ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​អាមេ​រិ​ក នៅ​ប្រទេស​សូ​ម៉ាលី​ បើក​ប្រតិបត្តិការ​វាយឆ្មក់​-កុមារ ​៣​នាក់ ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ក្នុងចំណោម​ជន​បាត់​បង់ជីវិត​ ​

កងទ័ព​របស់​ប្រទេស​សូ​ម៉ាលី ដែល​គាំទ្រ​ ដោយ​កងកម្លាំង​សហរដ្ឋ​អាមេរិក បាន​បាញ់សម្លាប់​ពលរដ្ឋ​សូ​ម៉ាលី​ ១០​នាក់ ក្នុងនោះ​មាន​កុមារ ​៣​នាក់​ផងដែរ នៅក្នុង​ភូមិ​មួយ​ដែល​ស្ថិត​នៅក្បែរ​នឹង​រដ្ឋធានី Mogadishu កាលពី​ថ្ងៃ​សុក្រ ដែល​នេះ​ជាការ​លើក​យកមក​និយាយ​ដោយ​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ និង​មន្ត្រី​នៅក្នុង​ស្រុក​មួយចំនួន ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ការជាប់​ពាក់ព័ន្ធ​របស់​កងទ័ព​សហរដ្ឋ​អា​មេ​រិ​ក ត្រូវបាន​បញ្ជាក់​អះអាង​ ដោយ​ទីបញ្ជាការ​រួម​អាហ្វ្រិក​និង​អា​មេ​រិ​ក ដែល​បាន​និយាយថា ខ្លួន​កំពុងតែ​បើក​ការ​ស៊ើប​អង្កេត​ ទៅលើ​របាយការណ៍​ទាំងឡាយ​ដែលថា​មានការ​អន្តរាយ​ដល់​ជន​ស៊ី​វិល​នោះ​។​

​កងទ័ព​សូ​ម៉ាលី ដើមឡើយ​បាន​និយាយថា ពុំ​មាន​ជន​ស៊ី​វិល​ណា ត្រូវ​សម្លាប់​នោះទេ ហើយ​អ្នក ស្លាប់​ទាំងអស់ គឺជា​សមាជិក​នៃ​ក្រុម​ជីវពល​ប្រដាប់អាវុធ al Shabaab ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​អាល់​កៃ​ដា ដែល​កំពុងបើក​ការ​វាយ​ប្រយុទ្ធ​ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែលមាន​សហប្រជាជាតិ​នៅ​ពីក្រោយ និង​ដាក់ចេញ​នូវ​ច្បាប់​ឥស្លាម​ដ៏​តឹង​រ៉ឹ​ង​មួយ​។​

​បន្តិចក្រោយមក កងទ័ព​សូ​ម៉ាលី​ បានចេញ​សេចក្តីប្រកាស​ជា​លើក​ទី​២​មួយទៀត ដោយ​និយាយថា មានការ​បាត់បង់​អាយុជីវិត​ជន​ស៊ី​វិល​មួយចំនួន​ត្រូវបាន​រាយការណ៍​។​

​ឧប្បត្តិ​ហេតុនេះ ទំនងជា​បង្ក​ឲ្យ​កើតមាន​ជា​សំណួរ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន អំពី​ការកើនឡើង​នៃ​វត្តមាន​របស់​កងទ័ព​សហរដ្ឋ​អា​មេ​រិ​ក នៅក្នុង​ប្រទេស​អាហ្វ្រិក​មួ​យ​នេះ ដែល​ធ្លាប់​ទទួលរង​ញាំញី ដោយ​សង្គ្រាម​ស៊ីវិល​តាំងពី​ឆ្នាំ​១៩៩១​មក​។ គួររំលឹកថា មាន​ទាហាន​កងទ័ពជើងទឹក​សហរដ្ឋ​អា​មេ​រិ​ក​ម្នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​សូ​ម៉ាលី កាលពី​ខែឧសភា​កន្លងទៅនេះ ហើយ​គឺជា​ការប្រយុទ្ធ​ដែល​នាំ​ឲ្យ​មានការ​បាត់បង់​ជីវិត​ជា​លើក​ទី​១ ​របស់​សហរដ្ឋ​អាមេ​រិ​ក នៅ​ក្នុងប្រទេស​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៣​កន្លងមក​។​

​សេត​វិមាន​បាន​ធានា​ដល់​អាជ្ញាធរ​ផ្នែក​កងទ័ព របស់​សហរដ្ឋ​អា​មេរិ​ក នៅក្រៅ​ប្រទេស​ឲ្យ​បើក​ការវាយប្រហារ​ នៅក្នុង​ប្រទេស​សូ​ម៉ាលី ប្រឆាំងនឹង​ក្រុម al Shabaab ជា​បន្ថែមទៀត នៅក្នុង​ការផ្តល់​សញ្ញា​ជា​លើកចុងក្រោយ​បង្អស់​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​បង្កើន​វត្តមាន​របស់​កងទ័ព​សហរ​ដ្ឋ​អា​មេ​រិ​ក​នៅក្នុង​តំបន់​នោះ​៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684