ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច ស ខេង ៖ ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​ គឺដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ​ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាស​ន៍​ថា ការដាក់ចេញ​ឲ្យ​អនុវត្ត​នូវ​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ការបង្កើត​យន្តការច្រកចេញចូល​តែមួយ ​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​សមិទ្ធផល​ថ្មី​មួយបន្ថែមទៀត ​ក្នុងការ​អនុវត្ត​គោល​ល​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែង​របស់ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ ធ្វើឡើងនា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧នេះ នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិតបទដ្ឋានស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋនៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ផ្អែកលើ​លទ្ធផល​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នានា​របស់ការិយាល័យ ​ប្រជាពលរដ្ឋ​ដែល​បង្កើតឡើង​នៅតាម​ក្រុង ស្រុក ខណ្ឌ នាពេល​កន្លងមក​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​លទ្ធផល​វិជ្ជមាន​គួរ​ជាទី​មោទនៈ ដោយ​ការិយាល័យ​ទាំងពីរ​នេះ​ បាន​និងកំពុង​ប្រតិបត្តិ​ការផ្តល់សេវា​រដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ ស្របតាម​គោលការណ៍បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ ដោយ​បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែលមក​ទ​ទួល​សេវា និង​បានផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា ព្រមទាំង​បាន​ប្រមូលចំណូល​ចូល​ថវិកាជាតិ​ពី​ការផ្តល់សេវា​រដ្ឋបាល​ទាំងនេះ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ​។

​សម្តេច​ក្រឡាហោម ស ខេង បន្តថា ទន្ទឹមនេះ​ផងដែរ តាមរយៈ​ការវាយតម្លៃ​នានា ​រួមទាំងការវាយតម្លៃ​ផ្ទៃក្នុង និង​ការវាយតម្លៃ​ពី​ខាងក្រៅ​បានបង្ហាញ​ឲ្យ​ឃើញថា ការផ្តល់សេវារដ្ឋបាល​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ការទទួល និង​ការសម្រួលដោះស្រាយ​បណ្តឹងតវ៉ា​របស់​ប្រជាពលរដ្ឋ​ ជាមួយនឹង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាមរយៈការិយាល័យ ​ប្រជាពលរដ្ឋ​បានទទួល​ការពេញចិត្ត និង​ការជឿទុកចិត្ត​ពី​សំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នកពាក់ព័ន្ធ​នានា​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។

​សូមបញ្ជាក់ថា បន្ទាប់ពី​ការអនុវត្ត​សាកល្បង ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ ក្នុង​ឆ្នាំ ២០០៥ ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិ និង​មានការ​ចូលរួមចំណែក​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍នានា ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា រៀបចំ​បង្កើតជា​បន្តបន្ទាប់​នូវការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ក្រោម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គោលដៅ​មួយចំនួន ដើម្បី​ប្រមូលផ្តុំ​សេវា​រដ្ឋបាល​មួយចំនួន​នៅ​កន្លែង​តែមួយ តាមរយៈការធ្វើប្រតិភូកម្ម​មុខងារ​ ក្នុង​ការផ្តល់សេវា​រដ្ឋបាល​ចំនួន​ប្រមាណ​ជាង២០០ប្រភេទ​សេវា ពីក្រសួង ស្ថាប័ន​ចំនួន១០​។

រហូតមកដល់​ឆ្នាំ ២០១៧ នេះ ការិយាល័យ​ទាំងពីរ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ថ្នាក់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បាន​ចំនួន៤៦ នៃ​រាជធានីខេត្ត​ទាំង២៥ ដែល​ក្នុងនោះ​រួម​មាននៅ​រដ្ឋបាល​ក្រុង​ចំនួន ២៦ រដ្ឋបាល​ស្រុក ចំនួន៨ និង​រដ្ឋបាល​ខណ្ឌ​ចំនួន ១២ ស្មើ​នឹង ២៣​ភាគរយ នៃ​រដ្ឋបាល​ក្រុង ស្រុង ខណ្ឌ​ទូទាំងប្រទេស​កម្ពុជា ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684