ព័ត៍មានទាន់​ហេតុការណ៏
Search

លោកគ្រូ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​បរាជ័យ​ទាល់តែសោះ ក្នុង​លី​គ​កំពូល​កម្ពុជា​

«​ខ្ញុំ​អរគុណ​ដល់​កីឡាករ​យើង​ ដែល​បន្ត​ភាព​ជឿជាក់ថា​យើង​នឹង​ឈ្នះ ហើយ​អរគុណ​ដល់​អ្នកគាំទ្រដែល​បន្ត​លើកទឹកចិត្ត​ដល់​ពួកយើង​»​។ នេះ​ជាស​ម្តី​របស់លោក Oriol Mohedano គ្រូបង្វឹក​ថ្មីរបស់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បន្ត​ពាក្យ​មិន​ធ្លាប់​ចាញ់​ទាល់តែសោះ​ ក្រោយ​កាន់តំណែង​នៅ​លី​គកំពូល​កម្ពុជា តាំងពី​ខែមេសា ​មកម្ល៉េះ​។​

​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​ជា​ជនជាតិ​អេស្ប៉ាញ នៅ​ពុំទាន់​ប្រទះបរាជ័យ​នៅឡើយ​នោះទេ ក្នុងចំណោម​៨​ប្រកួត​មកនេះ​ ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017)​។ ក្នុងការ​គ្រប់គ្រង​រប​ស់លោក Oriol បាន​ដឹកនាំ​ឈ្នះ​ក្រុម​គីរីវង់សុខ​សែន​ជ័យ ៦​ទល់​១ តែ​ស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​១ បន្ត​ឈ្នះ​អគ្គីសនី​កម្ពុជា ១​ទល់​០ ហើយ​ឈ្នះ​វេស្ទើ​ន​ភ្នំពេញ ៣​ទល់​២ តែ​ស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ជើង​ទី​២ និង​ស្មើ​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ ១​ទល់​១ ជើង​ទី​២ បន្ត​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ៤​ទល់​០ ជើង​ទី​២ និង​ចុងក្រោយឈ្នះ​អាស៊ី​អឺរ៉ុប ៤​ទល់​០​។

​លោក​ Oriol Mohedano បាន​ចូល​កាត់​តំណែង​ជំនួស​លោក ​Kenichi Yatsuhashi ដែលជា​គ្រូបង្វឹកចាស់​របស់​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លាឈប់​មូលហេតុ​ផ្ទាល់ខ្លួន​ បន្ទាប់ពី​កាន់តំណែង​ពីខែកុម្ភៈ ​ដល់​ចុងខែ​មេសា​។ លោក​Oriol Mohedano បាន​បន្ត​លើកឡើងថា​ «​យើង​សង្ឃឹម​ថា អ្នកគាំទ្រ​នៅទីនេះ​បន្ត​ចូលរួម​លើកទឹកចិត្ត​យើង ហើយ​អ្នក​មិនទាន់​មក​អាចមាន​ឱកាស​នៅ​ប្រកួតបន្ទាប់ៗ យើង​នឹង​ប្រឹងប្រែង​លេង​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​»​។​

​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ពេលនេះឡើង​មកឈរ​ចំណាត់ថ្នាក់​លេខ​៦​ បណ្តោះអាសន្ន ក្នុងចំណោមក្លិប​ទាំង​១២ ជា​សមាជិក​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៥​លើក ឈ្នះ​តែ ​៦​លើក ហើយ​ធ្លាប់​ស្មើគ្នា​៧​លើក​ និង​ចាញ់​២​លើក មាន​២៥​ពិន្ទុ​ក្នុង​ដៃ​។ ៨ ​ប្រកួត​របស់លោក Oriol ដែលជាអតីត​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​មុនបាន​ជួយ​ក្រុម​ដែលមាន​ក្បាលម៉ាស៊ីនជា​ជនជាតិ​ជប៉ុន មួយ​ឈ្នះ​៥​លើក និង​ស្មើ​២​លើក​។

​សម្រាប់​ប្រកួត​បន្ទាប់​ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​ស៊ីម៉ាក់ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃអាទិត្យ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ ​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ក្នុងសប្ដាហ៍​ទី​១៦ ប្រចាំ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ ឆ្នាំ​២០១៧​។ លោក​Oriol Mohedano មាននាទី​ដឹកនាំ​កូនក្រុម​បន្ត​បង្កើន​កំណត់ត្រា​របស់ខ្លួន​ថែមទៀត ខណៈ​ក្រុម​ក៏​ត្រូវការ​ជ័យជម្នះ​ជាចាំបាច់​ឡើងឈរ​ក្នុង​ប្រអប់ Top4 ផងដែរ​។​

​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រនេះ​ បាន​ប្ដូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល ២០១៤ ខណៈ​ក្រុម​បាន​បង្កើត​នៅ​ចុងឆ្នាំ​២០១២​។ នៅ​រដូវ​កាល​ ២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប ពោល គឺអាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូន​ខេ​ម​បូ​ឌា​ន​លី​ក​ ២០១៥ កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684