ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ពង្រឹង​វិស័យ​ទេសចរណ៍​នឹង​ជួយ​បង្កើន​ការស្ថាបនា​វិថី​សូត្រ​សមុទ្រ​សតវត្ស​រិ៍​ទី ២១

ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា គំនិត​ផ្ដួចផ្ដើម​ពង្រឹង​វិស័យ​ទេសចរណ៍​នឹង​ជួយ​បង្កើន​ការស្ថាបនា​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី២១ ឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត ជួយ​ពង្រឹង​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច ជួយ​ជំរុញ​សមាហរណកម្ម​អាស៊ាន​-​ចិន និង សមាហរណកម្ម​នៅ​ក្នុង​តំបន់​អាស៊ាន​ខ្លួនឯង​ផ្ទាល់​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ។

សម្តេច​អគ្គ​មហាសេនាបតី​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ចូលរួម​ជាមួយ​បណ្តា​មេដឹកនាំ​ចិន​-​អាស៊ាន ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ កញ្ញា ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិស័យ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ និង ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​វិស័យ​ទេសចរណ៍​” នៅ​ទីក្រុង​ណាន​នី​ង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​ផ្តល់​លទ្ធភាព​ខ្ពស់​លើ​វិស័យ​អភិវឌ្ឍន៍​ទេសចរណ៍​ដែល​វិស័យ​នេះ​មិន​ត្រឹម​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ការ​បង្កើត​ការងារ និង កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​ចាត់​ជា​វិស័យ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ទៀត​ផង ដែល​កម្ពុជា​តែង​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង។

កម្ពុជា​ពិតជា​មាន​គោលដៅ​ទេសចរណ៍​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់ ដោយ​ឈរ​លើ​មូលដ្ឋាន​ពិសេស​នៃ​អច្ឆរិយ​គ្មាន​ពីរ​នៃ​ប្រាសាទ​អង្គរ ប្រាសាទបុរាណ​រាប់ពាន់​ទៀត សម្បត្តិ​បេតិកភណ្ឌ អ​រូបិយ​នានា ដូចជា​សិល្បៈ ល្ខោន ចម្លាក់ ប្រពៃណី​រស់នៅ ដោយ​រស់​រវើក ម្ហូបអាហារ ដែលមាន​រស់ជាតិ ឆ្ងាញ់​ពិសា របស់​ជនជាតិ​ខ្មែរ។

ជាមួយ​ភាព​ស្រស់​ស្រាយ​នៃ​តំបន់​ឆ្នេរសមុទ្រ ភាព​បៃតង​និង​ធម្មជាតិ​ប្រពៃ ណី គឺជា​ធាតុ​សម​នៃ​ការ​ប្រសិទ្ធ​នាម​ជា “​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ”។

ជាក់​ស្តែង​ក្នុង​ឆ្នាំ ២០១៦ ភ្ញៀវទេសចរ​ចិន​បាន​ឈរ​លំដាប់​ទី​២ ដែល​មាន​ភ្ញៀវ​ចំនួន ៨៣០.០០០ នាក់ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា មានការ​កើន​ឡើង​ប្រមាណ ២០ ភាគរយ​ប្រៀប​ឆ្នាំ ២០១៥។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា ពិ​ព័រ​ណ៍ចិន​-​អាស៊ាន នេះ មិន​ត្រឹម​ផ្តល់​ឱកាស​ដល់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​និង​សហគ្រិន​របស់​ចិន និង ប្រទេស​សមាជិក​អាស៊ាន ជួប​គ្នា​ពង្រឹង​ពិភាក្សា​និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​គ្នា​ទៅវិញទៅមក​និង​បង្កើត​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​រ​វាង​ប្រទេស​ដែល​ចូលរួម​នៅក្នុង​ពិ​ព័រ​ណ៍​ចិន​អាស៊ាន​នេះ​ទេ ក៏ប៉ុន្តែ ក៏​ជា​វេទិកា​ចូល​រួម​ចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពហុភាគី ទ្វេ​ភាគី​ផងដែរ​។

ទន្ទឹមនេះ​វេទិកា​នេះ បាន​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ខ្លាំង​ឡើង​និង​មាន​សារៈសំខាន់​សម្រាប់​តំបន់ ដែល​បាន​ស្របគ្នា​ទៅ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជា​វិជ្ជមាន​រវាង​ប្រទេស​ចិន និង អាស៊ាន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ប្រធានបទ​នៃ​ពិធី​តាំង​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ នេះ មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការជំរុញ​លើកតម្កើង​កិច្ចសហប្រតិបត្តិការ​រ​វាង ចិន​-​អាស៊ាន និង​អាស៊ី ទាំងមូល​ឲ្យ​ក្លាយទៅជា​តំបន់​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ និង ការប្រកួតប្រជែង។

ទេសចរណ៍​រវាង​តំបន់​ទាំងពីរ ក៏​មាន​ការកើនឡើង​ដោយ​ភ្ញៀវទេសចរ​ចិន​ទៅកាន់​តំបន់​អាស៊ាន​មាន​ចំនួន​ជិត ២០​លាន​នាក់ នៅ​ឆ្នាំ ២០១៦ ជាមួយ​កំណើន ៦,៤ ភាគរយ ប្រៀប​ទៅ​ឆ្នាំ ២០១៥។ ភ្ញៀវទេសចរ​ចិន​បាន​ឈរ​លំដាប់​លេខ​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទៅកាន់​តំបន់​អាស៊ាន។ ដោយឡែក​ចំនួន​ទេសចរ​អាស៊ាន​ទៅកាន់​ប្រទេស​ចិន​ក៏​មាន​ការកើនឡើង​ដោយមាន​ចំនួន​ជាង ១០ លាន​នាក់​នៅ​ឆ្នាំ ២០១៦ កើនឡើង​ជាង ៥៧,៨ ភាគរយ​ប្រៀប​ឆ្នាំ ២០១៥ ។ កំណើន​ទេសចរ​នេះ​បាន​កំពុង​ជួយ​ពង្រឹង​ការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​រវាង​ចិន​និង​អាស៊ាន កាន់តែ​ស៊ីជម្រៅ​និង​ការតភ្ជាប់​កាន់តែ​រឹងមាំ ហើយក៏​ជា​ការ​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ស្ថាបនា​ផ្លូវ​សូត្រ​សតវត្ស​រិ៍​ទី ២១ ឲ្យ​កាន់តែ​រឹងមាំ។

ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិស័យ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ និង ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​វិស័យ​ទេសចរណ៍​” នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥​កញ្ញា​។

បន្ទាប់មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ស្តង់​ពិព័រណ៍​របស់​ប្រទេស​កម្ពុជា​និង​ពិព័រណ៍​ពន្លា​ជាតិ​កម្ពុជា​ដែល​បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នីង។

សូម​បញ្ជាក់​ដែរ​ថា គោលបំណង​ដែល​កម្ពុជា​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន ជា​រៀងរាល់​ឆ្នាំ​មកនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា ការស្វែងរក​ទីផ្សារ​នាំចេញ​ទំនិញ​ពី​កម្ពុជា​និង​ពង្រឹង​ភាពជា​ម្ចាស់​នៃ​វិស័យ​ឯកជន​ឲ្យ​មាន​បណ្តាញ​អន្តរជាតិ​។ ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​ឲ្យ​ចូល​មក​កម្ពុជា​តាមរយៈ​ការរៀបចំ​វេទិកា​ធុរកិច្ច និង​កិច្ចពិភាក្សា​ធុរកិច្ច​។ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត​រវាង​កម្ពុជា​-​ចិន និង​រវាង​កម្ពុជា​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ជាពិសេស​បណ្តា​ប្រទេស​អាស៊ាន និង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​អរិយធម៌​កម្ពុជា​និង​ការ​ទាក់ទាញ​អ្នកទេសចរ។

ពិព័រណ៍​ចិន​-​អាស៊ាន​ ត្រូវ​បាន​រៀបចំ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ណាន​នី​ង ដោយ​ចាប់​ផ្តើម​រៀបចំ​ជា​លើ​ដំបូង​នៅ​ឆ្នាំ​២០០៤ តាម​គំនិត​ផ្តួចផ្តើម​ និង ​ការ​ស្នើសុំ​ដោយ​លោក វេន ជា​បាវ អតីត​នាយករដ្ឋមន្ត្រី​ចិន នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ និង​ត្រូវ​បានទទួល​ការស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​។

ព្រឹត្តិការណ៍​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង​ការទូត និង​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​អាស៊ាន។ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវ​បានទទួល​ធ្វើជា​ប្រធាន​កិត្តិយស​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ ដែល​ប្តូរ​វេន​គ្នា​តាម​លំដាប់​អក្សរ​។

ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​កិត្តិយស​ម្តង​រួចមកហើយ​កាស​ពី​ឆ្នាំ​២០០៨​។ សម្រាប់​ឆ្នាំ​២០១៧​នេះ ប្រទេស​ប្រ៊ុយណេ​ដា​រុយ​សាឡា​ម​ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានកិត្តិយស​តាម​វេន​នៃ​លំដាប់​អក្សរ ហើយ​កម្ពុជា​នឹងត្រូវ​ទទួល​ធ្វើជា​ប្រទេស​កិត្តិយស​នៅ​ឆ្នាំ​២០១៨ សម្រាប់​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​។

សូម​បញ្ជាក់​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៤ រហូតដល់​ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន ចំនួន​៩​លើក​រួច​មក​ហើយ ហើយ​នេះ​ក៏​ជាការ​អញ្ជើញ​ចូលរួម​លើក​ទី​១០ សម្រាប់​ឆ្នាំ​២០១៧​នេះ​។

សម្រាប់​ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្ធ​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ ប្រចាំ​ឆ្នាំ​២០១៧ កម្ពុជា បាន​រៀប​ចំ​ពន្លា​ជាតិ​របស់​ខ្លួន​នៅ​ទីតាំង​លេខ​៩ លើ​ផ្ទៃដី​ទំហំ​១៨០​ម៉ែត្រក្រឡា ដោយ​ជ្រើស​រើស​យក​ខេត្ត​ព្រះវិហារ ជា​ខេត្ត​ស្រស់ប្រិមប្រិយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្របតាម​ប្រធានបទ​រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ តាមរយៈ​វិស័យ​ទេសចរណ៍​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍ នៃ​ការរៀបចំ​ពិ​ព័រ​ណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​រៀបចំ​ស្តង់​តាំង​លក់​និង​បង្ហាញ​នូវ​ផលិតផល​នានា​របស់​កម្ពុជា​ចំនួន​១២៦​ស្តង់ ក្នុង​នោះ​ការរៀបចំ​ផ្ទះ​រួម​ចំនួន​៤​ស្តង់ និង​ស្តង់​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ មាន​ចំនួន​១២២​ស្តង់ ដែល​មាន​ក្រុមហ៊ុន​ចំនួន​៧៧​ចូលរួម ក្នុង​នោះ​ផ្នែក​កសិកម្ម​មាន​ចំនួន​២៨ មាន​ស្តង់​ចំនួន​៥៤ ផ្នែក​សេវាកម្ម​ចំនួន​៤ មាន​១៤​ស្តង់ ផ្នែក​ម្ហូបអាហារ​និង​ភេ​ស​ជ្ជៈ​ចំនួន​៩ មាន​១៧​ស្តង់ ផ្នែក​សិប្បកម្ម​និង​វត្ថុ​អនុស្សាវរីយ៍​ចំនួន​២២ មាន​២៧​ស្តង់ ផ្នែក​គ្រឿងអលង្ការ​និង​ត្បូងថ្ម​មានតម្លៃ​ចំនួន​១៤ មាន​១៤​ស្តង់ ក្នុងនោះ​មាន​ពាណិជ្ជករ អាជីវករ ចូលរួម​ទាំងអស់​ប្រមាណ ៣៣៥នាក់។

ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០១៧​នេះ នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍ ការបង្កើត​ថ្មី ការ​លើក​កម្ពស់ ការនាំចេញ​គ្រឿង​បរិក្ខារ​គុណភាព​ខ្ពស់ ជាមួយនឹង​បច្ចេកវិទ្យា​ជាន់ខ្ពស់ តម្លៃ​បន្ថែម​ខ្ពស់ និង​សេវាកម្ម​ពាក់ព័ន្ធ និង​ការ​បង្កើន​កម្រិត​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សមត្ថភាព​ឧស្សាហកម្ម រវាង​ចិន​និង​អាស៊ាន ក្នុង​គោលដៅ​សម្រេច​ឲ្យ​បានការ​អភិវឌ្ឍ​រួម​រវាង​បណ្តា​ប្រទេស​នៅ​តាម​ផ្លូវ Belt and Road(​ខ្សែក្រវាត់​និង​ផ្លូវ​)​។ ចិន​គឺជា​វិនិយោគិន​ធំ​ជាងគេ​បង្អស់​របស់​កម្ពុជា ដែល​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​សរុប​ចំនួន​ជាង ១៤​ប៊ី​លាន​ដុល្លារ ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៦។

ក្រៅពី​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ បណ្តា​មេដឹកនាំ​ចិន​-​អាស៊ាន​បាន​បើក​នូវ​សន្និសីទ​និង​វេទិកា​ធំៗ​មួយ​ចំនួន​ទៀត រួមមាន​វេទិកា E-commerce ចិន​-​អាស៊ាន ឆ្នាំ​២០១៧ ,​វេទិកា​ចិន​-​អាស៊ាន លើក​ទី​៥ ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា​និង​ការ​បង្កើត​ថ្មី​, វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​រ៉ែ ចិន​-​អាស៊ាន ឆ្នាំ​២០១៧, សិក្ខាសាលា​ស្តីពី​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ខាង​បរិស្ថាន​ចិន​-​អាស៊ាន ឆ្នាំ​២០១៧, វេទិកា​ស្តីពី​វប្បធម៌​ចិន​-​អាស៊ាន​លើក​ទី​១២, វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​ចិន​-​អាស៊ាន​ឆ្នាំ​២០១៧, វេទិកា​ស្តី​ពី​ការបណ្តុះបណ្តាល​ចិន​-​អាស៊ាន ឆ្នាំ​២០១៧, វេទិកា​របស់​បណ្តា​ធនាគារ​ខួរក្បាល​ចិន​-​អាស៊ាន​លើក​ទី​១០ ,​វេទិកា​ចិន​-​អាស៊ាន​លើក​ទី​៩ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​, វេទិកា​ស្តីពី​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​ខាង​ធានារ៉ាប់រង​ចិន​-​អាស៊ាន​លើក​ទី​៣,​វេទិកា​ចិន​-​អាស៊ាន​លើក​ទី​១១​ស្តីពី​ការ​អភិវឌ្ឍ​សង្គម​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ ,​វេទិកា​ស្តីពី​ស្ថិតិ​ចិន​-​អាស៊ាន​ឆ្នាំ​២០១៧ ,​វេទិកា​ចិន​-​អាស៊ាន ឆ្នាំ​២០១៧ ស្តី​ពី​ឧស្សាហកម្ម​គ្រឿងចក្រ​កសិកម្ម ,​សន្និសីទ​ចិន​-​អាស៊ាន ឆ្នាំ​២០១៧ ស្តីពី​ការ​បង្កើត​ថ្មី​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និង​ការ​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​,​វេទិកា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ Asiania Sport និង China-ASEAN Sport ឆ្នាំ​២០១៧, វេទិកា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ធុរកិច្ច​និង​វប្បធម៌ Guangxi-Taiwan លើក​ទី​១៣ ,​វេទិកាសភា​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន ឆ្នាំ២០១៧, វេទិកា​ស្តីពី​បណ្តា​ធុរកិច្ច Pooling Wisdom Marking Our Shared Dream Come True “Building the 21st Century Martime Silk Road លើក​ទី​៤, វេទិកា​របស់​បណ្តា​អភិបាលក្រុង​ចិន​-​អាស៊ាន ឆ្នាំ​២០១៧, វេទិកា ចិន​-​អាស៊ាន លើក​ទី​៨ ស្តីពី​កិច្ច​សហប្រតិបត្តិការ​និង​ការវិនិយោគ​ថាមពល​អគ្គិសនី​និង​វេទិកា​ស្តី​ពី​ប្រព័ន្ធ​យុត្តិធម៌ ចិន​-​អាស៊ាន។

ទន្ទឹមនឹង​នេះ​ កិច្ចប្រជុំ​កំពូល​ស្តី​ពី​ធុរកិច្ច​និង​វិនិយោគ​ចិន​-​អាស៊ាន​លើក​ទី​១៤ ក៏​ត្រូវ​បាន​ធ្វើឡើង​ទន្ទឹមគ្នា​នឹង​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ ជា​មួយ​នឹង​ប្រធានបទ​រួមគ្នា​កសាង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​នឹង​រួមបញ្ចូល​ទាំង​កិច្ច​សន្ទនា​តុ​មូល​សម្រាប់​បណ្តា​សហគ្រិន​ចិន​និង​ប្រ៊ុយណេ។

វេទិកា​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​-​អាស៊ាន​វេទិកា​សម្រាប់​តំបន់​មានការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​ភាគ​ខាងកើត​អាស៊ាន ,​សិក្ខាសាលា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម និង សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ចិន​-​អាស៊ាន បែប​អន​ឡាញ​និង​មិន​អន​ឡាញ​ដែល​កិច្ចប្រជុំ​កំពូល​ទាំងនោះ នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ចិន​និង​អាស៊ាន តាមរយៈ​គំនិត​ផ្តួចផ្តើម​ស្តីពី ខ្សែក្រវាត់​និង​ផ្លូវ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684