ព័ត៍មានទាន់​ហេតុការណ៏
Search

ណូយ វ៉ាន់ណេត ច្រានចោល​ដំណឹង​មរណភាព ​ខណៈ​មានការ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ ការ​ចុះផ្សាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ដោយ​បាន​លើក​ឡើង​ថា​ តារា​ចម្រៀង​លោក ណូយ វ៉ាន់ណេត បាន​ទទួល​មរណភាព​ ក្រោយពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ផ្លូវជាតិ​លេខ​៤​។

ជាមួយគ្នា​នៃ​ការ​ទទួល​បាន​ដំណឹង​មរណភាព​ដ៏​រសើប​នេះ​ដែរ​ ភ្លាមៗ​នោះ​សាមីខ្លួន​លោក ណូយ វ៉ាន់ណេត បាន​ចេញមុខ​ឆ្លើយ​បដិសេធ​និង​ច្រានចោល​ដំណឹង​មិន​ពិត​មួយ​នេះ​ដោយ​លោក​បាន​ចាត់ទុកថា​នេះ​ជា​ការ​បំផុស​បំផុល​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់​មហាជន​។

បើ​តាម​ការ​ថ្លែង​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​កំពូល​តារា​ចម្រៀង​ជើងចាស់​ប្រចាំ​ប្រទេស​លោក ណូយ វ៉ាប់​ណេ​ត បាន​និយាយ​ថា​ សូម​ជម្រាប​ជូន​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ថា​ ខ្ញុំ​មិនបាន​ស្លាប់​ដូច​ពាក្យ​គេ​ថា​នោះ​ទេ ​សូម​អគុណ​។

ថ្ងៃ​ទី​១២ ​ខែកញ្ញា ​ឆ្នាំ​២០១៧ ជី​វិត​ខ្ញុំ​ពិត​រស់​សាជាថ្មី​ទឹកដោះ​ម្តាយ​ថ្លៃ​ម៉ារ​មី​រក្សារ មិនមែន​ដូច​ពាក្យ​មនុស្ស​ដែល​មុសារ​ប្រ​មាថសង្ខារ​មិន​ខ្លាច​បុណ្យ​បាប ខ្ញុំ​បាន​ចេញពី​សុរិន្ទ​វិញ​ហើយ​។

ដោយឡែក​តារាចម្រៀង​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រកាស​ដែរ​ថា​ខ្ញុំ​បានឃើញ Website មួយ​សរសេរ​អំពី​ស្ថានភាព​លោកពូ ណូយ វ៉ាន់ណេត ថា​លោកពូ​បានទទួល​មរណភាព នាង​ខ្ញុំ​សូម​ជម្រាប​បងប្អូន​ទាំងអស់​ថា ព័ត៌មាន​នេះ​គឺ​មិន​ពិត​ទេ​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោកពូ​ហើយ​បាន​និយាយ​ជាមួយ​គាត់​មុន​នេះ​ គឺ​ស្ថានភាព​របួស​របស់​គាត់​បាន​ធូរ​បន្តិច​ហើយ។ ហើយ​លោកពូ​កំពុងធ្វើដំណើរ​មក​ភ្នំពេញ​វិញ​ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​លោកពូ​ផ្ទាល់​តែម្តង​ដូច្នេះ​សូម​បងប្អូន​កុំ​យល់ច្រឡំ​និង​ជឿ​លើ​ព័ត៌មាន​ទាំងនោះ​អី។

សូម​បញ្ជាក់​ថា លោក ណូយ វ៉ាន់ណេត កាល​យប់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​មក​នេះ បាន​ជួប​ហេ​តុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​រវាង​រថយន្ដ​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​2AD-០១២០ បុក​ជាមួយ​ម៉ូតូ​ម៉ាក MSX​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​នៅ នឹង​កន្លែង​កើតហេតុ​ រីឯ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​បាក់ជើង​ទាំងពីរ​។ ដោយឡែក​ភាគី​នៅ​ក្នុង​រថយន្ត​គឺ​មាន​មនុស្ស​៥​នាក់​ ដោយ​ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​លោក ណូយ វ៉ាន់ណេត រង​របួស​ធ្ងន់​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684