ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ U18 កម្ពុជា មិនបាន​ទៅ​ចូលរួម​បុណ្យសព​ឱ​ពុក​របស់ខ្លួន​ នៅ​ប្រទេស​ជប៉ុន ព្រោះ​ជាប់​ដឹកនាំ​ក្រុម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​

​ឱ​ពុក​បង្កើត​របស់លោក Inoue Kazunori ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ ​១៨ ឆ្នាំ​(U18) បាន​ចែក​ឋាន​កាលពីពេល​ថ្មីៗ ខណៈ​គ្រូបង្វឹក​រូបនេះ​សម្រេចចិត្ត​មិន​ទៅ​ចូលរួម​បុណ្យសព​ឱ​ពុក​នៅ​ស្រុកកំណើត​នោះទេ ក្រោម​ហេតុផល​មួយ​ ដែល​គួរឱ្យ​គោរព​ជាទីបំផុត ដោយ​បំពេញ​តាម​បំណង​របស់​ឱ​ពុក​លោក​ជាមួយ​ក្រុម​កម្ពុជា ប្រកួត​លើ​ឆាក​អន្តរជាតិ​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា​ឱ​ពុក​របស់លោក Inoue Kazunori បាន​ប្រាប់​លោក​ថា​ ៖ «​នៅពេល​ឪពុក​របស់ខ្ញុំ​គាត់​នៅរស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំឲ្យ​កម្ពុជា ចាញ់​!»​។ មែនទែនទៅ​បុរស​ជនជាតិ​ជប៉ុន រូបនេះ​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ​១៨​ឆ្នាំ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ រយៈពេល​ ១​សប្ដាហ៍ ដោយ​ចេញដំណើរ​ទៅ​នៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ មុន​បន្តទៅ​ប្រកួត​ជើងឯក​អាស៊ាន AFF U18 Championship 2017​ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ក្រុម ​U18 ​របស់​កម្ពុជា នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ រយៈពេល​ ១​សប្ដាហ៍​ពោលគឺ​ចេញដំណើរ​ទៅ​ថ្ងៃអាទិត្យ ទី​២៧ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៧​ ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U18 Championship 2017 ដែល​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ខែកញ្ញា និង​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC U19 Championship 2019 ក្នុង​ខែវិច្ឆិកា ខាងមុខ​។ ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​នេះ​ចាប់​ប្រកួត​ពីថ្ងៃ​ទី ៤ ដល់​ ១៧​ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រុម​ចំនួន​១២ ​មានឈ្មោះ​ចូលរួម បូក​ទាំង​ក្រុម​ញូ​ហ្សេ​ឡែ​ន ដែល​អ​ញ្ញើញ​ឱ្យចូល​រួម​។ កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ថៃ ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ឡាវ និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​ក្រុម​មី​យ៉ាន់​ម៉ា វៀតណាម ញូ​ហ្ស​ឡែ​ន ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ​។​

​លោក Inoue Kazunori គ្រូ​បានធ្វើ​ដំណើរ​មក​ដឹកនាំ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៦ ហើយ​អំឡុងពេល​នោះដែរ ​លោក​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែ​តាំង​ឱ្យដឹង​នាំ​ក្រុម​ជម្រើសជាតិ U16 របស់​កម្ពុជា​ផងដែរ​។ លោក​ជា​គ្រូបង្វឹក​ដំបូង​គេ ដែល​ដឹកនាំ​ក្រុម​កម្ពុជា ស្គាល់​រសជាតិ​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ពានរង្វាន់​ក្នុង​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​ជាមួយគ្នា​នោះដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684