ព័ត៍មានទាន់​ហេតុការណ៏
Search

​ភ្លើង​ឆេះ​ព្រៃ​ បាន​ចាប់បង្ខំ​ឲ្យ​មនុស្ស ​១.១០០​នាក់ ភៀស​ចេញពី​ភាគ​ខាងលិច​ ប្រទេស​កាណាដា​

​ភ្លើង​ឆេះ​ព្រៃ​ថ្មី​មួយ​ បាន​ចាប់បង្ខំ​អ្នកស្រុក​ដល់​ទៅ ​១.១០០​នាក់ នៅក្នុង​ខេត្ត British Columbia នា​ភាគ​ខាងលិច​បង្អស់​នៃ​ប្រទេស​កាណាដា ឲ្យ​ភៀសខ្លួន​ទាំងយប់ ហើយ​អណ្តាតភ្លើង​ នៅតែ​កំពុង​ឆាបឆេះ លែង​ត្រួតត្រា​បាន កាលពី​រាត្រី​ថ្ងៃ​សុក្រ​។ នេះ​ជាការ​លើកឡើង​ពី​ក្រុមមន្ត្រី​។​
​ ​
ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ចម្ងាយ​ប្រមាណ ​២០​គីឡូ ម៉ែត្រ​ពី​តំបន់​ចម្ការ​ទំពាំងបាយជូរ Okanagan ស្ថិតនៅក្នុង​សហគមន៍​ដែលមាន​អ្នកស្រុក​រស់នៅ Joe Rich ក្បែរ​តំបន់ Kelowna ។​

​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​នៃ​ខាង​ពន្លត់​អគ្គិភ័យ​ប្រចាំខេត្ត British Columbia លោក Kevin Skrepnek បាន​និយាយថា ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ ទំនងជា​មិនបាន​បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​នោះ ទេ​។​
​ ​
តំបន់​ភាគ​ខាងកើត Kelowna នោះ មាន​ព្រៃស្រោង និង​ទីវាល​តំបន់ភ្នំ​ដ៏​ចោត​ដែល​មិនអាច​ធ្វើការ​ប្រយុទ្ធ​តទល់​ជាមួយនឹង​ភ្លើង​ឆេះ​ព្រៃ​បានទេ​។​
​ ​
ជ្រលង​តំបន់ភ្នំ Okanagan Valley នៃ​តំបន់​ចម្ការ​ទំពាំងបាយជូរ​ដ៏​ល្វឹងល្វើយ​ទី​២​ របស់​ប្រទេស​កាណាដា ដែលមាន​ផ្ទៃដី​ដាំ​ដុះ ដើម​ទំពាំងបាយជូរ​ដល់​ទៅជិត ​៤.០០០​ហិកតា រួមទាំង​មាន​ចម្ការ​ដំណាំ​ផ្លែឈើ ដទៃ​ផ្សេង​ទៀតផង​។​
​ ​
ការដាក់​តំបន់​ឲ្យ​ស្ថិតនៅក្នុង​សភាព​អាសន្ន បន្ទាន់ត្រូវបាន​ចូល​ជា​ធរមាន​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទឹកដី​ខេត្ត British Columbia មាន​ចាប់តាំងពី​ថ្ងៃទី​០៧ ខែកក្កដា មក​ម្ល៉េះ​។​

​ចាប់តាំងពី​ខែ​មេ​សា​ មក ផ្ទៃដី​ព្រៃ​ដល់​ទៅ​ជាង​ ១​លាន​ហិកតា ស្ថិតនៅក្នុង​ខេត្ត​មួយ​នេះ​របស់​ប្រទេស​កាណាដា រង​ការបំផ្លិចបំផ្លាញ​ដោយ​ភ្លើង ឆេះ​ព្រៃ ដែលជា​តំបន់​ដ៏​ធំ​បំផុត​រង​ការឆាបឆេះ​រហូត​ជាប់​កំណត់ត្រា​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684