ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ភូមិ​ត្រពាំង​សង្កែ ចិញ្ចឹម​ភ្ញាស់​កូន​មាន់​ខ្មែរ​លក់ មាន​ជីវភាព​ល្អ​ប្រសើរ​ជា​លំដាប់

​ត្បូងឃ្មុំ​ ៖ គ្រួសារ​លោកស្រី ពុត សុជា រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ជ្រើស​យក​របរ​ចិញ្ចឹម​ភ្ញាស់​កូន​មាន់​លក់ ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​ល្អប្រសើរ​ឡើង ក្នុង​ប្រាក់ចំណូលជាង​ ២​លាន​រៀល​ក្នុង​១​ខែ ហើយ​​ការចិញ្ចឹម​បាន​ជោគជ័យ​នេះ ដោយមានការ​ជួយជ្រោមជ្រែង​ផ្តល់​បច្ចេកទេស​ ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ។

​លោកស្រី ពុត សុជា អាយុ​៣៤​ឆ្នាំ បានបញ្ជាក់​ឲ្យ​ដឹងថា គ្រួសារ​គាត់​បាន​ចិញ្ចឹម​មាន់​លក់​រយៈពេលជាង ​១០​ឆ្នាំ​មកហើយ ដំបូង​គាត់​ចិញ្ចឹម​លក់​ទាំង​មាន់​សាច់ និង​ភ្ញាស់​យក​កូន​លក់ តែ​នៅឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​នេះ គាត់​ចិញ្ចឹម​ដោយ​ភ្ញាស់​យកតែ​កូន​លក់​ទេ ដោយ​ភ្ញាស់​តាមទូ​​ភ្ញាស់ស្វ័យប្រវត្តិ អាច​លក់​កូន​មាន់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​គ្រប់​តម្រូវការ ជាងនេះទៀត យើងក៏បាន​លក់​ជូន​ប្រជាពលរដ្ឋ​នៅក្រៅ​ខេត្ត មាន​ខេត្ត កំពង់ចាម ក្រចេះ និង​ព្រៃវែង​ ផងដែរ។

រោង​មាន​ទំហំ ៤​ម៉ែត្រx៣៣​ម៉ែត្រ អាចដាក់​មេមាន់ចំនួន ២០០​ក្បាល និង​ឈ្មោល​បង្កាត់​ពូជ​ចំនួន ៤០​ក្បាល ដែល​វា​ផលិត​បាន​ពង​កូនជាង ​១០០០​ក្បាល ការថែរក្សា​កូន​មាន់ បន្ទាប់ពី​ញាស់​ក្នុង​ទូ​ភ្ញាស់​រួច​យក​ទៅ​ដាក់​ក្នុង​ទ្រុង ថែរក្សា​កូន​មាន់​ដោយ​ដាក់​អំពូល​កម្ដៅ ផ្តល់​ទឹក និង​ចំណី​មួយថ្ងៃ​ ៣ ទៅ ​៤​ដង នៅពេល​វា​អាយុ​បាន​ ៦​ថ្ងៃ ត្រូវ​ដាក់​វ៉ាក់សាំង អាយ​ធូ ដោយ​បន្តក់​ភ្នែក និង​ច្រមុះ, អាយុបាន ​១២​ថ្ងៃ វ៉ាក់សាំង អុត ដុះស្លាប, អាយុ​ ២១​ថ្ងៃ ​បន្តក់​រំលឹក អាយ​ធូ ឡើងវិញ។ កូន​មាន់​មានអាយុ​ ២១​ថ្ងៃ អាច​លក់បាន ដោយ​ក្នុង​មួយ​ក្បាល​តម្លៃ ៥០០០​រៀល (លក់រាយ) ហើយ​អ្នកទិញច្រើន (​បោះ​ដុំ​) លក់​មួយ​ក្បាល​តែ ៤៥០០​រៀលទេ សព្វថ្ងៃនេះ មាន​ទីផ្សារ​ល្អ ការ​ភ្ញាស់​លក់សឹងតែ​ភ្ញាស់​មិនទាន់​តម្រូវការ​របស់​ប្រជាកសិករ​យើង​ផង ។

​លោកស្រី​បានបញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស​ទៀតថា កូន​មាន់​ល្អ ដោយសារ​ការជ្រើសរើស​មេដែលមាន​មាឌធំ សុខភាព​ល្អ មិន​ធ្លាប់​ឆ្លង​ជំងឺ ផ្តល់​ស៊ុត​ច្រើន ដូចគ្នា​ដែរ ឈ្មោលទុកជា​ន់​មេ ត្រូវរើសបា​មាឌធំ សុខភាព​ល្អ មិន​ធ្លាប់​ឆ្លង​ជំងឺ ពូកែ​ជាន់​មេ ហើយ​យើង​ចាក់​វ៉ាក់សាំង​ដល់​វា​ឲ្យ​បានត្រឹមត្រូវ​ផងដែរ។ ការថែទាំ​ទ្រុង (​ជីវ​សុវត្ថិភាព​) ត្រូវ​សម្អាត​ទ្រុង ២​ទៅ ៣​ថ្ងៃ​ម្តង បាញ់ថ្នាំ ឬ បាច​កំបោរ​ស សម្លាប់​មេរោគ ១​សប្ដាហ៍​ម្តង ត្រូវ​ផ្ដល់​ចំណី​ឲ្យ​វា​១​ថ្ងៃ ​២​ដង ព្រឹក​ម្តង និង​ល្ងាចម្តងទៀត ដោយ​ប្រើ​ចំណី​ផ្សំ​ដោយ​ខ្លួនឯង ក្នុងនោះ​យើង​ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក រួមមាន ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូង​មី ម្សៅ​ព្រី​ម៉ិច ម្សៅ​សំបកខ្យង អំបិល បន្លែ​បៃតង និង​ម្សៅ​ត្រី។

​លោកស្រី​បានបញ្ជាក់​ទៀតថា គ្រួសារ​គាត់​មាន​ជីវភាព​ធូរធារ​ ដោយសារ​គាត់​ចិញ្ចឹម​មាន់​នេះឯង ពោល គឺ​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់ អាច​ផ្តល់​សេវា​ឲ្យ​កូន​គាត់​រៀនសូត្រ​បាន​ត្រឹមត្រូវ មិន​ជំពាក់​ធនាគារ​ទេ។ ពិសេស​ទៀត។ លោកស្រី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដែលមាន​ស្នា​ដៃឆ្នើម​ក្នុងការ​អនុវត្តការចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក​យក​សាច់ និង​ភ្ញាស់​យក​កូន​លក់​តាមបែប​ពាណិជ្ជកម្ម​ខា្ន​ត​តូច និង​បាន​ប្រឡងប្រណាំង​ក្នុង​សន្និបាត​កសិករ​ទូទាំង​ប្រទេស​លើក​ទី​៨ នា​ថ្ងៃទី​២៩-៣០ ​ខែ​មីនា ឆ្នាំ២០១៧ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ លោកស្រី​ក៏​សូម​ថ្លែង​អំណរគុណដល់​ លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ដែល​បាន​ឲ្យ​គ្រួសារ​គាត់​ចូល​ក្នុង​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​ដោយមាន​ការ​ណែនាំរបៀប​ចិញ្ចឹម​មាន់ទៅតាម​លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​គ្រួសារ​នាង​ខ្ញុំ​ទទួលបាន​ជោគជ័យ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114