ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ ប្ដេជ្ញា​បង្កើន​កម្មវិធី​អាវុធ​ បន្ទាប់ពី​ការ​ដាក់​ទណ្ឌកម្ម

ប្រទេស​កូរ៉េខាងជើង​ បាន​ប្ដេជ្ញា​នៅ​ថ្ងៃ​ពុធ​ក្នុង​ការ​ពន្លឿន​កម្មវិធី​អាវុធ​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​បន្ទាប់ពី​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ខ្លួន។

ការ​បំផ្ទុះ​ចុងក្រោយ​បំផុត ​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​និយាយ​ថា​ ជា​គ្រាប់បែក​អ៊ីដ្រូសែន​ដែល​មាន​ទំហំ​តូច​ល្មម​ នឹង​ដាក់​លើ​មី​ស៊ី​ល​ជាមួយ​នឹង​ទម្ងន់​២៥០​គីឡូតោន​ដែល​មាន​ទំហំ​ធំ​១៦​ដង​លើស​គ្រាប់បែក​ដែល​បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុង​ឆ្នាំ​១៩៤៥។

ការ​បំផ្ទុះ​នេះ​ដែល​ជាការ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦​របស់​ក្រុង​ព្យុងយ៉ាង​គឺ​បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​ជាស​កល​ហើយ​បាន​កើតឡើង​បន្ទាប់ពី​វា​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) ពីរ​គ្រាប់​កាលពី​ខែ​កក្កដា​ដែល​បង្ហាញ​ថា ដីគោក​អាមេរិក​គឺ​ស្ថិតក្នុង​រយៈ​ចម្ងាយ​របស់​វា​។​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្ម​ជា​ឯកច្ឆន្ទ​លើ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ហាមឃាត់​ការជួញដូរ​វាយ​ន​ភណ្ឌ​និង​ការដាក់​កម្រិត​លើ​ការ​នាំចូល​ប្រេង​របស់ខ្លួន​ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយថា​ជាការ​ផ្តើម​នៃ​វិធានការ​រឹងមាំ​។​

សេចក្តីសម្រេច​ដែល​បានអនុម័ត​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ដាក់សំណើ​ដើម​របស់ខ្លួន​សុំ​ការគាំទ្រ​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​នេះ​គឺ​បាន​កើតមានឡើង​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមប្រឹក្សា​បាន​ហាមឃាត់​ការនាំចេញ​ធ្យូងថ្ម​និង​គ្រឿង​សមុទ្រ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់ ICBM ។​

ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ថ្កោលទោស​វិធានការ​ថ្មី​នេះ​នៅ​ក្នុង​លក្ខខណ្ឌ​យ៉ាងខ្លាំងបំផុត​ដោយ​ហៅ​វា​ថា​ជា “​ការរាំងស្ទះ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​” ដែល​ជំរុញ​ដោយ​សហរដ្ឋអាមេរិក​និង​មាន​គោលបំណង “​ខ្ទប់​ដង្ហើម​” រដ្ឋ​និង​ប្រជាជន​របស់ខ្លួន​។​

វា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន KCNA ថា វា​គឺជា​សេចក្តីសម្រេច​ស្តីពី​ទណ្ឌកម្ម​ដោយ​ខុសច្បាប់​និង​ខុសឆ្គង​មួយទៀត​ដែល​ត្រូវបាន​សាកល្បង​ដោយ​សហរដ្ឋអាមេរិក​។​

ក្រសួង​បាន​និយាយថា “​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​បង្កើន​កម្លាំង​របស់ខ្លួន​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​និង​សិទ្ធិ​ក្នុងការ​រស់នៅ​”​។​

ទោះយ៉ាងណា​ក៏ដោយ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​អះអាងថា ការដាក់ទណ្ឌកម្ម​កាន់​តែ​តឹងតែង​គឺ​នឹងដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​មក​ចរចា​និង​បញ្ចប់​កម្មវិធី​អាវុធ​របស់ខ្លួន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684