ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​ផ្សារ​អូឡាំពិក​សម្ដែង​ ក្ដី​រំភើប​រីករាយ​ ដែល​បាន​ទទួល​វត្ដ​មាន​សម្ដេច​តេជ​ហ៊ុន សែន នៅក្នុង​បរិវេណ​ផ្សារ​ដោយផ្ទាល់

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​អូឡាំពិក​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

អាច​និយាយ​បាន​ថា ​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ដោយ​ផ្ទាល់​បន្ទាប់ពី​អញ្ជើញ​ទៅកាន់​ផ្សារ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​ផ្សារ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បាន​ចំណាយ​ពេល​ប្រមាណ​ជា​៣ម៉ោង​ក្នុង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ក្នុង​ភាព​ស្និទ្ធស្នាល​ និង ​រាក់ទាក់​ជាមួយ​បងប្អូន​អាជីវករ និង ប្រជាពលរដ្ឋ​ដែល​បាន​ទៅកាន់​ផ្សារ​ធំ​ថ្មី​។ នៅ​ក្នុង​ការ​ជួប​ជាមួយ​អាជីវករ​នៅ​ផ្សារ​អូឡាំពិក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​ការសាកសួរ​ដោយផ្ទាល់​ពី​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន​អាជីវករ​ក្នុង​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​សាកសួរ​ពី​ការលក់ទំនិញ​ក្នុង​ផ្សារ​ដែល​ភាគច្រើន​នាំចូល​មកពី​បរទេស​។

នៅ​ក្នុង​ជួប​ប្រាស្រ័យ​នោះ ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ក្នុង​ផ្សារ​អូឡាំពិក​បាន​សំដែង​ការ​ស្វាគមន៍​សម្តេច​យ៉ាង​ណែនណាន់តាន់តាប់​ជាពិសេស​នោះ​គឺ​ការ​សុំ​ថត​សិ​ល​ហ្វី​ជាមួយ​សម្តេច​ទាំងចាស់ទាំងក្មេង​ទាំងប្រុស​ទាំងស្រី​។ អ្នកខ្លះ​ចាប់​អោបរឹត​សម្តេច​ជាមួយ​វាចា​ចេញពី​ក្នុង​ចិត្ត​ថា ថ្ងៃនេះ​បាន​ជួប​ដោយ​ផ្ទាល់​ហើយ​អ្នកមានគុណ​ដែល​បាន​ជួយ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ពី​របប​ប្រល័យពូជសាសន៍ និង នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រទេសជាតិ​។ អ្នកខ្លះ​បាន​ចាប់​អោបថើប​ដោយ​ការគោរព​ស្រឡាញ់​។ អាជីវករ​ខ្លះ​យក​នំ​ចំណី​យក​ផ្លែឈើ ជូន​សម្តេច អ្នកខ្លះ​យក​ក្រដាស​ជួយ​បក់​កុំ​ឲ្យ​ក្តៅ អ្នកខ្លះ​ឲ្យ​ក្រមា​ជូត​ញើស នេះ​ជា​កាយវិការ​ដែល​ឆ្លុះបញ្ចាំង​ពី​ការគោរព​ស្រឡាញ់​ចំពោះ​សម្តេច​តេ​ជោ​ពី​សំណាក់​ប្រជាពលរដ្ឋ និង អាជីវករ​នៅក្នុង​ផ្សារ​អូឡាំពិក​។ នៅ​ទីនោះ​អាជីវករ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់នូវ​សិទ្ធិ​ក្នុង​ការទិញ​លក់​និង​ជួល​តូប​ដល់​បងប្អូន​អាជីវករ​សម្រាប់​លក់​ដូរ​ត​កូនតចៅ។ ទាំងអស់នេះ​គឺជា​ការចង់បាន​របស់​បងប្អូន​អាជីវករ។ បងប្អូន​បាន​សន្យាថា ​នឹង​បន្ត​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​បន្ត​ដឹកនាំ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្ត​ទៅមុខទៀត។

គួរ​បញ្ជាក់​ថា ​ដំណើរ​ទៅកាន់​ផ្សារ​អូ​ឡាំ​ពិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានធ្វើ​ដោយ​មិនបាន​ប្រាប់​ជាមុន​នោះ​ទេ។ ព្រោះ​ពេលខ្លះ​ការ​ប្រាប់​ជាមុន​វា​អាច​នាំ​ឲ្យ​មានការ​រៀបចំ​ទុក​របស់​ពួក​មន្ត្រី​ថ្នាក់ក្រោម​ ក៏ប៉ុន្តែ​ការ​ចុះ​ទៅ​ដោយ​ជាក់ស្តែង​បែបនេះ​អាច​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើការ​ស្វែងយល់បាន​ច្រើន​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​និង អាជីវករ ថា​តើ​តម្រូវការ​របស់​ពួកគេ​គឺ​អ្វី ពេលខ្លះ​ស​ម្តេចក៏​អាច​ដោះស្រាយបាន​ភ្លាមៗ​នូវ​ចំណុច​អសកម្ម​ផ្សេ​ងៗ​ដែល​កើតមាន​នៅក្នុង​ផ្សារ​ផង​ដែរ។ បញ្ហា​មួយទៀត​នោះ​គឺ​អាច​ឲ្យ​សម្តេច​ធ្វើការ​ស្វែងយល់​ពី​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ផងដែរ។

ផ្សារ​អូឡាំពិក (Olympic market) ឈ្មោះ​នេះ​ត្រូវ​បាន​កំណត់​ដោយសារ​ទីតាំង​នៃ​ផ្សារ​នេះ​ស្ថិតនៅ​ជិត​បំផុត​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ផ្សារ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្សារ​ទំនើប​មួយ​នៅក្នុង​អំឡុង​ទសវត្សរ៍ ៩០។ នៅ​ទី​នេះ​មាន​លក់ទំនិញ​គ្រប់​ប្រភេទ មាន​ចាប់​តាំង​ពី​សំលៀកបំពាក់ គ្រឿងសំអាង អាហារ​កំប៉ុង​(preserved food) សម្ភារៈ​អេឡិចត្រូនិក គ្រឿងអលង្ការ … វា​ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ផ្សារ​លក់ដុំ​ផ្នែក​សំលៀកបំពាក់ និង គ្រឿង​សំអាង (Fashion mall) ធំជាង​គេ​ក្នុង​ប្រទេស​នេះ​។ មាន​កំពស់​៣​ជាន់​ចែកចេញជា ២​អគារ​គឺ អគារ A និង អគារ B មាន​តូប​សរុប​ជាង ៣០០០ តូប​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684