ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron និង​លោក Johnson ធ្វើដំណើរ​ទៅ​តំបន់​កា​រ៉ា​ប៊ី​ន​ ដែល​រងគ្រោះ​

ដោយសារ​ព្យុះ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​អង្គារ​ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​កា​រ៉ា​ប៊ី​ន​ដែល​រងគ្រោះ​ដោយសារ​ព្យុះ​ដោយ​ច្រានចោល​ការរិះគន់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ ​ខណៈ​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បាន​បង្កើន​ជំនួយ​ដល់​ដែនដី​កោះ​របស់​ពួកគេ​។​

យន្តហោះ​របស់លោក Macron បាន​ចុះចត​នៅ​កោះ Saint Martin ខណៈ​កំហឹង​បាន​កើន​ឡើងលើ​ការ​លួច​និង​ភាព​គ្មាន​ច្បាប់ទម្លាប់​នៅក្នុង​ទឹកដី​បារាំង​-​ហុល្លង់​មួយ​នេះ​បន្ទាប់ពី​ព្យុះ Irma។​

ថ្លែង​នៅ​តំបន់ Guadeloupe មុន​នេះ លោក​Macron បាន​និយាយ​ថា រដ្ឋាភិបាល​ បាន​ចាប់ផ្តើម​រៀបចំ​ការ​ដឹកជញ្ជូន​តា​ម​យន្តហោះ​ធំ​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​សង្គ្រាម​លោក​លើកទី​២​មក​ប៉ុន្មាន​ថ្ងៃ​មុនពេល​ព្យុះ Irma បាន​វាយប្រហារ​នៅ​ថ្ងៃ​ពុធ​។​

លោក​បាន​និយាយថា “​ឥឡូវនេះ មិនមែនជា​ពេលវេលា​សម្រាប់​ការ​ចម្រូងចម្រាស​ទេ​”​។ លោក​បាន​បន្ថែមថា “​ការវិលត្រឡប់​ទៅរក​ជីវិត​ធម្មតា​វិញ​គឺជា​អាទិភាព​ដាច់ខាត​”​។​

រដ្ឋាភិបាល​បារាំង អង់គ្លេស​និង​ហុល្លង់​បាន​ប្រឈម​នឹង​ការរិះគន់​ចំពោះ​ការបរាជ័យ​ក្នុងការ​ប្រមើលមើល​ពី​គ្រោះមហន្តរាយ​នេះ​។​

សម្រាប់​ដំណើរ​ទៅ Saint Martin, លោក Macron ត្រូវបាន​ចំអក​ដោយ​មនុស្ស​ដែល​កំពុង​រង់ចាំ​ការផ្គត់ផ្គង់​ជំនួយ​ឬ​សង្ឃឹមថានឹង​ទទួលបាន​ជើងហោះហើរ​សម្រាប់​ទៅ​ប្រទេស​បារាំង​ដើម្បី​គេចផុត​ពី​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​កោះ​នេះ​។​

ប៉ុន្តែ​លោក Macron បាន​និយាយថា “​អ្នក​រាល់គ្នា​ដែល​ចង់​ចាកចេញ​គឺអាច​ចាកចេញ​បាន​” ខណៈ​មន្ត្រី​បាន​និយាយថា ប្រជាពលរដ្ឋ​ប្រហែល​២,០០០​នាក់​ក្នុងចំណោម​៣៥,០០០​នាក់​នៅ​ផ្នែក​ខាង​បារាំង​របស់​កោះ Saint Martin គឺ​បាន​ចាកចេញ​រួចទៅហើយ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

ដោយឡែក លោក Johnson បាន​ទៅដល់​ទីក្រុង Bridgetown ដែលជា​រដ្ឋធានី​នៃ​កោះ Barbados កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក​បាន​ជួប​ជាមួយ​យោធា​ជិត​១,០០០​នាក់​ដែល​ត្រូវបាន​បញ្ជូន​ដើម្បី​ជំរុញ​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​និង​សន្តិសុខ​។​

គាត់​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ទៅកាន់​កោះ British Virgin និង Anguilla ផងដែរ​។​
​ស្តេច Willem-Alexander នៃ​ប្រទេស​ហូ​ឡង់​បាន​ទៅ​តំបន់​នេះ​រួចទៅហើយ​។​

កាកបាទក្រហម​ហូ​ឡង់​បាន​រៃអង្គាសប្រាក់​៣.២​លាន​អឺរ៉ូ (៣.៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​កោះ​ដែល​រង​ការបំផ្លិចបំផ្លាញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Alan Duncan បាន​និយាយថា អ្នកទោស​១០០​នាក់​បាន​រត់គេចខ្លួន​នៅ​កោះ British Virgin ក្នុងអំឡុងពេល​ព្យុះសង្ឃរា​នេះ​។​
​ចំនួន​អ្នកស្លាប់​ពី​ព្យុះ Irma គឺមាន​ជាង​៤០​នាក់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684