ព័ត៍មានទាន់​ហេតុការណ៏
Search

សមាជិកសភា​ហ្វីលីពីន​កាត់បន្ថយ​ថវិកា​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​មក​សល់​ត្រឹម​២០​ដុល្លារ​

អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា សមាជិកសភា​ហ្វីលីពីន​ បាន​បោះឆ្នោត​កាត់បន្ថយ​មូលនិធិ​ប្រចាំឆ្នាំ​សម្រាប់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ ​មក​សល់​ត្រឹមតែ​២០​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការស៊ើបអង្កេត​របស់ខ្លួន​ ចូលក្នុង​សង្គ្រាម​គ្រឿងញៀន​ដ៏​ឃោរឃៅ​របស់​លោក​ប្រធានាធិបតី Rodrigo Duterte។​

សកម្មភាព​របស់​សភា​នេះ​គឺជា​ផ្នែក​ចុងក្រោយ​បំផុត​នៃ​អ្វីដែល​ក្រុម​អ្នក​រិះគន់​និយាយថា​គឺជា យុទ្ធនាការ​មួយ​របស់លោក Duterte និង​សម្ព័ន្ធមិត្ត​របស់គាត់​ដើម្បី​បំបិទមាត់​ការប្រឆាំង​ទៅនឹង​ការបង្ក្រាប​ដែល​បានសម្លាប់​ជីវិត​មនុស្ស​រាប់ពាន់នាក់​ហើយ​បាន​នាំ​ឲ្យ​ក្រុម​សិទ្ធិមនុស្ស​ព្រមាន​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

សភា​បាន​កាត់បន្ថយ​ថវិកា​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស​មក​សល់​ត្រឹម​១,០០០​ប៉េ​សូ (​ប្រហែល​២០​ដុល្លារ​អាមេរិក​) ពី​ច្បាប់​ថវិកាជាតិ​ដែលមាន​៣.៨​ពាន់​ពាន់​លាន​ប៉េ​សូ​ដែល​វា​បានអនុម័ត​ជា​លើក​ទី​២​កាលពី​ថ្ងៃ​អង្គារ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ព្រឹទ្ធសមាជិក Francis Pangilinan មេដឹកនាំ​នៃ​គណបក្ស​សេរីនិយម​ដែលជា​គណបក្សប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ថា “​រឿងនេះ​បាន​នាំ​យើង​ឆ្ពោះទៅរក​ផ្លូវ​នៃ​របប​ផ្តាច់ការ​”​។​

គណៈកម្មការ​នេះ​គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​រដ្ឋាភិបាល​ឯករាជ្យ​ជាច្រើន​ដែល​បង្កើតឡើង​ដោយ​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ដើម្បី​ពិនិត្យមើល​អំណាច​នៃ​នាយកដ្ឋាន​ប្រតិបត្តិ​ដែល​គ្រប់គ្រង​ប៉ូលិស​និង​កងកម្លាំង​យោធា​របស់​ប្រទេស​។​

ស្ថាប័ន​មួយ​នេះ​កំពុង​ស៊ើបអង្កេត​ការស្លាប់​មួយចំនួន​ក្នុងចំណោម​ជនសង្ស័យ​គ្រឿងញៀន​ជាង​៣,៨០០​នាក់​ដែល​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្សេងទៀត​។​

ការបង្ក្រាប​គ្រឿងញៀន​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ធំ​ឡើងខណៈ​មនុស្ស​រាប់ពាន់នាក់​ទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​ដែល​មិនអាច​ពន្យល់បាន​។ ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​ថា​បាន​បង្កើត​ក្រុម​សម្លាប់​មនុស្ស​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684