ព័ត៍មានទាន់​ហេតុការណ៏
Search

ពួក​និកាយ​ស៊ី​អ៊ី​ត បញ្ចុះសព​អ្នកស្លាប់​ ក្នុងការ​វាយប្រហារ​ នៅ​វិហារ​ក្រុង​កា​ប៊ុល ​ខណៈ​អ្នកស្លាប់​កើន​ដល់​ ២៨​នាក់​

អ្នក​កាន់ទុក្ខ​និកាយ​ស៊ី​អ៊ី​ត​រាប់រយ​នាក់​ បានចាប់ផ្តើម​បញ្ចុះសព​ជនរងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ និង​ការវាយប្រហារ ​ដោយ​កាំភ្លើង​លើ​វិហារ​ឥស្លាម​ ក្រុង​កា​ប៊ុល​មួយ ​នៅ​ថ្ងៃ​សៅរ៍​ ខណៈ​ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​នេះ ​បាន​កើនឡើង​ដល់ ​២៨​នាក់​។​

សាច់ញាតិ​ និង​មិត្តភ័ក្ដិ​ បាន​សែង​មឈូស​ចូលទៅក្នុង​ទី​បញ្ចុះសព​មួយ​ម្តងៗ​មួយថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ចុងក្រោយ​បំផុត​ ដែល​អះអាង​ ដោយ​ក្រុម​រដ្ឋ​ឥស្លាម​លើ​សហគមន៍​និកាយ​ស៊ី​អ៊ី​ត​ជនជាតិភាគតិច​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អ្នក​វាយប្រហារ​បួន​នាក់​ដែល​បំផ្ទុះ​គ្រាប់បែក ​និង​បាញ់កាំភ្លើង​បានដាក់​ការឡោមព័ទ្ធ​វិហារ​ឥស្លាម Emam Zaman នៅ​ភាគ​ខាងជើង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់​រយៈពេល​បួន​ម៉ោង​ខណៈ​បុរស ស្ត្រី​ និង​កុមារ​រាប់សិប​នាក់​បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​។​

នៅក្នុង​ឈុត​ឆាក​ដែល​បានក្លាយ​ទៅជា​រឿង​ដដែលៗ​ ចំពោះ​ពួក​និកាយ​ស៊ី​អ៊ី​ត នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ ដោយ​សង្គ្រាម​មួយ​នេះ អ្នក​កាន់ទុក្ខ​បាន​ប្រមូលផ្តុំ​គ្នា ​នៅ​វិហារ​ឥស្លាម​នេះ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​បញ្ចុះសព​អ្នក​ដែល​បាន​ស្លាប់​។​

លោក Hussain Ali ដែល​បាន​បាត់បង់​មិត្ត​ម្នាក់ ​នៅក្នុង​ការវាយប្រហា​រ​នោះ បាន​ប្រាប់ AFP ថា “​យើង​ធ្លាប់​ចូលរួម​ពិធី​នានា​ដូចជា Ashura រួមគ្នា​នៅក្នុង​វិហារ​ឥស្លាម​នេះ​ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​បែរជា​កប់​សព​របស់​ពួកគេ​នៅទីនេះ​ទៅវិញ​”​។​

លោក​បាន​បន្ថែមថា “​នេះ​មិនមែនជា​លើកទីមួយ​ទេ វា​នៅតែ​បន្ត​កើតមាន​។ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុងការ​ផ្តល់​សន្តិ​សុខដ​ល់​ពួកយើង​។ សូម្បីតែ​ថ្ងៃនេះ នៅក្នុង​ពិធី​នេះ មនុស្ស​មានការ​ព្រួយបារម្ភ​ថា​នឹងមាន​អ្វី​កើតឡើង​បន្តទៀត​”​។​

ក្រុម IS បាន​អះអាង ​ចំពោះ​ការវាយប្រហារ​ ដែល​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស ​៥០​នាក់​រងរបួស​ផងដែរ​មួយ​នេះ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ Amaq របស់ខ្លួន​។​

ពួក​និកាយ​ស៊ី​អ៊ី​ត​ ដែលមាន​ចំនួន​ប្រហែល​ ៣​លាន​នាក់​ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​ប្រកាន់​និកាយ​ស៊ុន​នី​ គឺ​ត្រូវបាន​កំណត់​គោលដៅ​ជា​ទៀងទាត់​ ដោយ​ពួក​ជី​ហាដ​និយម​កាលពី​ឆ្នាំ​កន្លងទៅ​។​

ពួកគេ​បាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​ថា​មិន​បានធ្វើ​គ្រប់គ្រាន់​ ដើម្បី​ការពារ​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684