ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ស្វាគមន៍​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ដែលមាន​រឿងអាស្រូវ​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មកកាន់​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ​ចំពេល​មាន​សំណួរ​អំពី​ការពាក់ព័ន្ធ​របស់​ភ្ញៀវ​របស់គាត់​នៅក្នុង​រឿងអាស្រូវ​អំពើពុករលួយ​។​

លោក Trump បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី Najib Razak នៅឯ​អគារ West Wing ដោយ​ការ​ចាប់ដៃ​និង​ការ​អរគុណ​យ៉ាង​កក់ក្តៅ​ហើយ​ជៀសវាង​ការរិះគន់​លើ​ការទទួល​បុរស​ម្នាក់នេះ​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ក្រសួងយុត្តិធម៌​អាមេរិក​។​

លោក Trump បាន​និយាយ​អំឡុង​ការបង្ហាញ​ខ្លួន​រួមគ្នា​នៅក្នុង​បន្ទប់​គណៈរដ្ឋមន្ត្រី​ថា “​ខ្ញុំ​ចង់​អរគុណ​អ្នក​ខ្លាំងណាស់​ចំពោះ​រាល់​ការវិនិយោគ​ដែល​អ្នក​បានធ្វើ​នៅក្នុង​សហរដ្ឋអាមេរិក​”​។​

លោក Trump ក៏បាន​សាទរ​ចំពោះ “​តួនាទី​ដ៏​សំខាន់​” របស់លោក Najib ក្នុងការ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​ជី​ហាដ​ដទៃទៀត​ផងដែរ​។ លោក​បាន​និយាយថា “​គាត់​មាន​ភាព​ខ្លាំងក្លា​ណាស់​លើ​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ជា​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​ពី​ទស្សនៈ​នោះ​។ នោះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​”​។​

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Najib ត្រូវបាន​គ្របដណ្តប់​ដោយ​សំណួរ​អំពី​ការចូលរួម​របស់គាត់​នៅក្នុង​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​របស់​ក្រសួងយុត្តិធម៌​អាមេរិក​។​

នាយករដ្ឋមន្ត្រី​ជើងចាស់​រូបនេះ​បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដែលថា ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យភាព 1Malaysia Development Berhad (1MDB) នៅក្នុង​កិច្ចព្រមព្រៀង​ក្រៅប្រទេស​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​មួយចំនួន​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។​

ទាំង​នាយករដ្ឋមន្ត្រី​និង​មូលនិធិ​នេះ​បាន​បដិសេធ​ការធ្វើ​ខុស​ប៉ុន្តែ​ក្រសួងយុត្តិធម៌​បានដាក់​បណ្តឹងរដ្ឋប្បវេណី​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​ចាប់ពី​អចលនទ្រព្យ​រហូតដល់​ស្នាដៃ​សិល្បៈ​ដែលមាន​តម្លៃ​ប្រហែល​១.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​

សេត​វិមាន​បាន​បដិសេធ​និយាយថា​តើ​លោក Trump នឹង​លើក​បញ្ហា​នេះដែរ​ឬក៏​អត់​។ លោក​បាន​បង្វែ​ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​លើ​ទំនាក់ទំនង​ជាមួយ​ដៃគូ​សំខាន់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​វិញ​៕ AFP

U.S. President Donald Trump meets with Malaysian Prime Minister Najib Razak (2nd R) in the Cabinet Room of the White House in Washington, U.S. September 12, 2017. REUTERS/Kevin Lamarque



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684