ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Luis Suarez ទទួលបាន​ការអនុញ្ញាត​ឲ្យ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រុយ​ហ្គា​យ​ ​

​ក្លិប Barcelona បានផ្តល់​ការអនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ Luis Suarez ធ្វើដំណើរ​ទៅកាន់​ប្រទេស​កំណើត​អ៊ុយ​រុយ​ហ្គា​យ​របស់គាត់​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ សម្រាប់​ការ​ទាត់​ជម្រុះ World Cup របស់​ពួកគេ​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ បើទោះជា​គាត់​នៅ​ត្រូវការ​ជាសះស្បើយ​ពីរ​បួស​ក្បាលជង្គង់​យ៉ាងណាក្តី​។​

​កីឡាករ Suarez បាន​រងរបួស​ក្បាលជង្គង់​ស្តាំ​របស់គាត់ អំឡុង​បរាជ័យ​ ០-២ ​​របស់​ក្រុម Barcelona ជាមួយ​ក្រុម Real Madrid កាលពី​ថ្ងៃទី​១៦ ខែសីហា​ កន្លងទៅ ដោយ​ក្រុមគ្រូពេទ្យ​ប្រចាំ​ក្លិប បាន​អះអាងថា គាត់​នឹង​អាច​អវត្តមាន​ពី​ការប្រកួត​រយៈពេល ​៤​សប្តាហ៍​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្លិប Barcelona កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹងថា កីឡាករ Luis Suarez កំពុង​ជាសះស្បើយ​ពីរ​បួស​ក្បាលជង្គង់​ដែល​គាត់​ទទួលរង​អំឡុង​ការប្រកួត​ជើង​ទី​២ នៅ Spanish Super Cup ។​

សេចក្តីថ្លែងការណ៍​នេះ បាន​បន្តទៀតថា ក្រុមគ្រូពេទ្យ​របស់​ក្លិប Barcelona និង​សមាគមន៍​បាល់ទាត់​អ៊ុយ​រុយ​ហ្គា​យ បាន​ឯកភាព​ថា កីឡាករ​ម្នាក់នេះ នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់គាត់​នៅ​សប្តាហ៍​ក្រោយ ដើម្បី​បន្ត​ដំណើរការ​ជាសះស្បើយ​ពីរ​បួស​។​

សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អ៊ុយ​រុយ​ហ្គា​យ ឈរ​នៅ​លេខ​៣​ នៅលើ​តារាង​ទាត់​ជម្រុះ World Cup របស់​សម្ព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​ (CONMEBOL)​ ជាមួយនឹង​ ៤​ប្រកួត​ត្រូវ​លេង ថ្វីត្បិតតែ​ពួកគេ​មាន​ពិ​ន្ទុស្មើ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី​ឈរ​នៅ​លេខ​៤ ហើយ​នឹង​មាន​ ១​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៥​អា​ហ្ស​ង់​ទីន​។​

សូមបញ្ជាក់ថា ៤​ក្រុម​កំពូល​នឹង​រកបាន​កៅអី​លេង ​ដោយ​ស្វ័យប្រវត្តិ​នៅ​ការប្រកួត World Cup ឆ្នាំក្រោយ​នៅក្នុង​ប្រទេស​រុស្ស៊ី ខណៈដែល​ក្រុម​លេខ​៥​ ត្រូវ​ឆ្លងកាត់​វគ្គ​កាត់សេចក្តី Play-off លេង​២​ជើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684