ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ដាក់​គម្រោង​បង្កើត​ពានរង្វាន់​លី​គ​យុវជន​ និង​លី​ក​បាល់ទាត់​នារី នៅ​ចុងឆ្នាំ​២០១៧​នេះ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ដាក់​គម្រោង​ត្រៀម​បង្កើត​ពានរង្វាន់​បាល់ទាត់​កម្រិត​លីក​យុវជន​និង​លីក​សម្រាប់​បាល់ទាត់​នារី នៅ​ចុងឆ្នាំ​២០១៧ នេះ​ខណៈ​សហព័ន្ធ​បាន​បង្កើត​សាលា​បាល់ទាត់​នៅ​តាម​បណ្តា​ខេត្ត​ជា​បណ្តើៗ​ហើយ ដើម្បី​ពង្រឹង​យុវជន​ថ្នាល​ស្វែងរក​កីឡាករ​ល្អៗ​ត្រៀម​ទទួល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​ខាងមុខ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា «​គម្រោង​របស់​សហព័ន្ធ​គឺ​បង្កើត​លី​ក​យុវជន​កម្រិត​អាយុ​១៤ យុវជន​កម្រិត​អាយុ​១៦​ឆ្នាំ​ និង ​បាល់ទាត់​នារី ហើយ​ចំណាយ​ទាំងអស់​បូក​ទាំង​ធនធាន​គ្រូ​បង្វឹក និង​បច្ចេកទេស​គឺ​សហព័ន្ធ​ជា​អ្នក​រ៉ាប់​រង់​។ ការប្រកួត​នេះ​គឺ​យើង​ធ្វើ​បែប​ក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ (Home/Away) ដែល​ប្រកួត​រយៈពេល​យូរ ដូច្នេះ​ម្ចាស់ផ្ទះ​តាម​បណ្តា​ខេត្ត​នីមួយៗ​គាត់​ចំណេញ​ទាំង​ពង្រឹង​កីឡាករ របៀប​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ និង​ទទួលបាន​ការគាំទ្រ​»​។

លោក​លើក​ឡើង​ថា ​សហព័ន្ធ​ធ្លាប់​បាន​ជូនដំណឹង​ទៅកាន់​ក្រុម​នីមួយៗ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ទាំង​២៥​ខេត្ត​ក្រុង​និង​ក្លិប​ជា​សមាជិក​លីក​ទី​២ និង​កំពូល​កម្ពុជា​អស់ហើយ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ថ្មី​ទាំង​៣​កម្រិត​នេះ​ដោយ​កម្រិត​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ត្រៀម​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែតុលា ដល់​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ប្រព័ន្ធ​ប្រកួត​បែប​ធ្វើ​ម្ចាស់ផ្ទះ​ទៅ​/​មក តាម​តំបន់​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ពាន​នេះ​កម្រិត​យក​កីឡាករ​ដែល​កើត​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០០៣។

លោក​បន្ត​ថា ​ចំណែក​ពានរង្វាន់​យុវជន​កម្រិត​អាយុ​១៤​ឆ្នាំ​វិញ​ ក៏​ត្រៀម​រៀបចំ​ចាប់ពី​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែរ​ហើយ​ប្រព័ន្ធ​ប្រកួត​បែប​ធ្វើ​ម្ចាស់ផ្ទះ​ទៅ​/​មក តាម​តំបន់​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ក្នុង​ពានរង្វាន់​នេះ​បាន​ គឺ​ត្រូវតែ​កើត​ចន្លោះ​ឆ្នាំ២០០៣ ដល់​២០០៥​។ ចំពោះ​ពានរង្វាន់​បាល់ទាត់​នារី​វិញ​ក៏​គ្រោង​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែរ តែ​ប្រព័ន្ធ​ប្រកួត​គឺ​ធ្វើ​ឡើង​បែប​ម្ចាស់ផ្ទះ​ទៅមក ចំនួន​២​ជុំ​។ ខុសពី​ពានរង្វាន់​២​ខាង​លើ​កីឡាការិនី នៅ​ក្នុង​ពានរង្វាន់​នេះ​គឺ​មិន​កំណត់​អាយុ​នោះ​ទេ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កំពុងតែ​ដំណើរការ​ពានរង្វាន់​ចំនួន​៣​សំខាន់ៗ ប្រកួត​យ៉ាង​ស្វិតស្វាញ​ដោយ​ក្នុង​នោះ​មាន​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) មាន​សមាជិក​១២​ក្រុម ពានរង្វាន់​លីក​លំដាប់​ទី​២ (Cambodian League II) មាន​សមាជិក​៩​ក្រុម និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) មាន​សមាជិក​ជាច្រើន​ក្រុម​ប្រកួត​ជម្រុះ​ជាច្រើន​ដំណាក់កាល​មុន​រក​ឃើញ​ក្រុម​ជើងឯក​ប្រចាំ​ឆ្នាំ​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684