ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ស្ម័គ្រចិត្ត​ស​ម្ព័​ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា ​ចែក​អំណោយ​ជូន​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​២០០​គ្រួសារ

ត្បូងឃ្មុំ ៖ ​លោក​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ស​ម្ព័​ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា បាន​ចាត់​តំណាង ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា ទាំង​ថ្នាក់កណ្តាល និង ថ្នាក់​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​នាំ​អំណោយ​របស់​សប្បុរសជន​សិង្ហ​បុរី​តាមរយៈ SGQURBAN សហការ​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ មុ​ស្លិ​ម​កម្ពុជា​ផ្ដល់ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​២០០​គ្រួសារ នៅ​ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ពិធី​នេះ​ប្រ​ព្រ​ត្តិ​ឡើង​ល្ងាច​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៧ នៅ​សាលាឃុំ​ជី​រោទ៍ ត្បូងឃ្មុំ។

អំណោយ​ដែល​ធ្វើការ​ប្រគល់​ជូន​ដល់​ជនរងគ្រោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​១០​គីឡូក្រាម ,​ស្ករស១​គីឡូ ប្រេងឆា​១​លីត្រ​, សាប៊ូ​បោក​ខោអាវ​១​កញ្ចប់ ,​សាប៊ូ​លុច​៤​ដុំ ត្រីខ​២​កំប៉ុង និង​ថវិការ​ចំនួន​២​លាន​៥០​ម៉ឺន​រៀល ដល់​សមូហភាព​សម្រាប់​ទទួលទាន​អាហារ​សាមគ្គី​របស់​ជនរងគ្រោះ​ដែល​នៅក្នុង​តង់​។

លោក Mouzzammil ប្រធាន​មូលនិធិ SGQURB AN បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​រងគ្រោះ​ទាំងអស់​ក្នុង​ឃុំ​ជី​រោទ៍ ដែល​មក​បោះតង់​ផ្តុំគ្នា ចំនួន ៧០០​គ្រួសារ ខណៈ គម្រោង​ដែល​មិនបាន​ព្រាង​ទុកជាមុន លោក​អាច​ចូលរួម​ដោះស្រាយ​សម្រាប់​២០០​គ្រួសារ​សិន ហើយ​គ្រួសារ​ដែល​នៅ​ខ្វះ​លោក​នឹង​សហការ​នឹង​ដៃគូរ​សប្បុរសជន អោយ​បន្ថែម​បង្គ្រប់​មិន​ឲ្យ ខ្វះ​ទៀត។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​សហការ​សម្រួល​ដំណើរ ការ​កម្ម​វិធីចែក​អំណោយ​ប្រព្រឹត្តទៅបាន​រលូន​។

លោក​ក៏​ផ្តាំផ្ញើ​ដល់​សហគមន៍​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ដែល​នៅក្នុង​តង់​រួមគ្នា ត្រូវ​សហការ​សាមគ្គី​គ្នា ជាពិសេស​ត្រូវ​រក្សា​នូវ​អនាម័យ ដើម្បី​ជៀស​ផុតពី​បញ្ហា​ជំងឺ​នានា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ថវិកា​គ្រួសារ​ផងដែរ​។

ប្រធាន​ស​ម្ព័​ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា ទាំង​ខេត្ត​ត្បូងឃ្មុំ និង ខេត្ត​កំពង់ ចាម ដែល​បាន​ដឹកនាំ​សមាជិក​សមាជិកា​របស់​ខ្លួន​សហការ​ក្នុង​កិច្ចការ​នេះ​ជំនួសមុខ​ឲ្យ ប្រជាពលរដ្ឋ​ជន​រងគ្រោះ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ម្ចាស់​ជំនួយ ដែល​បាន​ចំណាយ​ទាំង​ពេល​វា​និង​ថវិកា មក​ចូលរួម​ដោះស្រាយ​ទុ​ក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​របស់​ពួកគាត់​។ ពួកគេ​គ្មានអ្វី​ក្រៅពី​ការ​ជូនពរ​ដល់​សប្បុរ​សជន និង​អង្គការ​ដៃគូ​សហការ និង បន្ត​សកម្មភាព​មនុស្ស​ធម៌​មួយ​នេះ ហើយ​បានទទួល​នូវ​ផល​បុណ្យ​កុស​ល្យ សម្រេច​បាន​នូវ​ភាពជោគជ័យ​រាល់​ភារកិច្ច​បន្តទៅ​មុខ ដើម្បី​បន្ដសកម្មភាព​មនុស្សធម៌​ជូន​សហគម​ន៍​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684