ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង បើកទ្វារ​ដល់​អ្នកទេសច​រ​រុ​ស្ស៊ី និង​ថា​មាន​សុវត្ថិភាព​ជាង​ការ​ដើរលេង​ពេលយប់​នៅ​ទីក្រុង​ឡុង​ដ៍​ ​

​ប្រទេស​កូរ៉េខាងជើង បាន​បើកទ្វារ​របស់ខ្លួន​ដល់​អ្នកទេសចរ​រុ​ស្ស៊ី ដោយ​ចេញ​នូវ​អាជ្ញាប័ណ្ណ​ឲ្យ​ភ្នាក់ងារទេសចរណ៍​មួយ ​នៅ​ទីក្រុង​មូ​ស្គូ​ លើកដំបូង​ ដើម្បី​សន្យា​ដល់​អតិថិជន​ឲ្យ​ធ្វើ​ស៊ប់​ទាំងស្រុង​នៅក្នុង​វប្បធម៌ និង​ការសប្បាយរីករាយ​រប​ស់​ប្រទេស​ដែលថា មាន​សុវត្ថិភាព​ក្នុងការ​ដើរលេង​ពេលយប់​ជាង​នៅ​ទីក្រុង​ឡុង​ដ៍​នោះ​។​

​ក្រុមហ៊ុន​ទេសចរណ៍ NKOREAN-RO ជា​ក្រុមហ៊ុន​មួយ​របស់​រុ​ស្ស៊ី​ផ្តល់​អាជ្ញាប័ណ្ណ ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង បាន​ផ្តល់នូវ​ការរៀបចំ​ការធ្វើដំណើរ​ជា​ក្រុម​រហូតដល់ ​១០​នាក់ ឬក៏​បុគ្គល​ដើម្បី​បង្ហាញ​ដល់​អ្នកទេសចរ​នូវ​ទិដ្ឋភាព​ជាច្រើន​នៃ​ជីវិត​របស់​ប្រទេស​កូរ៉េខាងជើង ​ដែល​បិទ​ជិត​បំផុត​នេះ​។ ភ្ញៀវ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ​ត្រូវតែ​បានធ្វើការ​ត្រួតពិនិត្យ​ជា​ចាំបាច់ ​នៅមុន​ការធ្វើដំណើរ​របស់​ពួកគេ និង​ត្រូវបាន​ជូន​ដំណើរ​ជាប់​ជានិច្ច​ ដោ​យម​គ្គុ​ទេ្ទ​សក៍​ម្នាក់​ ដែល​នឹង​ត្រួតពិនិត្យ​ចរិយា​របស់​អ្នកទេសចរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ធានា​សុវត្ថិភាព​របស់ខ្លួន​ផងដែរ​។ រូបភាព​នៃ​កន្លែង​ជា​យុទ្ធសាស្ត្រ និង​យោធា​ត្រូវបាន​ហាមឃាត់ និង​ការ​និ​យាយ​ជជែក​គ្នា​យូរ​ ជាមួយ​អ្នកស្រុក​មិនត្រូវ​បាន​ណែនាំ​នោះឡើយ​។​

​ប្រទេស​កូរ៉េខាងជើង​ បានធ្វើការ​សាកល្បង​នុយ​ក្លេ​អ៊ែ​រ​ពីរ​គ្រាប់ និង​មី​ស៊ីល​ជាច្រើន​គ្រាប់​ចាប់​តាំង​ពី​ដើមឆ្នាំ​កន្លងមក និង​បានធ្វើ​ឲ្យ​កើនឡើង​នូវ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ដែល​ប្រើ​កម្លាំង​កងទ័ព​យ៉ាងខ្លាំង​នោះ និង​រឹងទទឹង ​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ស​និ្ត​សុខ​របស់​អង្គការសហប្រជាជាតិ​។ ការបាញ់​សាកល្បង​កាំជ្រួច​បាលី​ស្ទីក​អន្តរទ្វីប​ពីរ​គ្រាប់​នៅក្នុង​ខែកក្កដា បាន​បង្កើត​ឲ្យ​មាន​ជុំ​ថ្មី​មួយ​នៃ​ការដាក់ទណ្ឌកម្ម​សកល​កាន់តែ​តឹង​រ៉ឹ​ង​។ ប្រឈម​ជាមួយ​បញ្ហា​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ ដោយ​ការដាក់ទណ្ឌកម្ម​ជាច្រើន​នោះ រដ្ឋាភិបាល​របស់​ក្រុង​ព្យុងយ៉ាង​មាន​ចំណង់​យ៉ាង​ខ្លាំង ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដើម្បី​រកប្រាក់​។​

​ការធ្វើដំណើរ​ទេសចរ​ដ៏​ថ្លៃ​បំផុត​រយៈពេល ​១៥​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​ជឿ​ស៊ប់​ទាំងស្រុង​នូវ​វប្បធម៌​របស់​កូរ៉េខាងជើង គឺមាន​តម្លៃ​ ១១៨,០៩០​រូប (១៩៩៧​ដុល្លារ​) រួមមាន​ការធ្វើដំណើរ​ទៅ​ទស្សនា​កសិដ្ឋាន​មួយកន្លែង​រោងចក្រ​ផលិត​ទឹករ៉ែ​មួយកន្លែង និង​ព្រះវិហារ​ព្រះពុទ្ធសាសនា​មួយកន្លែង និង​ដើរ​មើល​នៅ​កន្លែង​ភ្នំ​នានា និង​ការបង្ហាញ​នូវ​របៀប​ធ្វើ​ម្ហូប​ជាតិ​របស់​កូរ៉េ​។ ការ​ទៅ​ទស្សនា​សារមន្ទីរ​ជាច្រើន​របស់​មេដឹកនាំ​ស្ថាបនិក​កូរ៉េខាងជើង​លោក​គីម អ៊ីល​ស៊ុ​ង ក៏ត្រូវ​បានផ្តល់​ផងដែរ​។​

​ការធ្វើដំណើរ​ទស្សនា​ដែល​មិនសូវ​ត្រូវការ​នោះ ​រួម​មានការ​សម្រាក ​នៅ​ឆ្នេរសមុទ្រ​កន្លែង​តាំង​ពិព័រណ៍​យន្តហោះ ​និង​ថែមទាំង​ការ​ជប់លៀង​ស្រា​បៀរ​នោះ​ផង​។ គេ​មិនដឹង​ច្បាស់​ថា តើ​ដំណើរ​ទេសចរណ៍​ទាំងនេះ​មានការ​ពេញនិយម​យ៉ាង​ដូចម្តេចខ្លះ​ នៅក្នុង​ចំណោម​ប្រជាជន​រុ​ស្ស៊ី​នោះ ដែលមាន​ការពេញចិត្ត​រួចហើយ ​ក្នុងការ​ទៅ​ទស្សនា​អឺ​រ៉ុ​ប និង​កន្លែង​កម្សាន្ត​ទាំងឡាយ​នៅ​ប្រទេស​ទួរគី និង​នៅ​ប្រទេស​ថៃ​នោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684