ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​អាមេរិក ​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ ​

យោធា​សហរដ្ឋអាមេរិក​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ballistic រយៈ​ចម្ងាយ​ខ្លី​ចំនួន​បី​គ្រាប់​នៅ​ថ្ងៃ​សៅរ៍​ ក្រោយពី​មាន​ភាព​តានតឹង​ជាច្រើន​សប្តាហ៍​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ព្យុងយ៉ាង​។​

ការបាញ់​មី​ស៊ី​ល​នេះ​បាន​កើតឡើង ​ខណៈដែល​ក​ង​ទ័ព​កូរ៉េខាងត្បូង​ និង​អាមេរិក​រាប់ម៉ឺន​នាក់​ ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ នៅ​កូរ៉េខាងត្បូង​ ដែល​ក្រុង​ព្យុងយ៉ាង ​ចាត់ទុកថា​ជាការ​ហាត់​សម​បង្កហេតុ​ដ៏​ខ្លាំង​សម្រាប់​ការ​លុកលុយ​លើ​ទឹកដី​របស់ខ្លួន​។​

អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​អាមេរិក ​ប៉ាស៊ីហ្វិក​ម្នាក់ ​បាន​និយាយថា មី​ស៊ី​លពីរ​គ្រាប់​បាន​បរាជ័យ​ក្នុងការ​ហោះហើរ ​ហើយ​ទី​បី​ បាន​ផ្ទុះ​សឹងតែ​ភ្លាមៗ​។​

អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា គ្មាន​មី​ស៊ី​ល​ណាមួយ​ ដែល​ត្រូវបាន​បាញ់​បង្ហោះ​ នៅ​ជិត​ក្រុង Kittaeryong បង្ក​ការគំរាមកំហែង​ដល់​អាមេរិក​ខាងជើង​ ឬ​តំបន់​ប៉ាស៊ីហ្វិក​នៃ​កោះ​ហ្គា​ម​ទេ​។​

អ្នកនាំពាក្យ​លោក​មេបញ្ជាការ Dave Benham បាន​និយាយថា “​មី​ស៊ី​ល​ទីមួយ​ និង​ទី​បី​ បាន​បរាជ័យ​ក្នុងកា​ហោះហើរ​។ មី​ស៊ី​ល​ទី​ពីរ​ ដែល​បាន​បាញ់​ហាក់ដូចជា​ផ្ទុះ​សឹងតែ​ភ្លាមៗ​”​។ លោក​បន្ថែមថា ការបាញ់​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ ៣០​នាទី​។​

ការបាញ់​នេះ​បាន​កើតឡើង​ នៅពេលដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង ​រាយការណ៍​ថា មេដឹកនាំ​គីម​ជុង​អ៊ុន ​បាន​មើល​ការខុសត្រូវ​សមយុទ្ធ​យោធា​មួយ ​ដែល​បង្ហាញ​ពី​ការ​ក្លែង​វាយប្រហារ​ដោយ​កងកម្លាំង​ពិសេស ​ទៅលើ​កោះ​ព្រំដែន​របស់​កូរ៉េខាងត្បូង​ ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ និង​កាំភ្លើង​ធំ​។​

ក្រសួងការពារជាតិរ​បស់​ប្រទេស​កូរ៉េខាងត្បូង ​បាន​និយាយថា “​មី​ស៊ី​ល​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងនេះ​” ដែល​បាន​បាញ់​នៅវេលា​ម៉ោង​ ៦:៤៩​ព្រឹក​ គឺ​ហោះ​បាន​ចម្ងាយ​ ២៥០​គីឡូម៉ែត្រ​ ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​។​

ទង្វើ​របស់​កូរ៉េខាងជើង​ ត្រូវបាន​រាយការណ៍​ភ្លាមៗ​ ទៅកាន់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ។​

ក្រសួង​បាន​បន្ថែមថា “​យោធា​កំពុង​បន្ត​ឃ្លាំមើល​លើ​ប្រទេស​កូរ៉េខាងជើង ​ដើម្បី​ទប់ទល់​នឹង​ការ​បង្កហេតុ​បន្ថែមទៀត​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684