ព័ត៍មានទាន់​ហេតុការណ៏
Search

“​អនាគត​នៃ​ការផលិត​” ត្រូវបាន​លើក​យកមក​បង្ហាញ​ដោយ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់

ភ្នំពេញ ៖ ​“​អនាគត​នៃ​ការផលិត​” គឺជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​សង្ខេប​ថ្នាក់​ប្រតិបត្តិ​ ស្តីពី​ឧស្សាហកម្ម ​4.0 ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា (ADW) កាលពី​ថ្ងៃទី​២៥​ ខែសីហា ​ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង ​Inspire Asean ដែលជា​បណ្តុំព្រឹត្តិការណ៍​មួយ ផ្តោត​ជា​ចម្បង​លើ​បញ្ហា​ប្រឈម និង​ឱ​កាស​នៃ​ជីវិត​វិជ្ជាជីវៈ​ទំនើប​នៅក្នុង​សហគមន៍​អាស៊ាន​។​

​ឧស្សាហកម្ម​ 4.0 គឺជា​ឈ្មោះ​មួយ​សម្រាប់​និន្នាការ​បច្ចុប្បន្ន​ នៃ​ប្រព​ន្ធ័​ប្រវត្តិ​កម្ម​ និង​ការផ្លាស់ប្តូរ​ទិន្នន័យនៅក្នុង​វិស័យ​បច្ចេកវិទ្យា​ផលិតកម្ម​។ នៅក្នុង​នោះ​ មាន​រាប់បញ្ចូល​ទាំង​ប្រព​ន្ធ័​ដំណោះស្រាយ​តាម​បច្ចេកវិទ្យា Cyber-physical ប្រព​ន្ធ័​អន្តរ​ទំនាក់ទំនង​The internet of things ប្រព័ន្ធ ​Cloud Computing និង​ប្រព​ន្ធ័​ Cognitive Computing ផងដែរ​។​ ទស្សនទាន​ក្នុង​ការបង្កើត​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្លាស់ប្តូររបៀប​ផលិតកម្ម​សកល​ជា​រៀងរហូត​។​

វាគ្មិន​ជំនាញ​ម្នាក់ក្នុងចំណោម​ពីរ​នាក់ ​ដែល​អញ្ជើញ​មកពី​ក្រុមហ៊ុន Siemens និង​ក្រុមហ៊ុន​ Bosch ដែលជា​ក្រុមឧស្សាហកម្ម​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​ពីរ ដែលមាន​បុគ្គលិកសរុប​ចូលគ្នា​លើសពី ៧៥០០០០នាក់​ នៅ​ទូទាំង​ពិភពលោក បានធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល​ទស្សនទាន​ទាំងនេះ ត្រូវបាន​យកមកអនុវត្ត​នាពេល​បច្ចុប្បន្ន កន្លងមក និង​អំពី​របៀប​ដែល​ទស្សនទាននេះ​ អាចអនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត​។​

លោក Markus Lorenzini ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ក្រុមហ៊ុន Siemens​ ថៃ​(​មី​យ៉ាន់​ម៉ា និង​កម្ពុជា​) បានធ្វើការ​ចែករំលែក​អំពី​ចក្ខុវិស័យរបស់លោក ​អំ​ពី​ឥទ្ធិពល​នៃ​ការ​បំ​លែង​បច្ចេកវិទ្យា​ឌីជីថលទៅលើ​អនាគត នៃ​វិស័យ​ផលិត​នៅក្នុង​ទ្វីបអាស៊ី និង​របៀប​ដែល​ក្រុមហ៊ុន ​Siemens ធ្វើការ​ជាមួយនឹង​អតិថិជន​របស់ខ្លួន​ លើ​កិច្ចការអនុវត្ត​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​អនាគត​។​

​លោក Nikolay Kurnosov អគ្គនាយក​នៃ​ក្រុមហ៊ុន​ Rexroth បាន​បញ្ជាក់ថា Bosch Group នៅក្នុង​ប្រទេសវៀតណាម និង​ជា​អ្នកជំនាញ​ឈានមុខ ក្នុងការ​អនុវត្ត​ទស្សនទាន ឧស្សាហកម្ម 4.0 នៅក្នុង​វិស័យផលិតកម្ម​ទំនើប បាន​ចែករំលែក​ការអនុវត្ត​ល្អ​បំផុត ពី​ក្រុមហ៊ុន Bosch ទូទាំង​ពិភពលោក​ ក៏ដូចជាបទពិសោធន៍រ​ប​ស់លោក ក្នុង​ការធ្វើ​ទំនើបកម្ម​រោងចក្រ​ទីមួយ​របស់​វៀត​ណា​ម ទៅជា​ស្តង់ដារឧស្សាហកម្ម​ 4.0​ ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114