក​ប្រទេស​ថៃ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​២៤ កក្កដា ២០១៧ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចាត់​មន្ត្រី​២​រូប ចូលរួម​កិច្ចប្រជុំ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថៃ អំពី​ដំណើរការ​ជួយសង្គ្រោះ​ពលករ​នេសាទ​ខ្មែរ​១៨​នាក់ ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​ឲ្យ​ធ្វើការ​នៅលើ​ទូក​នេសាទ​ថៃ ដាក់​ទង់ជាតិ Djibouti នៅឯ​ប្រទេស​សូ​ម៉ាលី ហើយ​ទទួលបាន​លទ្ធផល​មួយចំនួន គឺ​នគរបាលជាតិ​ថៃ​បាន​ជួយសង្គ្រោះ​ពលករ​នេសាទ​ខ្មែរ​ម្នាក់​ឈ្មោះ រ៉ី គា អាយុ​២៤​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ N00724437 នាពេល​កន្លងមក​។ តាម​ការ​បញ្ជាក់​របស់​របស់ រ៉ី គា មាន​ពលករ​ខ្មែរ​១៨​នាក់​ទៀត ដែល​កំពុងធ្វើការ​យ៉ាង​លំបាក​វេទនា នៅលើ​ទូក​នេសាទ​ថៃ ២​គ្រឿង ឈ្មោះ​ឆូត​ផាត់​តា​ណា​៥១ និង​ឆូត​ផាត់​តា​ណា​៥៥ ដែលជា​កម្មសិទ្ធិ​របស់​ជនជាតិ​ថៃ​។

នគរបាលជាតិ​ថៃ​បាន​បញ្ជូន​សំណុំរឿង​ខាងលើ​ទៅ​តុលាការ​រួចហើយ និង​បាន​ស្នើសុំ​ឲ្យ រ៉ី គា បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​ធ្វើជា​សាក្សី នៅពេល​ឡើង​តុលាការ ដោយ​ភាគី​ថៃ​នឹង​ផ្តល់​ប្រាក់ខែ​តាម​តម្លៃ​ពលករ​បរទេស ៣០០​បាត​/​ថ្ងៃ និង​កន្លែង​ស្នាក់នៅ​ជូន​ផងដែរ​។

ជាមួយគ្នា​នោះ នគរបាលជាតិ​ថៃ​ បាន​កំណត់​ករណី​ខាងលើ​ជាការ​ជួញដូរ​មនុស្ស និង​បាន​បញ្ជា​ឲ្យ​ទូក​នេសាទ​ទាំងពីរ ចូល​ចត​នៅ​កំពង់ផែ Basaso ប្រទេស​ស៊ូ​ម៉ាលី​ហើយ​។ តាម​ការបញ្ជាក់​ចុងក្រោយ គឺ​ពលករ​ខ្មែរ​ដែល​សព្វថ្ងៃ​នៅជាប់​នៅ​ប្រទេស​សូ​ម៉ាលី​មាន​ទាំងអស់ ១៨​នាក់ ហើយ​នគរបាលជាតិ​ថៃ​បានស្នើ​ទៅ​ប៉ូលិស Interpol សុំ​កិច្ចសហការ​ពី​ប៉ូលិស​ប្រទេស​ស៊ូ​ម៉ាលី ក្នុង​ការ​បញ្ជូន​ពលក​រ​ខ្មែរ​ទាំង​១៨​នាក់ ទៅ​ប្រទេស​កេ​ន​យ៉ា ដោយមាន​កិច្ចសហការ​ពី​ស្ថានទូត​ថៃ នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ដើម្បី​បញ្ជូន​ពួកគាត់​ត្រឡប់មក​ប្រទេស​ថៃ តាម​យន្តហោះ​ថៃ​។

នគរបាល​ជាតិ​ថៃ នឹង​ផ្តល់​បញ្ជី​ឈ្មោះ​ពលករ​ខ្មែរ​ទាំង​១៨​នាក់ មានភ្ជាប់​រូបថត និង​សម្រួល​ឲ្យ​ស្ថានទូត​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ពលករ​ទាំងអស់ នៅក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​នគរបាលជាតិ​ថៃ នឹង​រៀបចំ​សំណុំរឿង​ករណី​ពលករ​នេសាទ​ខ្មែរ​ទាំង​១៨​នាក់​នេះ ទៅ​តុលាការ​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​នៅ​ប្រទេស​ថៃ​មួយរយៈ​ដើម្បី​ធ្វើជា​សាក្សី​។ បេសកកម្ម​ជួយសង្គ្រោះ នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684