ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Maduro នឹង​ទទួលយក​ការ​ចរចារ​ជាមួយ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា

ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​និយាយ​កាលពី​ថ្ងៃ​អង្គារថា​ លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ជួប​ជាមួយ​គណបក្សប្រឆាំង​សម្រាប់​ការចរចា ​ដែល​រៀបចំ​ដោយ​សាធារណរដ្ឋ​ដូ​មី​នី​ក​ និង​អតីត​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Jose Luis Rodriquez Zapatero ។​

លោក​ប្រធានាធិបតី​បាន​និយាយ​នៅក្នុង​អំឡុង​កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ថា “​លោក Zapatero និង​លោក​ប្រធានាធិបតី Danilo Medina បានដឹង​យ៉ាងច្បាស់​ថា ខ្ញុំ​ជា​អ្នកជំរុញ​ការសន្ទនា​នេះហើយ​ខ្ញុំ​ទទួលយក​ការជជែក​ពិភាក្សា​ថ្មី​នេះ​”​។​

គណបក្សប្រឆាំង​បានប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹងមាន​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​ដូ​មី​នី​កនៅ​ថ្ងៃ​ពុធ​នេះ​។​

គណបក្សប្រឆាំង Democratic Unity Roundtable បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្លួន​បានសម្រេច​ចិត្ត​បញ្ជូន​គណៈប្រតិភូ​មួយ​ដើម្បី​ទៅ​ជួប​ជាមួយ​លោក​ប្រធានាធិបតី Medina ដើម្បី​បង្ហាញ​ពី​គោលបំណង​នៃ​ការតស៊ូ​ប្រជាធិបតេយ្យ​ជាតិ​”​។​

វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​ជ្រាលជ្រៅ​របស់​ប្រទេស​វ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បង្ក​ឲ្យ​មាន​កង្វះ​ស្បៀងអាហារ​និង​ឱសថ ការបះបោរ​សម្លាប់​មនុ​ស្ស​និង​អំពាវនាវ​ឲ្យ​លោក Maduro ចុះចេញ​។​

ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​នៅឯ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បានធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១២៥​នាក់​ស្លាប់​ចាប់តាំងពី​ខែមេសា​មក​។​

មុននេះ រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Yves Le Drian បានលើកឡើង​ពី​លទ្ធភាព​នៃ​ការបន្ត​កិច្ចពិភាក្សា​ឡើងវិញ​នៅក្នុង​សាធារណរដ្ឋ​ដូ​មី​នី​ក​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ជំនួប​ជាមួយ​លោក Jorge Arreaza Montserrat ដែលជា​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​, លោក Le Drian បាន​ស្វាគមន៍​នូវ​អ្វីដែល​លោក​ហៅថា “​ដំណឹង​ល្អ​” ដែល​បង្ហាញ​ពី​ក្តី​សង្ឃឹមថា ទង្វើ​នេះ​នឹងធ្វើ​ឲ្យ​មាន​ភាពរហ័សរហួន​នៅក្នុង​កាយវិការ​ជាក់ស្តែង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684