ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន អះអាង​ពី​ការ​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការបន្ត​ដឹកនាំ​កម្ពុជា​និង​ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

ភ្នំពេញ ​៖ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​លើកឡើងថា សម្តេច ហ៊ុន សែន គឺជា​មិត្ត​ចាស់ និង ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ចិន។ លោក ថា ប្រទេស​ចិន​សុំ​គូស​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ ប្រទេស​កម្ពុជា​បន្តទៀត​ដើម្បី​អភិវឌ្ឍ​ន៍​កម្ពុជា។

ពី​អតីត​កាល ប​ច្ចុប្បន្ន​កាល និង ទៅ​អនាគត ចិន​នៅតែ​ចាំ​គាំទ្រ​កម្ពុជា​ជា​រៀង​រហូត កម្ពុជា​-​ចិន ប្រៀប​ដូចជា​បងប្អូន​បង្កើត។ ពេល​កម្ពុជា​មានការ​លំបាក​ប្រទេស​ចិន​មិន​អាច​ឈរ​មើល​ហើយ​មិន​ជួយ​ដល់​កម្ពុជា​នោះទេ។

លោក សុង ថាវ បាន​ថ្លែង​ដូច្នេះ កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ក្នុងឱកាស ដែល​លោក​ត្រូវបាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ខណៈ​ដែល​សម្តេច​និង​គណៈប្រតិភូ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

​តាម​ការផ្តល់​ព័ត៌មាន​ពី​លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំ​នួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ លោក សុង ថាវ ដែល​បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច។

​លោក សុង ថាវ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិព័រណ៍​អាស៊ាន ចិន លើក​ទី​១៤ នៅ​ណាន់​នី​ង ដែល​វត្តមាន​របស់​សម្តេច​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង ចិន ។

លោក សុង ថាវ បន្តថា សម្តេច ហ៊ុន សែន គឺជា​មិត្ត​ចាស់ និង ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ចិន ។ លោក សុង ថាវ បន្ត​ថា ​ប្រទេស​ចិន​សុំ​គូស​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ ប្រទេស​កម្ពុជា​បន្ត​ទៀត​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។

លោក សុង ថាវ បាន​ថា ពី​អតីត​កាល ប​ច្ចុប្បន្ន​កាល និង ទៅ​អនាគត ចិន​នៅតែ​ចាំ​គាំទ្រ​កម្ពុជា​ជា​រៀងរហូត កម្ពុជា​-​ចិន ប្រៀបដូចជា​បងប្អូន​បង្កើត ។ ពេល​កម្ពុជា​មានការ​លំបាក​ប្រទេស​ចិន​មិនអាច​ឈរ​មើល​ហើយ​មិន​ជួយ​ដល់​កម្ពុជា​នោះទេ។

លោក សុង ថាវ ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា នៅពេល​ខាងមុខ​ក៏​នឹង​មាន​ទស្សនកិច្ច​របស់​លោក ឡៅ ទីន​សាន ទៅកាន់​កម្ពុជា​នៅ​ថ្ងៃទី ១៩ ដល់ ២១ ខែ កញ្ញា ខាងមុខនេះ។

លោក សុង ថាវ បាន​ទៀត​ថា រដ្ឋាភិបាល​ចិន​សូមបញ្ជាក់​នូវ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ចំណាត់​កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ទៅលើ​អំពើ​ក្បត់ ជាតិ​របស់​ប្រធាន​គណបក្សប្រឆាំង។

នៅក្នុង​ឱកាស​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​សភាពការណ៍​វិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​ដែល​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។ សម្តេច​ក៏បាន​ជម្រាបជូន​ភ្ញៀវ​ទៀតថា សម្តេច​ក៏បាន​ប្រកាសថា​ នឹង​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​កម្ពុជា ១០ ឆ្នាំ​ទៅមុខទៀត។

លោក សុង ថាវ ក៏បាន​អរគុណ​ចំពោះ​ការផ្តល់ជូន​នូវ​ព័ត៌មាន​អំពី​សភាព​ការ​ណ៍​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ចុងក្រោយ​នេះ។ លោក សុង ថាវ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បដិសេធ និង ប្រឆាំង​ដាច់​ខាង​ រាល់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។ ចិន​គាំទ្រ​សម្តេច ហ៊ុន សែន ដឹកនាំ​កម្ពុជា​ដើម្បី​ភាព​រីកលូតលាស់​របស់​ប្រជាជន​កម្ពុជា​និង ភាព​សុខដុម​នៅក្នុង​តំបន់ និង ប្រទេស​កំពុងអភិវឌ្ឍន៍ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684