ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ស្វែងរក​សាច់ញាតិ ជនរងគ្រោះ​៣​នាក់​ ដែលបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ

​ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក​ ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ ​បាន​ឲ្យ​ដឹងថា ​នគរបាល​កំពុង​ប្រកាស​ស្វែងរក​សាច់ញាតិ​យុវជន​៣​នាក់​ ដែលបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ កាលពី​យប់​រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៣ ​ខែកញ្ញា ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​២​នាក់​។

​លោក ​ម៉ៅ សាវឿន​ បាន​បន្តថា ​នៅ​យប់​ថ្ងៃកើតហេតុ ​ជនរងគ្រោះ​ទាំង​៣​នាក់​ បាន​ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក ​ZoometX​ ​ពាក់​ស្លាក​លេខ​ តាកែវ ​1N9537​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ​លុះ​មកដល់​លើ​ស្ពាន​ត្រង់ចំណុច​ផ្លូវ​កោង​ ពួកគេ​បត់​ទៅ​ស្ទឹងមានជ័យ​ ក៏ស្រាប់តែ​បុក​បង្កាន់ដៃស្ពាន​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់ ​និង​ពីរ​នាក់​ទៀត​អង្គុយក្រោយ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យកទៅព្យាបាល​ ចំណែក​សព​ត្រូវបាន​យកទៅ​តម្កល់​​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិមកទទួល​។

​លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ពុំមាន​បង្កឡើង​ដោយ​ភាគីណាមួយ​ទេ ​គឺ​ដោយសារតែ​អ្នក​ឌុប​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​មកដល់​ផ្លូវ​កោង​បត់​ចង្កូតមិន​ផុតក៏​បុក​នឹង​បង្កាន់ដៃស្ពាន ​បណ្តាល​ឲ្យ​ផ្លោង​មនុស្ស​ទៅបុក​បង្កាន់ដៃស្ពាន​ ​បាក់ក​ស្លាប់​ម្នាក់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។​ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ ត្រូវបាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ​រង់ចាំ​ឲ្យ​សាច់ញាតិ​មក​ទទួលយក​ទៅប្រើ​ប្រាស់វិញ​៕​​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684