ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាន​តំណាង​កម្ពុជា​នៅ​សិង្ហ​បូរី និង​វៀតណាម អន្តរា​គម​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់

ភ្នំពេញ ​៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពីថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧​ថា ស្ថាន​តំណាង​កម្ពុជា​នៅ​ប្រទេស​សិង្ហ​បូរី និង​វៀតណាម អន្តរា​គមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ។

លោក ជុំ សុន្ទរី អះអាង​ថា ករណី​ទី​១- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហ​បូរី បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពល​ការិនី​ខ្មែរ​ម្នាក់ ឈ្មោះ ប​.​ស​.​ផ អាយុ​២៦​ឆ្នាំ មកពី​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​បាន​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​សិង្ហ​បូរី អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​ប៉ូលិស​សិង្ហ​បូរី ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពី​រង​ការប្តឹង​ពី​ម្ចាស់ផ្ទះ​ពីបទ​លួច​ប្រាក់​។ ស្ថានទូត​បាន​សហការ​ជាមួយ​ប៉ូលិស រៀបចំ​ឲ្យ​ពល​ការិនី​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សមាគម​ទ្រទ្រង់​សង្គម និង​បណ្តុះបណ្តាល​ពលករ​បរ​ទេស ដើម្បី​ធ្វើការ​ស៊ើបអង្កេត។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​ដែរ​ថា ដោយមាន​កិច្ច​សម្របសម្រួល​ពី​ស្ថានទូត និង​ដោយ​ពល​ការិនី​បាន​សារភាព​កំហុស​របស់ខ្លួន ភាគី​ដើមចោទ​បាន​យល់ព្រម​ទទួល​សំណង​ដើម្បី​បញ្ចប់រឿង ហើយ​ប៉ូលិស​សិង្ហ​បូរី បានសម្រេច​គ្រាន់តែ​ចេញ​សេចក្តី​ព្រមាន​ដល់​ពល​ការិនី​ប៉ុណ្ណោះ​។ ពល​ការិនី ប​.​ស​.​ផ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០និង៤០​នាទី តាម​ជើងយន្តហោះ Jetstar 3K591។

ករណី​ទី​២- ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​អន្តរា​គមន៍​ជួយ​នារី​ខ្មែរ ម្នាក់​ឈ្មោះ ធ​.​ស​.​ធ អាយុ​២៤​ឆ្នាំ មកពី​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ត្រូវបាន​មេខ្យល់​នាំ​ធ្វើ ដំណើរ​តាម​រថយន្តក្រុង​ពី​ភ្នំពេញ​ទៅដល់​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃទី​០៨ សីហា ២០១៧ បម្រុង​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ដោយ​សន្យា​ផ្តល់​ប្រាក់​១៥០០​ដុល្លារ​អាមេរិក​។ ដោយ​ដឹងថា​បាន​ចាញ់បោក​មេខ្យល់ នារី​រងគ្រោះ​បានស្នើ​ក្រុមហ៊ុន​រថយន្តក្រុង​នៅ​ហូជីមិញ ទាក់ទង​មក​ស្ថាន អគ្គ​កុងស៊ុល ដើម្បី​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។

ស្ថាន​អគ្គ​កុងស៊ុល បាន​ទៅ​ទទួលយក​នារី​រងគ្រោះ​មក​ស្នាក់នៅ​ក្នុង​ស្ថាន​អគ្គ​កុងស៊ុល ហើយ​បាន​ជូន​នាង​មក​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង ដើម្បី​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូន​ទៅ​ស្រុកកំណើត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684