ព័ត៍មានទាន់​ហេតុការណ៏
Search

សេក គឹម​រួន និង ឆៃ សា​រ៉ា រកបាន​បី​ពិន្ទុ​បន្ថែម​ក្នុង​ជម្រុះ​ខ្សែក្រវាត់ ​LEO ​ជុំ​ចុងក្រោយ

សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ក្នុងការ​ប្រកួត​ជម្រុះ​ជុំចុងក្រោយ នៃ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់ ​LEO​ ទម្ងន់​៦៥​គ​.​ក្រ កាលពី​ថ្ងៃអាទិត្យ ទី​១០ ​ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ។

​ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤ ដែលជា​ជុំ​ចុងក្រោយ​នេះ សេក គឹម​រួន គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Kaophong Chaiphum ក្នុង​ទឹក​ទី​៣។ Kaophong មុន​បញ្ចប់​ទឹក​៣​នេះ ត្រូវ​កែង ​និង​ជង្គង់​របស់ ​គឹម​រួន បណ្តាលឱ្យអស់កម្លាំង​ស៊ុហ្វ​រលីង​ពី​ខ្លួន ធ្វើ​ឱ្យ​លែង​តបត​ជាមួយ​ សេក គឹម​រួន ​កើត ត្រូវអាជ្ញាកណ្តាល​រាប់​៨ និង​បន្ទាប់មកទៀតគេ​ក៏​សន្លប់​លែង​ក្រោក​តែម្តង។

​កាលពី​ប្រកួត​ជុំ​ទី​១ សេក គឹម​រួន ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Fasarng ក្នុង​ទឹក​ទី​៣ មកដល់​ជុំ​ទី​២ គេឈ្នះ​ដោយ​ពិន្ទុ ជុំ​ទី​៣​ គេ​ចាញ់​ដោយ​ពិន្ទុ និង​ជុំ​ទី​៤​នេះ គេ​ឈ្នះ​ក្នុង​ទឹក​ទី​៣ ទទួលបាន​១០​ពិន្ទុ ក្នុង៤​ប្រកួត។ ឯ Kaophong កាលពី​ជុំ​ទី​១ ​គេ​វាយ​ចាញ់ ​មុត ខ្លឹម​ខ្មៅ ក្នុង​ទឹក​ទី​៤, ជុំ​ទី​២ គេ​ចាញ់​ដោយពិន្ទុ, ជុំ​ទី​៣ ចាញ់​ដោយ​ពិន្ទុ និង​ជុំ​ទី​៤​នេះ ចាញ់​ក្នុង​ទឹក​ទី​៣ បាន​៤​ពិន្ទុ​ក្នុង​៤​ប្រកួត។ ទោះជាបានឈ្នះ​នៅ​ជុំ​ចុងក្រោយ​នេះ​ក៏ដោយ ក៏ ​សេក គឹម​រួន មិនបាន​ឡើងទៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ដែរ ដោយ​គេ​ចាញ់ ​K.O ដែល​ផ្តួល​គូប្រកួត​នោះ​។ ចំពោះ ​Kaophong​ វិញ គេដឹង​តែ​ពី​ជ្រុះ​ធ្លាក់​ពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះហើយ។

​ចំណែក ឆៃ សា​រ៉ា គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ Waifai Lukmuengpetch ក្នុង​ទឹក​ទី​៣។ Waifai ត្រូវ ​ឆៃ សា​រ៉ា សម្រុកចូល​វាយ​កែងសន្ធាប់​ទៅលើ F Waifai ដោយ​មិន​ទុកឱ​កាសឱ្យ Waifai តដៃ​បាននោះឡើយ។ ជាមួយនឹង​ជ័យជំនះ​នេះ បានធ្វើឱ្យ ឆៃ សា​រ៉ា ទទួលបាន​១០​ពិន្ទុ​ដែរ​ក្នុង​៤​ប្រកួតជម្រុះ​នេះ ដោយ​ឈ្នះ​៣​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ឯ Waifai បាន​៤​ពិន្ទុ​ទេ ដោយសារ​ប្រកួតជម្រុះ​៤​លើក​កន្លងមក ចាញ់​ទាំង​បួន​ប្រកួត។

​ឆៃ សា​រ៉ា ថ្វីត្បិតតែ​បាន​១០​ពិន្ទុ​ដូច​ មុត ខ្លឹម​ខ្មៅ ក្តី ក៏​គេ​ពុំបាន​ឡើងទៅ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រដែរ។ សា​រ៉ា ចាញ់​ចំនួន​ទឹក​ដែល​ផ្តួល​គូប្រកួត ​(KO) ខ​ណៈដែ​ល មុត ខ្លឹមខ្មៅ ក្នុង​៤​ប្រកួតដូចគ្នា គេ​បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្ល​បក់​ទឹក​ទី​១បាន​ម្តង ឯ​ ឆៃ សា​រ៉ា ផ្តួលគូប្រកួត​ឱ្យ​សន្លប់​ក្នុងទឹក​ទី​២។​ ដូច្នេះ សា​រ៉ា ត្រូវ​ចាញ់ ​ខ្លឹម​ខ្មៅ ដែល​ធ្វើឱ្យ ​មុត ខ្លឹម​ខ្មៅ បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ។

​ចំពោះ​ការប្រកួត​គូ​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ អាន ទាវ​ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ចាញ់​ពិន្ទុ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ។​ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤​ គីឡូក្រាម។​ ចំណែក ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ខេត្តរតនគិរី ដោយ​ពិន្ទុ​ដែរ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០​ គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114