ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ​អញ្ជើញ​ទស្សនា​ទស្សនីយភាព រឿង​មហា​វេស្សន្តរជាតក សំដែង​ដោយ​អតីត​សិល្បករ​សិល្បការិនី ៥ ជំនាន់

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានផ្ដល់​កិត្តិយស​អញ្ជើញ​ទស្សនា​ទស្សនីយភាព រឿង​មហា​វេស្សន្តរជាតក ដែល​ចូលរួម​សម្ដែង​ដោយ​លោកគ្រូ អ្នកគ្រូ អតីត​សិល្បករ​ជំនាន់​មុន​និង​បច្ចុប្បន្ន​ប្រាំ​ជំនាន់​រួមគ្នា​ធ្វើ​ឲ្យ​រស់​ឡើងវិញ​ នូវ​ទស្សនីយភាព​រឿង​មហា​វេស្សន្តរជាតក ដើម្បី​រម្លឹក​ខួប​ទី​៤៩ ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត​សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះបិតា​អក្សរសាស្ត្រ​ខ្មែរ។

ទស្សនីយភាព រឿង​មហា​វេស្សន្តរជាតក ត្រូវ​បាន​សំដែង​នៅ​ក្នុង​សាលសន្និសីទ​ចតុមុខ​នា​ល្ងាច​ថ្ងៃទី ៩ ខែ កញ្ញា ២០១៧។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​មោទនភាព​ជាមួយ​សិល្បករ សិល្បការិនី ទាំង ៥ ជំនាន់ ដែល​បាន​រៀប​ចំ​នូវ​កម្មវិធី​សំដែង​ដ៏​គួរ​ឲ្យ​ចាប់ចិត្ត​នេះ។ សម្តេច​បាន​ចាត់​ទុក​ថា​ នេះ​ជា​មរតក​ដ៏​មានតម្លៃ​បំផុត​ដែល​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ សម្តេច​បាន​បន្តថា សម្តេច​បាន​សង្កេត​ដោយ​យកចិត្តទុកដាក់​បំផុត​ជាមួយ​កម្មវិធី​សំដែង​នេះ ហើយ​សម្តេច​ក៏មាន​ការ​ជឿជាក់ យ៉ាងរឹងមាំ​អំពី​សកម្មភាព​សំដែង​រួមគ្នា ៥ ជំនាន់ ដោយ​សង្ឃឹមថា យើង​អាច​ដើរ​ទៅមុខ​ជាមួយគ្នា​ទៀត ដែល​បាន​បង្ហាញ​ថា ​មិន​ត្រឹមតែ​វិស័យ​សិល្បៈ​នោះទេ​។ សម្តេច​សង្ឃឹមថា​ការសំដែង​ថ្ងៃនេះ​នឹង​ក្លាយទៅជា​មរតក​សម្រាប់​អ្នកជំនាន់ក្រោយ។

លោកគ្រូ​អ្នកគ្រូ អតីត​សិល្បករ សិល្បការិនី​ជំនាន់​មុន​និង​បច្ចុប្បន្ន​ប្រាំ​ជំនាន់​បាន​ផ្ដើមគំនិត​ប្រមូលគ្នា​រួម​សម្ដែង រឿង​នេះ​ទុកជា​ការ​ឧទ្ទិស​រម្លឹក​នូវ​ព្រះ​គុណូបការៈ​ដល់​បុព្វបុរស ប្រាជ្ញ​ព្រឹទ្ធ​បណ្ឌិត​សិល្បៈ ដែល​លោក​ជា​អ្នកមានគុណ ជា​គ្រូ មាន​អង្គ​សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុម​នារីរ័ត្ន​សិរី​វ​ឌ្ឍ​នា ព្រះ​មាតា​សិល្បៈ​ជាតិខ្មែរ ព្រះ​ហរ​ទ័យ​ប្រោស​មេត្តា បង្ហាត់បង្រៀន​ដល់​គ្រូ​បានជា​ច្រើន​ជំនាន់ ឲ្យ​អភិរក្ស​កេរ​មរតក​វិសេសវិសាល​នេះ​រហូតមក​។

ផ្ទាំង​ទស្សនីយភាព ​ដែល​កើតឡើង​ដោយ​កម្លាំង​សាមគ្គី​នៃ​មរតក​មនុស្ស​រស់​ជា​សារ​ដ៏​សំខាន់​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជា​យុវ​សិល្បករ​ជំនាន់​ក្រោយ ជា​អ្នក​បន្តវេន​អភិរក្ស​មរតក​វប្បធម៌​ដូនតា​ដ៏​មានតម្លៃ​មិន​អាច​ប្រៀបផ្ទឹម​បាន​នេះ​ទុកជា​គតិ​មុននឹង​ធ្វើការ​អភិវឌ្ឍ​បង្កើត​និម្មិត​កម្ម​ថ្មី សូមកុំ​ភ្លេច​ពី​ប្រភព​ដើម​កំណើត​នៃ​មូលដ្ឋានគ្រឹះ​ទើប​យើង​មិន​បាត់បង់​អត្តសញ្ញាណ​ជាតិ​ដូច​ពាក្យ​ថា​(​វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន ) ។

ទស្សនីយភាព រឿង​មហា​វេស្សន្តរជាតក បាន​ដំណាល​ថា កាល​ព្រះ​បរម​ពោធិសត្វ ទទួល​អារាធនា​និមន្ត​ពី​ព្រះ​ឥន្ទ្រាធិរាជ​យាងចុះ​អំពី​សួគ៌ា​ទេវលោក​មក​ចាប់បដិសន្ធិ ព្រះ​នាង​សុ​បា​សុ​ប្ប​តី​ជា​ព្រះ​មាតា និង​ព្រះបាទ​ស្រី​សញ្ជ័យ​ជា​ព្រះបិតា គ្រង​រាជសម្បត្តិ ឋិត​នា​ឰដ៏​ជេតុត្តរ​នគរ។

ហេតុតែ​ព្រះ​បារមី ​នៃ​ព្រះ​បរម​ពោធិសត្វ ព្រះ​នាង​សុ​បា​សុ​ប្ប​តី​មាន​ព្រះទ័យ​ជ្រះថ្លា បរិច្ចាគ​ទាន​ឲ្យ​ដល់​អស់​ស្មូម​ព្រាហ្មណ៍​យាចក អ្នក​កំសត់​ទុរគត​ផង​ទាំងឡាយ​រហូតដល់​ពេល​ទ្រង់​ប្រសូត ទើប​សន្មត​ព្រះនាម​ករ​ណ៍​ថា “ ព្រះ​វេស្សន្តរ ” គ្រានោះ​មាន​ដំរី​ញី​មួយ​បាន​នាំ​កូន​មក​ថ្វាយ​ព្រះ​វេស្សន្តរ ជាប​ញ្ច័​យ​នៃ​ព្រះ​ពោធិសត្វ​ទើប​អ្នកស្រី​ពិ​រាស្ត្រ​ផង​ទាំងឡាយ​សន្មតនាម​ដំរី​នោះ​ថា “ ប​ញ្ច័​យ​នាគេន្ទ្រ ”។

ព្រះ​វេស្សន្តរ​ទ្រង់​ចំរើន​វ័យ​សិក្សា​ចប់​ត្រៃវេទ មាន​ប្រាជ្ញា​ទិព្វ​វិសេស​ឥត​ទើសទាល់​សោះឡើយ ព្រះបិតា​ព្រះ​មាតា​បានរៀបចំ​អភិសេកព្រះ​នាង​មេ​ទ្រី​ទេវី​នៃ​នគរ​មាតុលា​នគរ និង​ប្រគល់​រាជ្យសម្បត្តិ​គ្រង​បន្ត​ព្រះរាជ​ប្រវេណី ជា​លុះ​យូរលង់​បន្តិច​ទ្រង់មាន​ព្រះរាជបុត្រ​ពីរ​ព្រះអង្គ​គឺ ជាលី​និង​ក្រស្នា ព្រះអង្គ​បាន​បន្ត​បរិច្ចាគ​ទាន​រហូត​បាន​ប្រទាន​ដំរី​សិរី​មង្គល ដល់​ព្រាហ្មណ៍​នៃ​នគរ​ផ្សេង​ជាហេតុ​អោយ​អ្នកស្រី​ពិ​រាស្ត្រ​ទូទាំង​នគរ​នាំគ្នា​បះបោរ​ឲ្យ​និរទេស​ចេញពី​នគរ​ទៅ​នៅ​គិរី​វ​ង្គ​តប​ព​ត៌ ព្រះ​នាង​មេ​ទ្រី​បាន​នាំ​រាជបុត្រ​ដង្ហែ​តាម​ជាមួយ​ផងដែរ។ ពេល​គង់​លើ​រាជរថ​ចាក​ពី​នគរ ពួក​ព្រាហ្មណ៍​បានមក​តាម​សុំ​ព្រះរាជ​ទ្រព្យ​ព្រះអង្គ​នៅសល់តែ​ព្រះកាយ បួន​អង្គា​ត្រេ​ច​យាត្រា​ទៅ​បួស​ជា​ឥសី​នៅ​គិរី​វ​ង្គ​តប​ព​ត៌។

ថ្លែង​ពី​ឪពុកម្តាយ​នាង​អមិត្រ​ធីតា ក្រោយពី​ទទួលបញ្ញើ​មាសប្រាក់​របស់​ជូជក់​កើតជា​ក្ដី​អន្តរាយ​រលាយ​អស់​ធនធាន ដោយ​ក្តី​ទាល់ច្រក​គាត់​លក់​ទ្រព្យ​បញ្ញើ​ចាយ​អស់​គ្មាន​សល់ ជូជក់​មក​ទារ​ទ្រព្យ​ពុំបាន​ក៏​ខឹងសម្បា ពេលនោះ​នាង​អមិត្រ​ធីតា​ព្រមទៅ​នៅ​បម្រើ​តា​ជូជក់ ដើម្បី​សងបំណុល​ឪពុកម្តាយ​ទាំង​សោកសៅ។ នាង​អមិត្រ​ធីតា​បម្រើ​ជូជក់ ធ្វើ​ឲ្យ​ពួក​ព្រាហ្មណី​ខឹងសម្បា​ព្រួត​នាំគ្នា​ទៅ​វាយ​ធ្វើបាប​នាង​យំ​អង្វរ​ឲ្យ​ជូជក់​ទៅ​រក​សុំ​រាជបុត្រ​មក​បម្រើ​តា​ជូជក់​ព្រម​ទៅសុំ​ព្រះរាជបុត្រ​ព្រះ​វេស្សន្តរ​មក​បម្រើ​នាង​អមិត្រ​ធីតា។

ដោយ​វង្វេង​ព្រៃ​ជូជក់​ស្រែកយំ​ចេ​ត្ត​បុត្រ អ្នក​ថ្មើរព្រៃ​ចាំ​ការពារ​អ្នក​ទៅ​បៀតបៀន​ព្រះ​វេស្សន្តរ បម្រុង​នឹង​បាញ់ប្រហារ​ជូជក់​ក៏​និយាយ​កុហក​ថា ជា​រាជទូត​នាំសារ​មក​យាង​ព្រះ​វេស្សន្តរ​ចូល​នគរ​វិញ ព្រាន​ជឿ​ហើយ​បង្ហាញផ្លូវ​ទៅ​អាស្រម​គិរី​វ​ង្គ​តប​ព​ត៌​ព្រមទាំង​ឲ្យ​ស្បៀងអាហារ​ជូជក់​ថែម​ទៀតផង។

ព្រះ​នាង​មេ​ទ្រី​បាន​នាំ​រាជបុត្រ​ទៅ​គាល់​ព្រះ​ឥសី​ទូលថ្វាយ​ពី​សុ​បិ​ន្ត​និមិត្ត​សុំ​ផ្ញើ​បុត្រ​ទាំង​ទ្វេ​ហើយ​យាង​ទៅ​បេះ​ផ្លែ ផល្លា​ផុត​ទៅ ជូជក់​ក៏​មកដល់​ចរចា​សុំ​ប្រទាន​ព្រះរាជបុត្រ​ទាំងពីរ​ទៅ​បម្រើ ជាលី​ក្រឹ​ស្នា​ភ័យ​ណាស់​នាំគ្នា​រត់​ទៅ​ពួន​នៅក្នុង​ស្រះ​ឈូក ជូជក់​ដៀល​ត្មេះ​ព្រះ​ឥសី​ថា​ស្រដី​ពុំ​ពិត​ឲ្យ​ទាន​កូន​ហើយ​ឲ្យ​រត់គេច​អស់ ព្រះ​វេស្សន្តរ​តាម​ហៅ​បុត្រ​មក​ឲ្ ព្រាហ្មណ៍​វិញ ដោយ​ឃើញ​ជូជក់​ធ្វើបាប​បុត្រ​ទាំង​ទ្វេ​ពន់ពេក​ក៏​ទាញ​កៅទណ្ឌ​មក​បំរុង​ប្រហារ​ព្រាហ្មណ៍ តែ​ទប់​ព្រះទ័យ​ហើយ​ធ្មេច​ព្រះ​នេត្រ​យាង​ចូល​អាស្រម​វិញ ជូជក់​ក៏​ប្រញាប់​អូស​រាជកុមារ​ទាំងពីរ​ចេញទៅ។

ព្រះ​នាង​មេ​ទ្រី​ចម្លែក​រក​ផ្លែ​ផល្លា​ពុំបាន​សោះ ចេះតែ​ចូល​ព្រៃ​ជ្រៅ​ទៅ​ទើប​ជួបនឹង​ខ្លា​រាជសីហ៍​ស្ទាក់​ចាំ​ផ្លូវ ទម្រាំ​បានមក​ដល់​អាស្រម​វិញ​ពេល​ព្រលប់ ដោយ​រក​បុត្រ​ពុំ​ឃើញ នាង​មេ​ទ្រី​សោយសោក​រហូត​សន្លប់​បាត់ស្មារតី​ពេល​ដឹងខ្លួន​ឡើង​ព្រះ​វេស្សន្តរ ប្រាប់​ឲ្យ​ទទួល​អនុមោទនា​ដែល​បាន​ពី​ការដាក់​ទាន​រាជបុត្រ​ទាំងពីរ ។ ដោយ​អស់កម្លាំង​ជូជក់​ក៏​ចង​កុមារ​ទាំងពីរ​ហើយ​ឡើង​ចង​អង្រឹង​លើ​ដើមឈើ​សម្រាក​ក្នុងព្រៃ ពេលនោះ​ទេវតា​ក៏​មក​បំពេរ​រាជកុមារ​ទាំង​ទ្វេ​ឲ្យ​ផ្ទំ​លង់លក់ ព្រឹក​ឡើង​ជូជក់​ក៏​បន្តដំណើរ​រហូតដល់​ព្រះរាជ​នគរ​វិញ។

ព្រះបាទ​ស្រីសញ្ជ័យ បាន​និមិត្ត​ឃើញ​អ្នក​កាន់​ផ្កាឈូក​យក​មក​ថ្វាយ ហោរា​ទស្ស​ទាយ​ហើយ​ទូល​ថា​នឹងមាន​ព្រះ​ញាតិ​មកដល់ ជូជក់​ក៏​នាំ​រាជនត្តា​មក​គាល់​ព្រះអង្គ​សុំ​ប្រទាន​ព្រះរាជ​ទ្រព្យ​តាម​ព្រះបន្ទូល​ព្រះ​វេស្សន្តរ មហារាជ​បាន​ឲ្យ​រាជទ្រព្យ​ទៅ​ជូជក់​ជា​ថ្នូរ ព្រមទាំង​រៀបចំ អាហារ​ជូន​ពិសារ រហូត​បែកធ្លាយ​ពោះ​គ្រានោះ​ទៅ។

ព្រះ​វេស្សន្តរ និង​ព្រះ​នាង​មេ​ទ្រី​ត្រូវបាន​ព្រះបិតា ព្រះ​មាតា មក​ដង្ហែ​ចូល​នគរ​វិញ បន្ទាប់ពី​ព្រះ​ឥន្ទ្រាធិរាជ​យាង​ប្រោះព្រំ​ឲ្យ​មាន​សិរី​សួស្តី​ជា​សុខត​រៀង​ទៅ។

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បានផ្តល់​ការឧបត្ថម្ភ​ជាការ​លើ​កក​ចិត្ត​ចំពោះ​សិល្បករ សិល្បករ​-​ការិនី ចំនួន ១០៩ នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ១​លាន​រៀល នេះ​ជាការ​ផ្តល់​ថវិកា​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពីមុនមក៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684