ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សួង សែ មន្ត្រី​សុរិយោដី​ មានចេតនាឈូសផ្នូរ​សពលោក នុត សុខុម ព្រោះបាំងមុខផ្នូរដូនតា

​កំពង់ឆ្នាំង ​៖ បន្ទាប់ពី​មានការ​ចេញផ្សាយ​ជា​បន្តបន្ទាប់​របស់​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងបណ្តាញសង្គម អំពី​ករណី​មន្ត្រី​សុរិយោដី​ស្រុក​ម្នាក់ បាន​ជួល​គ្រឿងចក្រ​ទៅ​ឈូស​ផ្នូរ​បញ្ចុះធាតុសព​ អ​តី​តមន្ត្រីរាជការ​ម្នាក់​រួចមក អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង បានចេញ​លិខិតប្រកាស​ព័ត៌មាន​​ដោយ​បញ្ជាក់ថា លោក សួង សែ ប្រធានការិយាល័យ​រៀបចំ​ដែន នគរូបនីយកម្ម សំណង់​ និងសុរិយោដី​ស្រុក​រលាប្អៀរ ពិតជា​បាន​ជួល​គ្រឿងចក្រ ទៅ​ឈូសឆាយ​ផ្នូរបញ្ចុះធាតុ​សពលោក នុត សុខុម អ​តី​តអនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ​ដោយចេតនា​ពិតមែន ដោយ​បានប្រមាថមើលងាយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សព។

នៅក្នុង​លិខិត ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ របស់​រដ្ឋបាល​សាលាខេត្ត​បានបញ្ជាក់​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​គ្រួសារ​សព​ នៅ​ថ្ងៃទី​៣១ ខែសីហា រដ្ឋបាលខេត្ត បាន​ចាត់តាំង​សមត្ថកិច្ចចម្រុះរួម​មាន​ ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច មន្ទីរ​មុខងារសាធារណៈ មន្ទីរ​រៀបចំ​ដែន​ដី នគររូបនីយកម្ម សំណង់​ និង​សុរិយោដី នាយក​ទីចាត់ការធនធានមនុស្ស នាយក​ទីចាត់ការ​អន្តរ​វិស័យ និង​មន្ត្រី​ពាក់​ព័ន្ធមួយចំនួនទៀត ដើម្បី​ចុះត្រួតពិនិត្យ​ និង​ស្រាវជ្រាវ​គ្រប់មុខ​សញ្ញា ជាមួយ​ភាគី​ពាក់​ព័ន្ឋ ដែល​ជាល​ទ្ធ​ផល​បាន​បង្ហាញថា លោក សួង សែ ពិតជា​បាន​ជួល​គ្រឿងចក្រ​ ទៅ​ឈូសឆាយ​កម្ទេច​ផ្នូរ​បញ្ចុះ​សពលោក នុត សុខុម អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ​ដោយ​ចេតនា​ពិតមែន ព្រោះ​ពុំមាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ជាមុន ​ពី​ប្រធាន​សមាគម​ចិន ដែលជា​អ្នកគ្រប់គ្រង​ទី​បញ្ចុះសព​ទីនោះឡើយ​។

ក្រុម​សមត្ថកិច្ច​ចម្រុះបាន​ពិនិត្យឃើញថា ​សកម្មភាព​នេះ ប្រព្រឹត្ត​ខុស​ទៅនឹង​ខ្លឹមសារ​ច្បាប់​មួយចំនួនដូចជា​ ក្រម​ព្រហ្ម​ទ័​ណ្ឌ ត្រង់​ជំពូក​ទី​៥ ផ្នែក​ទី​១ មាត្រា​២៦១ ​ដល់​មាត្រា​២៦៤,​ ច្បាប់ភូមិបាល​ឆ្នាំ​២០០១ ជំ​ពូក​ទី​១៩ មាត្រា​២៤៧ ដល់​មាត្រា​២៥០ និង​ច្បាប់​ស្ត្រី​ពី​លក្ខន្តិកៈ​របស់មន្ត្រីរាជការ​ស៊ីវិល ជំពូក​៥ មាត្រា​៣៥ ​ចំ​ណុច​២។

រដ្ឋបាល​សាលាខេត្ត សូម​ធ្វើការ​ខមាទោស ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សពលោក នុត សុខុម មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដែលបាន​ទទួលរង​ការប្រមាថ មើលងាយ​ដ៏​ធ្ងន់ធ្ងរនេះ និង​សូម​អភ័យទោស​ចំពោះ​គ្រួសារ​ញាតិមិត្តនៃ​សព ដោយ​រដ្ឋបាល​សាលាខេត្ត ​ក៏ដូចជា​កម្លាំង​សមត្ថកិច្ច មានការ​ខ្វះខាត​ពុំមាន​ទ​ទួលព័ត៌មាន ដើម្បី​ចាត់វិធានការ​ជួយ​ការពារទប់ស្កាត់ ​អោយទាន់​ពេលវេលា។ ​រដ្ឋបាលខេត្ត នឹង​បន្ត​ពិនិត្យ​ដោះស្រាយ​ករណីនេះ ​ស្របតាម​សមត្ថកិច្ច​របស់ខ្លួន។​

នៅក្នុង​រឿងនេះ​ដែរ អ្នកស្រី អឿ គឹម​ឡាយ ដែលជា​ភរិយា​សពលោក នុត សុខុម សូម​ថ្លែងអំណរគុណ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ឯកឧត្តម​អភិបាលខេត្ត ដែល​បានឱ្យមន្ត្រីក្រោមឱវាទ ចុះ​ស្រាវជ្រាវ​ករណី​ឈូសឆាយ​ផ្នូរ​សព​ប្តី​គាត់​នេះ ​ដើម្បី​រក​យុត្តិធម៌ និងសំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ជួយ​ជំរុញ​ឱ្យអ្នក​ឈូសឆាយ​ផ្នូរ​សព ដោះស្រាយ​សំណងឱ្យបាន​សមរម្យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​អ្នកប្រព្រឹត្ត​ខាងលើ។

​​ដោយឡែក​លោក សួង សែ ដែល​រង​ការចោទប្រកាន់​ករណីនេះ ធ្លាប់បាន​និយាយ​ឱ្យដឹងថា ករណីឈូសឆាយ​ផ្នូរ​បញ្ចុះ​សព​ខាងលើនេះ គឺជា​កំហុស​ដោយ​អ​ចេតនា​ទេ ព្រោះតែ​លោកមិនដឹងថា ដី​ទួល​ដែល​គេ​ចាក់​ទុកចោល​ជាង​២​ឆ្នាំ​មកហើយ​នោះ ​នៅមុខ​ផ្នូរ​ដូនតា​លោក គឺជាផ្នូរ​បញ្ចុះសព​នោះឡើយ ដោយសារតែ​ដី​ផ្នូរ​នោះ​ គ្មាន​ដាក់​ផ្លាក​ព្រលឹង​អ្វី​ជា​សម្គាល់​ឡើយ ទើប​លោក​មាន​ការយល់​ច្រឡំ ជួល​ឱ្យគេ​ឈូស​ចេញទៅ​ នៅក្នុង​អំឡុង​ខែ​០៣ ឆ្នាំ​២០១៧ ដើម្បី​បានទីកន្លែង​ស្រឡះ ​សម្រាប់​សែន​ផ្នូរ​ដូនតា។ មកដល់ពេលនេះ លោក​ក៏បាន​ព្យាយាមសម្របសម្រួល​សុំ​សំណង​ថវិកា​ មួយចំនួន​ផងដែរ​តែ​មិនត្រូវ​គ្នា ព្រោះតែ​គ្រួសារ​សព​គេ​ប្តឹងទាមទារ​សំណង​ដល់​ទៅ​ ៨០ ​លាន​រៀល​ឯណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684