ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ មួ​យ​ដង្ហើម​ចង្រិត​ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​ជាង​ ១លាន​ដុល្លារ​អាមេរិក ឲ្យទៅ​កូន​មហា​សេដ្ឋី​ម្នាក់​

ភ្នំពេញ ៖ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៧ បាន​ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​គេ​ច្រើន​ស្គាល់​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​លក់​ដី ពាក់ព័ន្ធ​អំពើល្មើស​ដោយចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ ចំនួនជាងមួយ​លាន​ដុល្លារ​អាមេរិក ​ឲ្យ​ទៅ​ដៃគូ​រក​ស៊ីជាមួយគ្នា។​

តាម​ប្រភព​ព័​ត៌មាន​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​រង​នូវ​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន គឹម កៅ ដែល​ជា​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់ ថា​បានចេញមូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ​ចំនួន​ជាងមួយលាន​ដុល្លារ​អាមេរិក។

ប្រភព​បន្តថា ឧកញ៉ា ជួប ច័ន្ទ ជាប់​ពាក់​ពន្ធ​លុយកាក់​រកស៊ី​ជាមួយគ្នា នឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា គឹម កៅ លើទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេ​រិ​ក ប៉ុន្តែ​ក្រោយ​មកនេះ លោក​ឧកញ៉ា គឹម កៅ បានទារប្រាក់​បំណុល​នោះ​​វិញ ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដោយបាន​កំណត់​ឲ្យ​ម្ចាស់បំណុល​ទៅ​បើក​ពីធនាគារ​ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២១០៧។​ លុះ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ធនាគារ​បញ្ជាក់​មកវិញ​ថាមូលប្បទានប័ត្រ​​នេះ​គ្មាន​សាច់ប្រាក់​ទេ។

ក្រោយពី​មាន​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី តំណាង​ឲ្យ​លោក​ឧកញ៉ា គឹម កៅ លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សម​ត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចេញ​លិខិត​មួយ​ឲ្យ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​ឧកញ៉ា គឹម កៅ នោះ ខណៈពេល​ឧកញ៉ា ជួប ច័ន្ទ ចូល​បំភ្លឺ​ក៏ត្រូវ​សម​ត្ថកិច្ចឃាត់ខ្លួន​តែម្តងទៅ។​

លុះដល់​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា នេះ​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នានៅ​កន្លែង​សម​ត្ថកិច្ច ដោយមិនបាន​បញ្ជូន​ឧកញ៉ា ជួប ច​ន្ទ័ ទៅ​សាលាដំបូង​ទេ ហើយ​លោក លីវ វុទ្ធី ដែល​ដំណាង​ឲ្យលោក​ឧកញ៉ា គឹម កៅ ក៏បាន​ឯកភាព​ដក​ពាក្យបណ្តឹង​វិញ​ដែរ ដោយ​គ្រាន់តែ​បាន​ត​ម្រូវ​ឲ្យ​ឧកញ៉ា ជួប ច័ន្ទ ប​ង្វិល​ប្រាក់​ខ្លះ​ជា​ថ្នូរ​សង​ទៅ​ដើមបណ្ដឹង​វិញ ទើប​ព្រះរាជអាជ្ញា ​និង​សមត្ថកិច្ច​ព្រមដោះលែង​វិញ​បាត់ទៅ​ នៅមុននេះ​បន្តិច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684