ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​បើក​ការប្រកួត​ជម្រុះ​ខ្មែរ​-​ថៃ ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី​៤

​ព្រឹត្តិការណ៍​ប្រដាល់​មួយ ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និងអ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​ជួបគ្នា​វាយ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤​ ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម​នោះ នឹងចាប់ផ្តើម​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​រសៀល​ថ្ងៃទី​១៦​ ខែឧសភា ​ឆ្នាំ២០១៧ ​នេះហើយ នៅលើ​សង្វៀន SEA- TV ។

​សម្រាប់​ការ​វាយ​ជម្រុះ​ថ្ងៃ​ដំបូង​នេះ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​កម្ពុជា​ ក្លិបសមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Pha Yaklek ហើយ​មួយគូ​ទៀតជាការ​ជួបគ្នា​រវាង​ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​អ្នក​ប្រដាល់​ថៃ ​Phat Chhayden ដោយប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម។

​ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន៨រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះរួមមាន ​ធន់ ចាន់​តាក់ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ , ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា , ឌុ​ម កែវ​ដា ក្លិប​ម្កុដរាជសីហ៍ និង ប៉ោ ភា​រិ​ទ្ធ ក្លិប​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម។ ឯ​អ្នក​ប្រដាល់​ថៃ ៤នាក់​វិញមាន Pha Yaklek , Phat Chhayden , Phat Phayak និង Kong Sayam។

​ការប្រកួត​តាម​រូបមន្ត​វិលជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ ដែលមាន​បី​ដំណាក់កាល។ ដំណាក់​ទី​១ អ្នក​ប្រដាល់ទាំង​៨​នាក់​នោះ ចែកជា​ពូ​ល​ខ្មែរ និង​ពូ​លប​រទេស ដែលមាន​៤​នាក់​មួយ​ពូ​ល។ អ្នក​ប្រដាល់ខ្មែរ​ទាំង​៤​នាក់ ត្រូវ​ប្រកួត​វិលជុំ​ជាមួយ​ពូ​ល​អ្នក​ប្រដាល់​ថៃ ដោយ​ជម្រុះ​ចោល​ទុក​តែ​២​នាក់ សម្រាប់​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រដណ្តើម​ខ្សែក្រវាត់ ​និង​ប្រាក់រង្វាន់​តែម្តង។ សម្រាប់​រូបមន្ត​ប្រកួត​នេះ គឺ​ខ្មែរ​មិន​ប៉ះ​ខ្មែរ​គ្នាឯង​ទេ ឯ​អ្នក​ប្រដាល់​បរទេសក៏មិន​ប៉ះគ្នា​ដែរ​ក្នុង​វគ្គ​ជម្រុះ​នោះ។ មិនមាន​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ អ្នកចាញ់​ក្នុង​ជុំ​ជម្រុះ​ចប់​ការប្រកួត​តែម្តង ហើយពុំមាន​ចំណាត់ថ្នាក់​លេខ៣ ​លេខ​៤ ​នោះដែរ។

​លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ខា​រ៉ា​បាវ បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែលបង្ក​ឲ្យ​អ្នក​ប្រដាល់​ទាំង៨រូប ​ខ្មែរ​៤ ថៃ៤ ត្រូវ​ប្រជែង​គ្នា​យក​រង្វាន់ ​ដែល​អាចជួយ​កែប្រែ​ជីវភាពបាន។ ការប្រកួត​នេះ អ្នក​ដែល​ដណ្តើមបាន​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៣,៥០០ ​គីឡូក្រាម​នោះ នឹង​ទទួលបាន​ប្រាក់រង្វាន់​ធំ​ គឺ​ ៥.០០០​ដុល្លារ​អាមេរិក និង​លេខ​២ ៣.០០០​ដុល្លារ​អាមេរិក។

​លោក ​ឆឹង យ៉ាវ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ក្រើនរំលឹក​ដល់​គណៈកម្មការប​ច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែ​កាត់ក្តី​ឱ្យបាន​ត្រឹមត្រូវ សុក្រឹត យុត្តិធម៌​ ហើយ​លោក​ក៏​បានប្រកាស​ថា នឹងដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រដាល់​ដែល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យធ្ងន់​ជាង​ការប្រកួត​ធម្មតា​ផងដែរ ព្រោះនេះជាការ​ប្រកួត​ក្នុង​លក្ខណៈពិសេស​បំផុត។

​ជាមួយនឹង​ប្រាក់រង្វាន់​ដ៏​ធំ​នេះ លោក​ ម៉ិ​ល កាដូ អគ្គនាយករង​កីឡា​តំណាង​ក្រសួង​អប់រំ បាន​ផ្ដាំផ្ញើដល់​កីឡាករ ត្រូវតែ​ធ្វើខ្លួន​ឱ្យបាន​ល្អ គោរព​ឲ្យ​បាន​ដាច់ខាត​នូវ​វិន័យ​សីលធម៌ ពិសេស​ត្រូវ​រក្សាទម្ងន់​របស់ខ្លួន ​៦៣,៥០០ ​គីឡូកា្រម​ឱ្យ​បានល្អ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684