ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​នៃ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង ចាង កាវ​លី ( Zhang Gaoli) ឧបនាយករដ្ឋមន្ត្រី​ចិន

ភ្នំពេញ​ ៖​ ក្នុង​ការ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​នៅ​រសៀល​ថ្ងៃទី ១១ ខែ កញ្ញា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​លោក ចាង កាវ​លី ( Zhang Gaoli) ឧបនាយករដ្ឋមន្ត្រី​ចិន​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នោះ​លោក ចាង កាវ​លី បាន​ស្វាគមន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​មកកាន់​ប្រទេស​ចិន​ជាថ្មី​ម្តង​ទៀត ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង ទំនាក់ទំនង​រវាង​រូបលោក​និង​សម្តេច​កាន់តែ​មាន​ភាព​ជិតស្និទ្ធ។

លោក ចាង កាវ​លី បាន​បន្ត​ថា ចិន​ពិតជា​រីករាយ​នៅពេល​ឃើញ​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បន្ត​គាំទ្រ​សម្តេច ហ៊ុន សែន ក្នុងការ​អភិវឌ្ឍ​រប​ស់​ខ្លួន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​គាំទ្រ​ចំពោះ​សម្តេច និង រាជរដ្ឋាភិបាល​កម្ពុជា​ជា​រៀង​រហូត​មក។ ពិសេស​ទៀត​នោះ​សម្តេច​តេ​ជោ​បាន​អរគុណ​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​ជួយ​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​មហាក្សត្រី និង អតីតព្រះមហាក្សត្រ​ខ្មែរ​នាពេល​កន្លងមក​ក៏ដូចជា​ប​ច្ចុ​ប្បន្ន ។

ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​ឥត​ឈប់ឈរ​រវាង​ប្រទេស​ទាំងពីរ។ សម្តេច​បាន​បន្ត​ថា ឆ្នាំ​២០១៨ ខាងមុខ​គឺជា​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​កម្ពុជា ចិន ដូចនេះ​គួរ​តែមាន​ការ​រៀប​ចំ​នូវ​កម្មវិធី​ពិសេស។ សម្តេច​ក៏បាន​ជម្រាបជូន​លោក ចាង ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួល​ស្វាគមន៍​វត្តមាន លោក លី ឃឺ​ជាំ​ង នាយករដ្ឋមន្ត្រី​ចិន​នៅ​ឆ្នាំ ២០១៨ ខាងមុខ គឺ​ស្រប​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មេគង្គ ឡា​ម​ឆាន ដូចនេះ លោក លី ឃឺ​ជាំ​ង អាច​ចូលរួម​កិច្ចប្រជុំ​ផង​និង​ឆ្លៀតពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តែម្តង។ សម្តេច​តេ​ជោ​ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​យន្តការ​កិច្ចប្រជុំ​គណកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា ចិន លើក​ទី​៤ ដែល​បាន​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែមេសា។

នៅ​ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​ជួយ​បន្ត​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដោយសារ​កម្ពុជា​បាន​ផលិត​ស្រូវ ពោត សណ្តែក និង ដំឡូង​បាន​ច្រើន តែ​ពុំ​ទាន់​មាន​ទីផ្សារ​គ្រប់គ្រាន់​នៅឡើយ។ សម្តេច​បានស្នើ​ទី​១.​ឲ្យ​ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន ៣០ ម៉ឺន​តោន ឬ​លើស​ពី ៣០ម៉ឺន​តោន។ ទី​២.​សម្តេច​ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​ពិធីសារ​នាំចេញ​ចេក​ពី​កម្ពុជា​ទៅ​ចិន ,​ពិធីសារ​នាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​ចិន និង ពិធីសារ​នាំចេញ​សណ្តែក​សៀក​ពី​កម្ពុជា​ទៅ​ចិន ។​ទី​៣.​ស្នើ​ឲ្យ​ចិន​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​ក្លាយជា​វិស័យ​កសិកម្ម​ទំនើប​មួយ ទាំង​ការផលិត និង ការកែឆ្នៃ ពិសេស​លើ​វិស័យ​ភោ​គា​ម​អនាម័យ​នៅ​កម្ពុជា ។ ទី​៤.​បន្ត​ពង្រឹង​និង​ការផ្លាស់ប្តូរ និង បច្ចេកទេស កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធានទឹក ជាពិសេស​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រួម​នៃ​គម្រោង​ផែនការ​ធនធានទឹក​ក​ម្ពុ​ជា​គ្រប់​ជ្រុងជ្រោយ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ជួយ​សាងសង់ ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​ដល់​កម្ពុជា និង បាន​បង្កើន​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ ,​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ទៅតាម​វិស័យ​អាទិភាព​របស់​កម្ពុជា និង ផ្តល់​ភាពទន់ភ្លន់​ក្នុងការ​ប្រើប្រាស់​នីតិវិធី​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​ការសម្របសម្រួល​ជា មួយ​ជំនាញការ​ចិន។

សម្តេច​បាន​បន្ត​ថា កម្ពុជា​ពិតជា​ចង់​ឃើញ​ជំនួយ​របស់​ប្រទេស​ចិន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​អណ្តូងទឹក ស្រះ​ទឹក ប្រឡាយទឹក ផ្លូវ​ជនបទ គ្លី​និ​ច​ចល័ត ជា​ដើម។ សម្តេច​តេ​ជោ​ក៏បាន​រំលឹក​ឡើងវិញ​ផង​ដែរ​ថា សម្តេច​ធ្លាប់​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​គាំទ្រ​ធនាគារ​ចិន​ណាមួយ​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន ដល់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ឲ្យ​បាន​លឿន។ សម្តេច​បាន​ជំរុញ​ឲ្យ​ភាគី​ចិន​ជួយ​គម្រោង​នេះ​ឲ្យ​បាន​លឿន។

សម្តេច​តេ​ជោ​បាន​ជម្រាប​ជូន លោក ចាង កាវ​លី ផង​ដែរ​ថា កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ចិន​រួចហើយ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​មេគង្គ ឡា​ម​ឆាន នៅ​ថ្ងៃទី ១០​ដល់ ១១ ខែ មករា ឆ្នាំ ២០១៨ ហើយ​កំពុង​រង់ចាំ​ចម្លើយ​ពី​ភាគី​ចិន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​លោក ចាង កាវ​លី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង ពេលវេលា​ដ៏​សមស្រប​ណាមួយ។

ឆ្លើយតប​ជាមួយ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក ចាង កាវ​លី បាន​មានប្រសាសន៍ថា ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​គឺមាន​ភាពល្អប្រសើរ​ណាស់ ដោយ​សម្តេច​បានមក​ទ​ស្សន​កិច្ច​នៅ​ប្រទេស​ចិន​ហើយ​បាន​ជួប​មេដឹកនាំ​កំពូល​ទាំង​បួន​របស់​ចិន និង ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ នេះ​បង្ហាញថា​ ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន។

​លោក ចាង កាវ​លី ក៏បាន​លើក​ឡើង​ថា ចិន​និង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​មាននៅ​កម្ពុជា​ឡើយ។ លោក​បាន​បន្តថា កម្ពុជា ចិន​អាច​ធ្វើ​កិច្ចការ​នេះ​ជាមួយគ្នា។ ពាក់ព័ន្ធ​ការទិញ​អង្ករ​ពី​កម្ពុជា​និង​កសិផល​ផ្សេងៗ​នោះ ចិន​នឹង​បន្ត​ពិនិត្យ​ដើម្បី​ជួយ​ដល់​កម្ពុជា និង ជួយ​គាំទ្រ​ដល់​គម្រោង​ព្រលាន​យន្តហោះ​នៅ​ខេត្តសៀមរាប​ និង ​គម្រោង​នានា​ដែល​បាន​ឯកភាព​គ្នា​រួចហើយ។

ដោយសារ​ឆ្នាំ​២០១៨ កម្ពុជា​ត្រូវ​រៀបចំ​បោះឆ្នោត​នោះ ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា ភាគី​ចិន​នឹង​បង្កើន​ការ​ផ្តល់​ជំនួយ​ឲ្យ​បាន​លឿន​ជាពិសេស​ដើម្បី​អនុវត្ត​គម្រោង​មួយចំនួន​ជួយ​ដល់​កម្ពុជា។ លោក​ក៏បាន​លើកឡើង​អំពី​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ប្រជាជន​និង​ប្រជាជន ពិសេស​យុវជន រវាង​ប្រទេស​ទាំងពីរ ដោយ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​។ ការជួយ​ដល់​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង វិទ្យុ ទូរទស្សន៍ និង បណ្តាញ​សង្គម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684