ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០៥០​មនុស្ស​ចាស់ នឹង​កើន​ឡើងដល់​៥​លាន​នាក់​សម្រាប់​កម្ពុជា

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រាយ​នេះ កម្ពុ​ជា​មាន​មនុស្ស​ចាស់​ជាង​១​លាន​នាក់ ត្រូវ​ជា​​៨% ហើយ​នៅ​ឆ្នាំ​២០៥០​កំណើន​នេះ​នឹង​កើន​ឡើង​ដល់​៥​លាន​នាក់ ស្មើនឹង​២១% នៃ​ប្រជាជន​កម្ពុជា​សរុប ទាំងអស់។

នេះ​ជា​ការ​លើកឡើង​របស់​លោក​មុំ ប៊ុនថន អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ក្នុង​ពេល​បើក​សិក្ខាសាលា​ស្តី​ពី ការ​ស្វែងយល់​នៃ​ទស្សនៈវិស័យ​សុខុមាលភាព​មនុស្ស​ចាស់​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​។

លោក​បាន​ថ្លែង​ថា សព្វថ្ងៃ​នេះ​មនុស្ស​ដែល​មាន​វ័យចាស់​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើង មាន​ចំនួន​៥០០​លាន​នាក់ នៅ​ក្នុង​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក ប្រមាណ​ជាង​៧​ពាន់​លាន​នាក់ ដោយ​ក្នុង​នោះ​ចំពោះ​មនុស្ស​ចាស់​ នៅ​ក្នុង​ប្រទេស​បណ្តា អាស៊ាន មាន​​ចំនួន​ប្រមាណ ៦៣៣​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥។ ចំណែក​មនុស្ស​ដែលមាន​វ័យចាស់ មាន​ចំនួន​៤៩​លាន​នាក់ ត្រូវ​ជា​​៧% ហើយ​អាច​កើនឡើង​ប្រមាណ​ជា​៧៤១​លាន​នាក់ នៅ​ឆ្នាំ​២០៣៥ ក្នុងនោះ​មនុស្ស វ័យ​ចាស់​នឹង​អាច​កើន​ឡើង​ចំនួន​១១៥​លាន​នាក់ ស្មើ​ជាង​១៥% នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​បានធ្វើ​ជំរឿន​រួចមក។

លោក​អនុរដ្ឋលេខាធិការ បាន​បន្ត​ថា មនុស្ស​ចាស់​នៅ​កម្ពុជា​វិញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ មាន​ប្រមាណ​ជាង​១​លាន​នាក់ ត្រូវ​ជា​៨% ហើយ​កំណើន​នេះ​នឹង​កើនឡើង​ដល់​៥​លាន​នាក់ ស្មើនឹង​២១% នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ឆ្នាំ​២០៥០។ ដោយឡែក​ចំពោះ​បញ្ហា​បង្ហាញ​ពី​សក្តានុពល​សម្រាប់​តួនាទី​យ៉ាងសកម្ម និង ប្រកបដោយ​ផលិតភាព​នៃ​មនុស្ស​វ័យចាស់ នៅ​កម្ពុជា​នា​ពេល​កន្លងមក ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង ជា​សារ​មួយ​ពញ្ញាក់​ដោយ​អារម្មណ៍​ថា ដល់ពេល​ដែល​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់ ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​លើ​មនុស្ស​ចាស់ ទាំង​សុខភាព ផ្លូវកាយ​សុខភាព ផ្លូវចិត្ត ការ​ហូបចុក និង​សេវា​ផ្សេងៗ​ទៀត ដោយសារ​មនុស្ស​នៅ​កម្ពុជា​ប្រឈមមុខ​កាន់ តែ​ច្រើន ទៅ​នឹង​កត្តា​ផ្នែក​សង្គម សេដ្ឋកិច្ច ផលិតភាព​ចុះ​ទាប និង​ស្ថានភាព​សុខភាព​ផុយស្រួយ។

លោក មុំ ប៊ុនថន បាន​លើក​ឡើង​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ទូទៅ​សម្រាប់​មនុស្ស​ដែល​គេ​សង្កេតឃើញ គឺ​មាន ដូចជា បញ្ញា​ស្មារតី សុខភាព​ចុះ​ខ្សោយ​ទ្រុឌទ្រោម សន្តិសុខ​ហិរញ្ញវត្ថុ ប្រាក់ចំណូល ភាពក្រីក្រ ការរំលោភបំពាន កង្វះ​ខាត់​បរិស្ថាន​ដែល​គាំទ្រ និង​មាន​លក្ខណៈ​អំណោយផល ក្នុងការ​រស់នៅ​របស់​មនុស្ស​ចាស់ និង​ភាព​ឯកោ​ជាដើម ហើយ​លើសពីនេះទៅទៀត​មនុស្ស​វ័យ​ចាស់ ទទួល​នូវ​ហា​នី​ភ័យ​នៃ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114