ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង

ភ្នំពេញ ​៖ ​បន្ទាប់ពី​ចូលរួម​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែកញ្ញា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ខេត្ត​ក្វាង​ស៊ី ចំនួន ១៤២ នាក់​នៅ​ទីក្រុង​ណាន​នី​ង។

តំណាង​សមាគម​និស្សិត​ប្រចាំ​ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​និស្សិត​កម្ពុជា​សិក្សា​នៅ​ប្រទេស​ចិន​មាន​ចំនួន​សរុប ១.២១០ នាក់ ក្នុងនោះ​សិក្សា​ថ្នាក់បណ្ឌិត​មាន​ចំនួន ១៧ នាក់​, ថ្នាក់អនុបណ្ឌិត​២២៤​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​មាន​ចំនួន ៩៦៩ នាក់។ ដោយឡែក​និស្សិត​កំពុង​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង​មាន​ចំនួន ៩៩ នាក់។

មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​និស្សិត​ដែល​កំពុង​សិក្សា​ក្នុង​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​សិក្សា​របស់​និស្សិត​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការ​សិក្សា​រៀន​សូត្រ​នៅ​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​។ ជាមួយនឹង​ពិធី​សំណេះសំណាល​គ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើការ​គូស​បញ្ជាក់​ពី​សភាពការណ៍​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពិសេស​សម្តេច​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​និស្សិត​ទាំងអស់​ត្រូវធ្វើ​ការតាមដាន​ពី​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល និង ពី​សភាពការណ៍​ពិត​របស់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​សម័យ​សកលភាវូបនីយកម្ម​ដ៏​ទំនើប​របស់​យើង។ ពិសេស​ទៅទៀត​នោះ​ត្រូវ​ចេះ​ពិចារណា​នូវ​រាល់​ចំណុច​វិជ្ជមាន​ដែល​រាជរដ្ឋាភិបាល​បាន​នឹងកំពុង​ដឹកនាំ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ពិសេស​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​កំពុងមាន​ការរីក​ចំរើន​ឥត​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់ និង កោតសរសើរ​ដល់​និស្សិត​អាហារូបករណ៍​កម្ពុជា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុងការ​ស្នាក់នៅ​សិក្សា​រៀន​សូត្រ​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ ក្នុង​រយៈពេល​កន្លងមក ពិសេស​ការ​ធ្វើទំនាក់ទំនង​ល្អ​ក្នុង​ជួរ​និស្សិត​ដែល​ស្នាក់នៅ​សិក្សា​រៀន​សូត្រ​ជាមួយគ្នា​ក៏ដូចជា​ធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​សាស្ត្រាចារ្យ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ រួមទាំង​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ចិន​ផ្ទាល់​តែម្តង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តល់នូវ​អនុសាសន៍​ជូន​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់ ឲ្យ​បន្ត​នូវ​ស្មារតី​គោរព​ស្រឡាញ់​ និង ​ចេះ​ជួយ​យក​អាសា​គ្នា​ទៅវិញទៅមក ការធ្វើទំនាក់ទំនង​ល្អ​ជា​មួយនិង​និស្សិត​ដែល​ស្នាក់នៅ​សិក្សា​រៀនសូត្រ​ជាមួយគ្នា ពិសេស​ការ​បន្ត​នូវ​ប្រពៃណី​មិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ ទាំង​ក្នុង​ការសិក្សា​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។

សម្តេច​តេ​ជោ​ក៏បាន​ធ្វើការ​ដាស់តឿន​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់ ត្រូវ​គោរព​វិន័យ​និង​សេចក្តី​ថ្លែ​ថ្នូរ​ក្នុង​ការ​សិក្សា​រៀនសូត្រ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត និង មិនត្រូវ​បង្កបញ្ហា​អ្វី​ដល់​ការសិក្សា​និង​ការ​ស្នាក់នៅ​និង​មួយ​ផ្នែក​ទៀត​ត្រូវ​ចូលរួម​នៅ​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ​។ ជាមួយគ្នា​នោះ ត្រូវ​មាន​មនសិការ​សាមគ្គី​គ្នា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​ដែល​ទាក់ទិន​ទៅ​និង​កម្មវិធីសិក្សា​ពិសេស​ការ​រីកចម្រើន​ក្នុង​អាស៊ាន​ក៏ដូចជា​ការវិវត្តន៍​នៃ​សភាពការណ៍​ពិភពលោក​។

នៅ​ក្នុង​ពិធី​សំណេះសំណាល​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ទៅកាន់​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​សិក្សា​រៀន​សូត្រ​ក្នុង​ខេត្ត​ក្វាង​ស៊ី​ដែរ​ថា សម្តេច​នឹង​បន្ត​ធ្វើ​ការពិភាក្សា​ជា​មួយ​នឹង​មេដឹកនាំ​ចិន​ក្នុង​ការ​បង្កើន​ថវិកា​សម្រាប់​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ចិន។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​និស្សិត​អាហារូបករណ៍​ទាំង​១៤២​នាក់ ដែល​កំពុង​ស្នាក់​នៅ​សិក្សា​រៀន​សូត្រ​ផងដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684