ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​អះអាង​ថា ​ព្រឹក​ថ្ងៃ​ទី​០១ ​នៃ​ការ​ប្រឡង​បាក់​ឌុប ស្ទើរ​តែ​គ្មាន​ការ​នាំ​ចូល​នូវ​សំណៅ​ឯកសារ ​និង​សម្ភារៈ​ហាមឃាត់​មក​ជាប់​ខ្លួន​របស់​បេក្ខជន

​ភ្នំពេញ ៖ ​យោង​តាម​ផេ​ក​ហ្វេក​ប៊ុ​ក​របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​ដែល​បាន​ចេញ​ផ្សាយ​នៅមុននេះ​បន្តិច ​បាន​អះអាង​ថា ​នៅ​ព្រឹក​ថ្ងៃទី​០១ នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ ស្ទើរ​តែ​គ្មាន​ការនាំ​ចូល​នូវ​សំណៅ​ឯកសារ​ និង​សម្ភារៈ​ហាមឃាត់​មក​ជា​ប់​ខ្លួន​របស់​បេក្ខជន​។​

សកម្មភាព​ទូទៅ​នៃ​ការ​ប្រមូល​យក​សំណៅ​ឯកសារ ឧបករណ៍​អេឡិចត្រូនិក និង​សម្ភារៈ​ហាមឃាត់​ផ្សេងៗ ពី​បេក្ខជន នៅតាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​ក្នុង​ដំណើរការ​វិញ្ញាសា​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២១-សីហា-២០១៧ ដោយ​គណៈកម្មការ​អនុរក្ស មន្ត្រី​និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​ករណី​សំណៅ​ឯកសារ ​និង​សម្ភារៈ​ហាមឃាត់​មកជា​ប់​ខ្លួន​របស់​បេក្ខជន​តិចតួច​បំផុត​។​

ក្រសួង​អប់រំ​បាន​ដាក់​ពង្រាយ​ម​ន្ត្រី​របស់ខ្លួន​ជាង​ ២​ម៉ឺន​នាក់​ នៅ​ទូទាំងប្រទេស​។​ ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ ​បាន​ដាក់​អ្នកសង្កេតការណ៍​ប្រមាណ ​៤៥៨៧​នាក់​នៅ​ភ្នំពេញ​មាន​ ៨៨១​នាក់​។​

ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ​ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២១​​ និង ​២២ ​ខែសីហា ឆ្នាំ២០១៧​ខាងមុខនេះ ​ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រលង​ចំនួន ១០៣ ១១២​នាក់ ​និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ នៅ​ទូទាំងប្រទេស៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684