ព័ត៍មានទាន់​ហេតុការណ៏
Search

​យ៉ាងហោចណាស់ ​មាន​មនុស្ស​ចំនួន ៣៧​នាក់​ស្លាប់ នៅក្នុង​កុបកម្ម​កើត​មាននៅ​ពន្ធនាគារ ភាគខាងត្បូង​ ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ​

​យ៉ាងហោច​មាន​មនុស្ស​ដល់​ទៅ​ ៣៧​នាក់ បាត់បង់​ជីវិត នៅក្នុង​កុបកម្ម​មួយ ដែល​កើតមានឡើង​នៅ​ពន្ធនាគារ​មួយកន្លែង អស់​រយៈពេល​ជាច្រើន​ម៉ោង នៅ​ភាគខាងត្បូង​រដ្ឋ Amazonas នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូអេ​ឡា​។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​មន្ត្រី​កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ​។​
​ ​
ការិយាល័យ​រដ្ឋអាជ្ញា​បាន​និយាយថា ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​មួយ​ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​ចំពោះ​ករណី​ដែលមាន​មនុស្ស​ដល់​ទៅ​ ៣៧​នាក់​ស្លាប់ នៅក្នុង​ទីកន្លែង​ឃុំឃាំង​ ដែល​ស្ថិតនៅ​ក្រុង Puerto Ayacucho​។​
​ ​
អភិបាលរដ្ឋ​លោក Liborio Guarulla បាន​សរសេរ​នៅលើ​ទ្វី​ត​ធើ​ថា ការសម្លាប់​រង្គាល​មួយ​បាន​កើតមានឡើង​ដែល​យ៉ាងហោច​បាន​បន្សល់​នូវ​សព​ចំនួន ​៣៥​នាក់ ។​

​ក្រុមមន្ត្រី​រដ្ឋអាជ្ញា​បាន​និយាយថា មាន​មន្ត្រី​ ១៤​នាក់ រងរបួស នៅក្នុង​អំពើហិង្សា ​ដែល​បាន​កើតមានឡើង​តាំង​ពីថ្ងៃ​អង្គារ រហូតដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ​កន្លងទៅនេះ ប៉ុន្តែ​មិនបាន​និយាយ​ទេ​ថា តើ​មាន​មន្ត្រី​ណា​ម្នាក់​ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​ដែរឬទេ​។​

​ក្រុម​តាមដាន​ត្រួតពិនិត្យ​ពន្ធនាគារ​ ២​ក្រុម គឺ​ក្រុម A Window to Freedom និង​ក្រុម The Venezuelan prisons Observatory បាន​និយាយថា មនុស្ស​ដែល​ស្លាប់​ចំនួន ​៣៧​នាក់ គឺ​សុទ្ធតែជា​អ្នកទោស​ទាំងអស់​។​
​ ​
គួររំលឹកថា តាម​សម្តី​របស់លោក​អភិបាលរដ្ឋ Guarulla ថា មន្ទីរ​ពន្ធនាគារ​នោះ មាន​អ្នកទោស​ដល់​ទៅ​ ១០៥​នាក់ ពេល​កើតមាន​កុបកម្ម​។​
​ ​
កុបកម្ម ​ដែលមាន​មនុស្ស​ស្លាប់​យ៉ាងហោច​បំផុត​គឺ​នៅក្នុង​ពន្ធនាគារ​មួយ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា កាលពី​ឆ្នាំ​២០១៣ ខណៈពេលដែល​មនុស្ស​ចំនួន ​៦០​នាក់ បាន​បាត់​បង់ជីវិត និង​ជាង ​១៥០​នាក់​ទៀត បាន​រងរបួស នៅក្នុង​ទីកន្លែង​ឃុំឃាំង​នៃ​ពន្ធនាគារ​ស្ថិតនៅក្នុង​ក្រុង Uribana គឺ​នៅ​ភាគ​ខាងលិច​រដ្ឋ Lara ៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684