ព័ត៍មានទាន់​ហេតុការណ៏
Search

​ជីវិត ក្មេងស្រី​​អភ័ព្វ ២​នាក់​បងប្អូន ​រស់នៅ​រងា​ឯក​ការ ​​គ្មាន​មេ គ្មានបា​

កំពង់ធំ ៖ តើវាជា​ព្រហ្ម​លិខិត ​ឬ​ជា​ទណ្ឌកម្ម បានជាធ្វើ​ឲ្យ​ជីវិត​ឥត​ទ្រនំ របស់​ក្មេងស្រីអភ័ព្វ ២នាក់​បងប្អូន ពុំ​ដែលមាន​សេចក្តីសុខ ​ម្តងណាសោះ​ឡើយនោះ?។ ជីវិត​ជួបតែ​ភាព​រងា​ឯកោ​ គ្មាន​មេបាតាំងពី​ក្មេងស្រី​ទាំង២ នៅ​តូចៗ​ម្ល៉េះ បន្ទាប់ពីឪ​ពុកម្តាយ និងជីដូន​ បាន​ស្លាប់ចោលពួកគេ​ជា​បន្តបន្ទាប់​ ធ្វើឲ្យភារកិច្ចមើលខុសត្រូវថែ​ទាំប្អូន ត្រូវធ្លាក់ទៅលើបងស្រី​។

លោកឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ បាន​ជ្រាប​នូវ​ព័ត៌មាន​ដ៏​ស​ង្វេក​នេះ
កើតមាន​ក្ដី​អាណិតអាសូរ ក៏បាន​ដឹកនាំ​សហការី នាំយក​ស្បៀងអាហារ យក​មកចែកជូន ​ដល់ក្មេងស្រីពីរនាក់​បងប្អូន ក្រោមដំណក់ទឹកភ្លៀង​កំពុងតែ​ធ្លាក់ចុះ នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែសីហា ​ឆ្នាំ​២០១៧នេះ។

កុមារកំព្រា​ទាំង២​នាក់ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ ក្នុងភូមិ​ត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។​​

​ក្មេងស្រី​អភ័ព្វទាំង​ពីរនាក់ មានម្តាយឈ្មោះ ចាន់ ណាត មាន​ជំងឺ​ ហើយ​ទទួលមរណភាព​ ចាកចោល​ក្មេងស្រី​កំព្រាទាំងពីរ​ កាលពីឆ្នាំ​២០១២ ក្នុង​ភូមិឡែ​ម ជាប់​ព្រំដែន​ថៃ។ បន្ទាប់ពីម្ដាយ​ស្លាប់ចោល​ ក្មួយ​ស្រីទាំងពីរបន្តរ​រស់នៅ​ ជាមួយ​ជីដូន​ចាស់ជរា​ខាង​ម្តាយ ហើយក្រោយមក ជីដូន​ចាស់ជរា ​ដែល​រស់នៅ​ភូមិឡែ​ម​នេះ ​បានទទួល​មរណភាព​ចាកចោល ​ចៅស្រី​ទាំងពីរ​ទៀត។

ក្រោយ​ពីទទួលបាន​ដំណឹង​នេះ លោកយាយ​ខាង​ឪពុក​ឈ្មោះ ខាត់ ចាន់ ដែលមានអាយុ៨២​ឆ្នាំទៅហើយ និងពុំមានមុខរបរអ្វីនោះ បាន​ទៅយក​ចៅស្រី​កំព្រា​ទាំងពីរ មក​ចិញ្ចឹមបីបាច់​នៅ​ភូមិត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រហូតដល់ពេល​បច្ចុប្បន្ននេះ។

ក្មេងស្រី​ជា​បងឈ្មោះ ឆាន ម៉ា​ណែ​ត អាយុ​១២ឆ្នាំ រៀន​ថ្នាក់​ទី​៤ និង​ក្មួយ​ស្រី​ជា​ប្អូនឈ្មោះ ឆាន ម៉ា​នុត អាយុ​៨​ឆ្នាំ តែជា​អកុសល​បានក្លាយជា​ជនពិការ ដោយសារ ​ស្វិត ​និង​ទន់​ជើង​តាំងពី​កំណើត ​មិនអាច​ដើរ​បាន។

ព្រហ្ម​លិខិត​ពិតជាមិនប្រណី បានដាក់​ទណ្ឌកម្ម​បន្ថែមទៀតទៅលើគ្រួសារមួយនេះ ដោយក្រោយពេល​ក្មួយ​ស្រី​កើតមក ​មិនបាន​ទាំង​ស្គាល់មុខ​ឪពុក​ឈ្មោះ ឈា ឆាន ផង ក៏ត្រូវបាន​ជាប់ពន្ធនាគា​រ​នៅ​ប្រទេស​ថៃ។ ​រហូតដល់​បច្ចុប្បន្ននេះ គឺមានរ​យៈពេល​ជាង​ ៨​ឆ្នាំ​ហើយ​ គឺបាត់​ដំណឹង​សូន្យឈឹង​មិនដឹងថា​ស្លាប់​ ឬ​រស់​នោះទេ​។

មិនដឹងជាយ៉ាងណាទេ ក្មេងស្រីទាំង២នាក់បងប្អូន រស់នៅក្នុង ​សំយាប​ជង្រុកស្រូវ ដំបូលស្លឹក និង​ជញ្ជាំង​ធ្លុះធ្លាយ​ដ៏​សែន​អាណោចអាធ័ម​ ដែលគេបានរៀបចំតឲ្យ ដោយប្រហែលតែមកពី ​ក្មួយ​ស្រី​ជា​ជនពិការ ពុំ​អាចជួយខ្លួនឯងបាន ក្នុងការឡើងចុះ បត់ដៃបត់ជើង និងងូតទឹកជាដើម។​

​ក្នុងឱកាស​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​នេះ ឯក​ឧ​ត្ត​មេបញ្ជាការ និង​ក្រុមការងារ ​បាន​ឧបត្ថម្ភ​ជូន​លោកយាយ និង​ក្មួយ​ស្រី​ទាំងពីរ​ នូវអង្ករ​ចំនួន​ ៥០​គីឡូក្រាម មី​ម៉ាម៉ា​ចំនួន​ ០២​កេស ទឹកត្រី​ទឹក-ស៊ីអ៊ីវ​ពីរ​យួរ និង​ថវិកា​ចំនួន ១៥០.០០០៛។

សូមអំពាវនាវ ដល់លោក លោកស្រី ដែលមានចិត្តសប្បុរស មេត្តាជួយផ្ដល់ពន្លឺរស្មើ ដើម្បីអនាគតរបស់ក្មេងស្រីទាំង២នាក់ផង៕