ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​ផ្នែក​ច្បាប់​ហុងកុង​បដិសេធ​ការជំរុញ​ខាង​នយោបាយ ​ក្នុងការ​ដាក់ពន្ធនាគារ​អ្នកប្រជាធិបតេយ្យ​​ ខណៈ​ការរិះគន់​កើនឡើង​

​ប្រមុខ​ផ្នែក​ច្បាប់​របស់​ទីក្រុង​ហុងកុង ​បាន​បដិសេធថា មិនមាន “​ការជំរុញ​ខាង​នយោបាយ​” ណាមួយ​ទេ​ក្នុងការ​ព្យាយាម​ដាក់ពន្ធនាគា​រ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​ចំនួន​បីនាក់​នៅ​ថ្ងៃ​សុក្រ​។ គាត់​បាន​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​រ៉​យ​ទ័​រថា គាត់​បាន​ប្រឆាំង​មន្ត្រី​ច្បាប់​ដទៃទៀត​ដែល​បាន​ណែនាំ​អំពី​ការបន្ត​រឿងក្តី​នេះ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ឧទ្ធរណ៍​បានដាក់​ពន្ធនាគារ​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​បី​រូប​របស់​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​មួយ​នេះ​គឺមាន​លោក Joshua Wong អាយុ​ ២០​ឆ្នាំ​, Alex Chow អាយុ ​២៧​ឆ្នាំ​ និង Nathan Law អាយុ​ ២៤​ឆ្នាំ​រយៈពេល​ ៦​ទៅ​ ៨​ខែ​ ដែល​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការជំរុញ​ជា​សកល​របស់​ចលនា​យុវជន​។ ការតវ៉ា​ជាច្រើន​ដោយ​អ្នកគាំទ្រ​របស់​ពួកគេ​ត្រូវ​បានគ្រោង​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

ពួកគេ​ត្រូវបាន​ផ្តន្ទាទោស​ពី​ការធ្វើ​បាតុកម្ម​ខុសច្បាប់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​តាម​ដងផ្លូវ​ជាច្រើន​ខែ ​ដែល​បាន​បង្ក​ភាពវឹកវរ​ក្នុង​ទីក្រុង​នេះ​កាលពី​ឆ្នាំ​២០១៤ ​ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការជំរុញ​មេដឹកនាំ​គណ​បក្សកុម្មុយនិស្ត ​នៅ​ក្រុង​ប៉េកាំង​ ក្នុងការ​អំពាវនាវ​រប​ស់​ពួកគេ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​។​

អ្នក​ទាំង​៣ ​ត្រូវបាន​កាត់ទោស​រួច​ទៅហើយ កាលពី​ឆ្នាំមុន​ដោយ​តុលាការ​សង្កាត់​មួយ​ ​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ ដោយ​មិន​ជាប់ពន្ធនាគារ​ទេ​ ប៉ុន្តែ​ក្រសួងយុត្តិធម៌ ​​បានស្នើ​សុំ​ឲ្យ​ពិនិត្យឡើងវិញ ​ដោយ​ស្វែងរក​ការដាក់​ពន្ធនាគារ​។​

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Rimsky Yuen មិន​អើពើ​នឹង​ការផ្ដល់​ដំបូន្មាន​ពី​រដ្ឋអាជ្ញា​ជាន់ខ្ពស់​មួយចំនួន ​នៅក្នុង​ក្រសួងយុត្តិធម៌ ​ក្នុងការ​ជំរុញ​ឲ្យ​ជាប់គុក​ទេ​។​

លោក Yuen បាន​និយាយថា ភាពខុសគ្នា​នៃ​គំនិត​អាចមាន​លក្ខណៈ​ស្ថាបនា​។ លោក​បាន​បន្ថែមថា “​មិន​មានការ​ជំរុញ​ផ្នែក​នយោបាយ​ណាមួយ​ទេ​”​។​

ប៉ុន្តែ​ការផ្តន្ទាទោស​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ពី​អន្តរជាតិ​កាន់តែខ្លាំង​ឡើង ​ចំពោះ​សេរីភាព​របស់​រដ្ឋធម្មនុញ្ញ​ នៅ​ទីក្រុង​ហុងកុង​ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ក្រោយ​ចក្រភព​អង់គ្លេស​ប្រគល់​ទឹកដី​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ​ក៏ដូចជា​ការយល់ឃើញ​នៃ​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ផងដែរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684