ព័ត៍មានទាន់​ហេតុការណ៏
Search

តុលា​កាត់ទោស​បុរស​ជ​ន​ជាតិ​អង់គ្លេស ​ករណី​លួច​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៩​ ខែសីហា ឆ្នាំ​២០១៧ បានចាប់ផ្ដើម​កាត់ទោស​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ដែល​លួច​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជាដោយ​ខុសច្បាប់ ក្រោយពី​ជននេះ​ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​មួយ​នៅ​ប្រទេស​ថៃ ។ ជនជាប់ចោទ​ឈ្មោះ TOBY JAMIE NELHAMS ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរជា​ប្រធាន​ក្រុមហ៊ុន​ Springtide International Co.​ មាន​អាស័យដ្ឋាន​នៅ​ក្រុងព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។

លោក សៀង សុខ ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់​ពី​ប​ទលួច​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ​ដោយគ្មាន​សៀវភៅ​ការងារ ប្រើប្រាស់​ឯកសារ​ដែលមាន​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​របស់ខ្លួន និង​ឆបោក។ លោក ​Toby jamenelhams ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ កាលពី​ថ្ងៃទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧។

ក្នុង​សវនាការ​នា​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៧ ជនជាប់ចោទ​បាន​សារភាពថា ខ្លួន​បាន​ចូលមកប្រទេស​កម្ពុជា ​ក្នុងអំលុង​ឆ្នាំ២០១៥​ ហើយ​បាន​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ស្ព៊ី​ង​ថា​យ យកទៅលក់​នៅ​បរទេស​វិញ។ ចំពោះ​លិខិតឆ្លងដែន​ដែល​ខ្លួនគេ​ប្រើប្រាស់ ​គឺ​បាន​បាត់​នៅក្នុងពេល​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​មក​លំនៅស្ថាន​របស់គាត់។

សូមជម្រាបថា សម​ត្ថកិច្ច​នាយកដ្ឋានន​គរ​បាល​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកម្ភៈ ឆ្នាំ២០១៧ បាន​បញ្ជូនបុរស​ជនជាតិ​អង់គ្លេស ឈ្មោះ Toby jame nelhams ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការលួច​ចូលមក​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់ គ្មាន​លិ​ខិ​ត​ឆ្លងដែន គ្មាន​សៀវភៅ​ការងារ និង​សង្ស័យ​ជាប់​ជា​មេគំនិត​នៅ​ពីក្រោយ​ឃាតកម្ម សម្លាប់​ជនជាតិ​អៀក​ឡង់​ម្នា​ក់នៅ​ប្រទេស​ថៃ។ ជនសង្ស័យរូបនោះ​ឈ្មោះ TOBY JAMIE NELHAMS ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរជា​ប្រធាន​ក្រុមហ៊ុន​ Springtide International Co.​ មាន​អាស័យដ្ឋាន​នៅ​ក្រុងព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។​

ប្រភពព័ត៌មាន​ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​សម​ត្ថកិច្ច​នគរបាល​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធីក្រសួងមហាផ្ទៃ​ ឃាត់ខ្លួន​នៅមុខ​ហាង​កាហ្វេ​មួយ​ក្នុងព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​០៥ កម្ភៈ ២០១៧ ដើម្បី​នាំទៅ​សាកសួរ​ពាក់​ព័ន្ធចូលមក​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់។ បន្ទាប់ពី​សាកសួរ​ដំណើររឿង​ចូលមក​ស្នាក់​ប្រទេស​កម្ពុជា ដោយគ្មាន​ច្បាប់​ទម្លាប់​នោះ សម​ត្ថកិច្ច​នគរបាល​នាយដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ដីកា​ឲ្យស្វែងរក​ចាប់ខ្លួន​ឈ្មោះ TOBY JAMIE NELHAMS នេះ ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទៅលើ​ជនជាតិអៀក​ឡង់​ម្នាក់​ ឈ្មោះ TONY KENWAY ភេទ​ប្រុស អាយុ​៣៩ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤ មករា ២០១៧ នៅ​ទីក្រុង​ផា​តា​យ៉ា ប្រទេស​ថៃ។​

ប្រភពព័ត៌មាន​បន្តថា ជនសង្ស័យ​ជនជាតិ​អង់គ្លេស​ ដែលសង្ស័យថា ​បាន​ជាប់​សង្ស័យ​ជា​មេគំនិតសម្លាប់​ជនជាតិអៀក​ឡង់ មូលហេតុ​ខឹង​ជនជាតិ​អៀក​ឡង់​ជំពាក់ប្រាក់​ចំនួន ​៨​លាន ​៥​សែនបាត ក្នុង​មុខ​ជំនួញ​រកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា​នៅ​ប្រទេស​ថៃ​នោះ។ ក្រោយពេល​សម្លាប់​ជនជាតិអៀរ​ឡង់​រួចហើយ ជនជាតិ​អង់គ្លេស​រូបនេះ​ បាន​រត់គេចខ្លួន​លួច​ចូលមក​ស្នាក់នៅ​ប្រទេសកម្ពុជា និង​បាន​ប្រកបមុខរបរ​រកស៊ី​បើក​​ក្រុមហ៊ុន​ដូច​រៀបរាប់​ខាងលើ ដោយបាន​ពឹងពាក់មន្ត្រី​យោធា​ម្នា​ក់នៅ​ក្រុងព្រះសីហនុ ឲ្យ​ជួយ​រត់ការ​ រួមទាំង​អាជ្ញាប័ណ្ណ​បើក​ធ្វើ​ក្រុមហ៊ុន​ទៅក្រសួងពាណិជ្ជកម្ម​ផង។​

នៅពេល​សម​ត្ថ​កិច្ច​ទទួលបាន​ដីកា​ឲ្យ​ចាប់ខ្លួន ​របស់​តុលាការ​ប្រទេស​ថៃ​នោះ ទើបបាន​សម​ត្ថកិច្ចនគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ក្រសួងមហាផ្ទៃ សុំ​ការសម្រេច​ឃាត់ខ្លួនជនសង្ស័យ​បណ្តោះអាសន្ន​ ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការអង្កេត​បឋម ​សម្រាប់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុល​ការ ។

ដូច្នេះ​សវនាការ​នា​ថ្ងៃទី២៩ ​សីហា ឆ្នាំ​២០១៧​នេះ តុលាការ​កម្ពុជា​ពិនិត្យ​ និង​សម្រេច​តែ​លើ​ការ​លួច​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114