ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក​ ហេង ពៅ នៅព្រឹក​ថ្ងៃទី​២៧​ កញ្ញា ករណីរក្សាទុក​ប្រាក់​ក្លែងក្លាយ​

ភ្នំពេញ ៖ លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែកញ្ញា ​ឆ្នាំ២០១៧ ​ត្រូវបាន​អនុរក្សពន្ធនាគារ​ព្រៃ​ស បញ្ជូនទៅ​តុលាការ​កំពូល ដើម្បី​ជំនុំជម្រះ​សំណុំរឿងចំនួន​ពីរ សំណុំរឿង​ទី១ គឺ បទល្មើសរក្សាទុក​ប្រាក់​ក្លែងក្លាយ ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ឃុំតាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ និង សំណុំរឿង​ទី​២ គឺ បទល្មើសបង្ខាំង​មនុស្ស​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០០៣។​

នាពេល​សវនាការ​នេះ ​ដឹកនាំ​ដោយ​លោក សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហាអយ្យកា បាន​បើកសវនាការ​រឿងរក្សាទុក​ប្រាក់​ក្លែងក្លាយ ចំនួន​៣​ម៉ឺនដុល្លារ នៅពេល​សវនាការ​ជនជាប់ចោទ​ឈ្មោះ ហេង ពៅ អាយុ​៦០​ឆ្នាំ បាន​និយាយថា កាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦​ ខ្លួន​មិនបានរក្សាទុក​ប្រាក់​ក្លែងក្លាយនោះទេ ហើយ​លោក​ក៏​មិននិយាយ​អ្វី​ច្រើន​នោះទេ​ ដោយ​លោក​បាន​សរសេរ​សារណា​ដាក់ជូន​លោក​ចៅក្រម​រួចរាល់​ហើយ។​ ចំណែក​រឿងបង្ខាំង​ច្បាប់ ប្រព្រឹត្ត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០០៣​ មិនបាន​បើកសវនាការ​នោះទេ​ ដោយសារ​សំណុំ​រឿងនេះ​មិនមាន​មេធាវី​ការពារសិទ្ធិ​ឲ្យ ​ក៏ត្រូវ​បាន​លោក​ចៅក្រម​លើក​ទៅ​ពេល​ក្រោយ​។​ ជនជាប់ចោទ​ក៏បាន​បញ្ជាក់​ផងដែលថា ​រូបលោក​មាន​សំណុំរឿង​៧​ករណី ​ដែល​ឡើងមក​ដល់​តុលាការ​កំពូល​។​

នាពេល​សវនាការ​ លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហា​អយ្យការ​ បានធ្វើ​សេចក្តីសន្និដ្ឋាន​ស្នើ​ឲ្យលោក​ចៅក្រម​ សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ ហេង ពៅ ឲ្យ​នៅ​ដដែល​។​ ទោះជាយ៉ាងណា​ លោក​ចៅក្រម សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​លើកពេល​ទៅ​ប្រកាស​សា​ដីកា​ក្នុង​សំណុំរឿង​ខាងលើ​ នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៧ ខាងមុខនេះ​។​

មន្ត្រី​តុលាការបញ្ជាក់ថា បច្ចុប្បន្ន​លោក​ ហេង ពៅ មានទោស​ជិត​១០០​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើនសុទ្ធតែ​រឿងក្តី​ធំ ពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែតកោះសន្តិភាព និង ប៉ុនប៉ង​បាញ់សម្លាប់​លោក អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684